ក្នុងរបាយការណ៍មួយបានបង្ហាញឲ្យឃើញថា នៅក្នុងសង្គ្រាមប្រឆាំងគ្រឿងញៀនរបស់ប្រធានាធិបតីហ្វុីលីពីនក្នុង រយៈដែលលោកកាន់អំណាច១០០ថ្ងៃគឺបានសម្លាប់មនុស្សដល់ទៅជាង៣.៧០០នាក់។
ប្រធានាធិបតីហ្វុីលីពីនត្រូវបានគេផ្តល់រហស្សនាមថា «អ្នកដាក់ទោស» កំពុងតែទទួលរងការរិះគន់យ៉ាងខ្លាំងពីមជ្ឈដ្ឋានជុំវិញ ពិភពលោកនៅក្នុងសង្គ្រាមប្រឆាំងគ្រឿងញៀនដែលបានសម្លាប់មនុស្សក្រៅប្រព័ន្ធតុលាការរហូតដល់ទៅជាង៣.៧០០នាក់ ក្នុងរយៈពេលតែ១០០ថ្ងៃប៉ុណ្ណោះ។
លោក ឌុយទែរតេ បានសន្យាថា នឹងបោះសម្អាតគ្រឿងញៀនឲ្យអស់ទាំងស្រុងនៅក្នុងប្រទេសរបស់លោកពេលដែលលោកឃោសនាបោះឆ្នោតប្រធានាធិបតី។ សកម្មភាពទាំងនោះបានបញ្ជាក់ថា លោកបានអនុវត្តនូវការសន្យារបស់ខ្លួនជាមួយប្រជាពលរដ្ឋ។ តាមតួលេខក្នុងមួយថ្ងៃមាន មនុស្សស្លាប់៣៦នាក់ពាក់ព័ន្ធនឹងគ្រឿងញៀននៅហ្វុីលីពីន។
យុទ្ធនាការប្រឆាំងគ្រឿងញៀនរបស់លោក ឌុយទែរតេ ក្រោយពេលដែលលោក ដឹងថា នៅក្នុងប្រទេសរបស់លោកមាន ពលរដ្ឋរហូតដល់ទៅ៣,៧លាននាក់កំពុងតែញៀនគ្រឿងញៀន។ លោកក៏បានអំពាវ នាវដល់ពលរដ្ឋរបស់ខ្លួនដែលមានអាវុធសម្លាប់អ្នកប្រើប្រាស់និងជួញដូរដោយមិនមានទោសអ្វីឡើយ។
បើទោះបីមានការរិះគន់យ៉ាងខ្លាំងពី មជ្ឈដ្ឋានជុំវិញពិភពលោកទៅលើសង្គ្រាមប្រឆាំងគ្រឿងញៀន ប៉ុន្តែនៅក្នុងប្រទេស វិញត្រូវបានគាំទ្រយ៉ាងខ្លាំងពីប្រជាពល រដ្ឋ។
សារព័ត៌មាន Philstar របស់ហ្វុីលីពីនបានដកស្រង់ការស្ទង់មតិរបស់បណ្តាញ social Weather Stations មកបញ្ជាក់ថា នៅក្នុងរយៈពេល១០០ថ្ងៃនៃការកាន់ អំណាចចាប់ពីថ្ងៃទី៣០ ខែមិថុនាដល់ថ្ងៃទី ៨ ខែតុលា គឺមានពលរដ្ឋរហូតដល់ទៅ ៧៦ភាគរយគាំទ្រលោក និង១១ភាគរយ ប្រឆាំង ហើយ១៣ភាគរយទៀតមិនបញ្ចេញ មតិ។
ជាមួយនឹងការពេញចិត្តនោះលោក ឌុយទែរតេ មានមោទនភាពយ៉ាងខ្លាំងក្នុង រយៈពេលដំបូងនៃការកាន់អំណាចរបស់លោកដោយចាត់ទុកថា នេះជាជោគជ័យ យ៉ាងធំធេងបំផុត។ ចំនួនពលរដ្ឋគាំទ្រ លោកច្រើនបំផុតបន្ទាប់ពីប្រធានាធិបតី Fidel Ramos កាលពីឆ្នាំ១៩៩២៕
ប្រែសម្រួល៖ ម៉ែវ សាធី