ភ្នំពេញ៖ ខ្សែភាពយន្តខ្នាតធំរឿង ”សង្គ្រាមបងប្អូន” ដែលសហការផលិតដោយទូរទស្សន៍ CTN និងបណ្តាញផ្សព្វផ្សាយ GMA7 របស់ប្រទេសហ្វីលីពីនបានប្រកាសសម្ពោធដាក់បញ្ចាំង កាលពីថ្ងៃទី៧ ខែសីហានេះ នៅរោងភាពយន្ត Legend ផ្សារទំនើប TK Avenue ជាមួយនឹងវត្តមានតារាសម្តែងជាតិនិងអន្តរជាតិជាច្រើន។ ខ្សែភាពយន្តនេះចាប់បញ្ចាំងនៅកម្ពុជាគ្រប់រោងភាពយន្តពីថ្ងៃទី៩សីហានេះមុនពេលចាក់បញ្ចាំងនៅរោងភាពយន្តនៅប្រទេសហ្វីលីពីន និងប្រទេសជាច្រើនទៀត ។
តារាសម្តែងខ្មែរសំខាន់ៗនៅក្នុងរឿង “សង្គ្រាមបងប្អូន” មានលោក ខាត់ វ៉ៃហាំង កញ្ញា ថន ស្រីណៃ លោកទេពរិន្ទដារ៉ូ រីឯតារាសម្តែងល្បីឈ្មោះមកពីហ្វីលីពីនដែលបាន ចូលរួម សម្តែងក្នុងរឿងនេះ មានលោក Mikael Daez និង កញ្ញា Andrea Torres បានចូលរួមពិធីសម្ពោធ ដាក់បញ្ចាំងនេះ ដោយអមជាមួយនឹងការធ្វើដំណើរលើកម្រាលព្រំពណ៌ក្រហម អមដោយរថយន្តទំនើបៗ ដែលបង្កើតឲ្យមានការចាប់អារម្មណ៍ខ្លាំង ។
ខ្សែភាពយន្តនេះ ដឹកនាំសម្តែងដោយ លោក Ken Simpson ជនជាតិកាណាដា និងផលិតដោយផលិតកម្មភូមិពេជ្រភាពយន្ត ។ លោក ដើង ពុទ្ធពណ៌ ចាងហ្វាងផលិតកម្មភូមិពេជ្រភាពយន្តបានបញ្ជាក់ថា “សង្គ្រាមបងប្អូន” បានបង្កើតឲ្យមានការចាប់អារម្មណ៍ថ្មីសម្រាប់អ្នកទស្សនា ព្រោះតែសាច់រឿងថ្មីប្លែក មិនធ្លាប់មាន រួមទាំងបច្ចេកទេសផលិតខ្ពស់ និងតារាសម្តែងនៃប្រទេសហ្វីលីពីន និងកម្ពុជាបានចូលរួមសម្តែងជាមួយគ្នា ។
លោកថា ក្រោយ ពីដាក់បញ្ចាំងនៅកម្ពុជារយៈពេល១៥ថ្ងៃ ខ្សែភាពយន្តនេះ នឹងនាំយក ទៅបញ្ចាំងនៅរោងភាពយន្តប្រទេសហ្វីលីពីន និងប្រទេសមួយចំនួនទៀតដែលបណ្តាញផ្សព្វផ្សាយGMA7 របស់ប្រទេសហ្វីលីពីនបានសហការជាមួយ ។ លោកថា វាគឺជាក្តីស្រមៃរបស់លោកនិងសិល្បករដទៃទៀតដែលចង់ឃើញវត្តមានខ្សែភាពយន្តខ្មែរ និងទិដ្ឋភាពនៃប្រទេសកម្ពុជាត្រូវបានផ្សព្វផ្សាយចេញទៅបរទេស ។
លោកបញ្ជាក់ថា ខ្សែភាពយន្តនេះបានបង្ហាញពីការប្រយុទ្ធគ្នា រវាងបងប្អូន ពីររូបដែលមានឪពុកតែមួយ ម្តាយផ្សេងគ្នា មានការប៉ះទង្គិចគ្នារវាងស្នេហា និងការប្រយុទ្ធរបស់អ្នកទាំងពីរ ។ ពិសេសរឿងនេះ បានបង្ហាញពីសិល្បៈនៃការប្រយុទ្ធ ក្បាច់គុណល្បុកតោខ្មែរផងដែរ ។
លោក រំពឹងថា ខ្សែភាពយន្តដែលសហការផលិតជាទ្រង់ទ្រាយធំ ខ្នាតអន្តរជាតិនេះ នឹងទទួលបានការគាំទ្រច្រើនពីទស្សនិកជន ទាំងក្នុង នឹងក្រៅស្រុក ។ ប្រធាន នាយកដ្ឋានភាពយន្ត និងផ្សព្វផ្សាយវប្បធម៌នៃក្រសួងវប្បធម៌និ ងវិចិត្រសិល្បៈ លោក ស៊ិន ច័ន្ទសាយ៉ា បានបញ្ជាក់ថា វាគឺជាមោទនភាពថ្មីមួយទៀតសម្រាប់កម្ពុជាដែលមានខ្សែភាពយន្តសហការផលិតរវាងកម្ពុជា នឹងបរទេសត្រូវបាននាំចេញទៅដាក់បញ្ចាំងនៅបរទេស ។
លោកថា ក្រៅពីបង្ហាញទិដ្ឋភាពភាពទេសភាពនៅកម្ពុជា ខ្សែភាពយន្តនេះនឹងចូល រួមចំណែកផ្លាស់ប្តូរបទពិសោធន៍រវាងផលិតករ សិល្បករកម្ពុជា និងបរទេសផងដែរ ។
លោកទេព រិន្ទ ដារ៉ូដែលជាតួអង្គសំខាន់ក្នុងខ្សែភាពយន្តនេះបានបញ្ជាក់ថា លោករីករាយ ដែលខ្សែភាពយន្តសហការផលិតរវាងកម្ពុជា និងហ្វីលីពីន បានសម្រេចជាផ្លែផ្កាជាមួយនឹងគុណភាពខ្ពស់ ។ លោកបញ្ជាក់ដែរថា ការសម្តែង ជាមួយនឹងអ្នកដឹកនាំរឿងជនជាតិកាណាដានេះបានផ្តល់ឲ្យលោកនូវសមិទ្ធផលមួយធំថ្មីបន្ថែម ទៀតសម្រាប់រូបលោក ។
លោក Mikael Daez និង កញ្ញា Andrea Torres បានថ្លែងដូចគ្នាអំពីបទពិសោធន៍ថ្មីដ៏ល្អសម្រាប់ការសម្តែងរួមជាមួយសិល្បករកម្ពុជា ហើយលោកបានថ្លែងអំណរគុណចំពោះអ្នកគាំទ្រពួកគេនៅកម្ពុជា ហើយពួកគេរំពឹងថា នឹងមានកិច្ចសហការថតខ្សែភាពយន្តថ្មីបន្តទៀត បន្ទាប់ពីខ្សែភាពយន្តនេះ ៕
ដោយ៖ វឌ្ឍនា