ខេត្តព្រះសីហនុ៖ មនុស្សយ៉ាងតិច៤នាក់បានរងរបួស នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍កាលពីវេលាម៉ោង១៣ និង៣០នាទី ថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
សមត្ថកិច្ចបានឲ្យដឹងថា ករណីនេះបានកើតឡើងនៅលើដងផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ១៨៦ -១៨៧ ភូមិត្រពាំងស្អុយ១ ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ។
ប្រភពបញ្ជាក់ថា ម៉ូតូ១គ្រឿង ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ ១D ៧៤៣៩ ទិសដៅពីត្បូងទៅជើង អ្នកបើកបរឈ្មោះ សុខ អឿន ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរកសិករ មានទីលំនៅចំណុចកើតហេតុ មកដល់ចំណុចកើតហេតុខាងលើម៉ូតូ បម្រុងនឹងបត់ឆ្វេង ខណៈនោះ ក៏មានម៉ូតូមួយគ្រឿងទៀត ម៉ាកស៊ុយស៊ុយគី ស្មាស់ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ 1E-3904 អ្នកបើកបរឈ្មោះសេង ចាត ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិ-ឃុំ-ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បើកបរស្រប ទិសពីក្រោយ បុកម៉ូតូហុងដាសេ ១២៥ ។
សមត្ថកិច្ចឲ្យដឹងថា ករណីនេះ បណ្តាលឲ្យ ឈ្មោះសុខ អឿន រងរបួសស្រាល, ឈ្មោះគឹម សាន់ ភេទប្រុស អាយុ៦០ឆ្នាំ ទីលំនៅភូមិចាំយាមឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ជាអ្នករួមដំណើរពីក្រោយម៉ូតូហុងដាសេ ១២៥ រងរបួសធ្ងន់, ឈ្មោះព្រំ សារ៉ាន់ ភេទ ស្រីអាយុ៦៣ឆ្នាំ ទីលំនៅចំណុចកើតហេតុ ជារួមដំណើរពីក្រោយម៉ូតូហុងដាសេ១២៥ រងរបួសធ្ងន់ និងឈ្មោះសេង ចាត អ្នកបើកបរម៉ូតូ ស្មាស់ រងរបួសធ្ងន់ ។
បច្ចប្បន្នអ្នករបួសកំពុងសំរាកព្យាបាលនៅគ្លីនិកឯកជនវាលរេញ ។ រីឯវត្ថុតាង ក្រោយពីវាស់វែងកន្លែងកើតហេតុ សមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ដើម្បីដោះស្រាយបន្តតាមច្បាប់ ៕
ដោយ៖ ឆ្លាម សមុទ្រ