ភ្នំពេញ៖ អនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងបរិស្ថាននឹងសហព័ន្ធស្រូវ អង្ករកម្ពុជាស្តីពីការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន”ត្រូវបានចុះហត្ថលេខានៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៦ នៅទីស្ដីការក្រសួងបរិស្ថានដោយលោក សាយ សំអាល់ រដ្ឋ មន្រ្តីក្រសួងបរិស្ថាននិងលោក សុខ ពុទ្ធីវុធ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា។
ការចុះអនុស្សរណៈនៃការយោគយល់ នេះ ដើម្បីបង្ហាញពី(១). ការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការនាំអង្ករចេញឲ្យបាន១លានតោនក្នុង មួយឆ្នាំ (២). ជំរុញលើកទឹកចិត្តនិងការគិតគូរខ្ពស់ដល់កសិករសហគ្រិននិងវិនិយោគិនក្នុងការផលិតអង្ករសម្រាប់ការនាំចេញទៅក្រៅប្រទេស (៣). បង្កើនគុណភាពអង្ករនៅកម្ពុជាដែលគ្មានសារជាតិគីមីនិងមានការជឿជាក់ពីអតិថិជន និង (៤). ធានាការចូលរួមអភិវឌ្ឍន៍រោងម៉ាសីុនកិនស្រូវនិងកែច្នៃអង្ករប្រកបដោយនិរន្តរភាពបរិស្ថាន។
គួរបញ្ជាក់ថាមូលដ្ឋានកិនស្រូវនិងគ្រាប់ធញ្ញជាតិជាប្រភេទគម្រោងមួយដែលតម្រូវឱ្យរៀបចំរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន។
លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួង បរិស្ថានបានមានប្រសាសន៍ថា ក្រសួងបរិស្ថានយល់ឃើញថាដើម្បីលើកទឹកចិត្ត ដល់កសិករ និងជួយកាត់បន្ថយភាពក្រីក្រ ព្រមជាមួយការទាក់ទាញវិនិយោគិនក្នុងស្រុកនៅក្រៅស្រុកឱ្យវិនិយោគបានកាន់តែច្រើនទៅលើគម្រោងបង្កើតម៉ាសីុនកិនស្រូវនិងកែច្នៃអង្ករហើយជាពិសេសដោយពិនិត្យឃើញថា ប្រភេទគម្រោងទាំងនេះមាន ទំហំប៉ះពាល់បរិស្ថាននិងសង្គមតិចតួច ។ ដូច្នេះក្រសួងបរិស្ថានសម្រេចឱ្យប្រភេទ គម្រោងបង្កើតរោងម៉ាស៊ីនកិនស្រូវ និងកែច្នៃអង្ករធ្វើត្រឹមកិច្ចសន្យាការពារបរិស្ថានដោយតម្រូវឲ្យមានផែនការគ្រប់គ្រងបរិស្ថានរបស់ខ្លួនជាក់លាក់៕
ដោយ៖ សហការី