ខេត្តព្រះសីហនុ៖ ក្រុមប្រជាពលរដ្ឋជាច្រើនគ្រួសារដែលកំពុងរស់នៅក្នុងក្រុមទី៣ ភូមិ២សង្កាត់លេខ៤ ក្រុងព្រះសីហនុ(ក្រោយផ្សារលើក្រុងព្រះសីហនុ)បាន ស្នើឲ្យមន្ត្រីពាក់ព័ន្ឋ ជាពិសេសសាលាក្រុងព្រះសីហនុជួយសម្រួលចាត់វិធានការតាមផ្លូវច្បាប់ទៅលើសំណង់មួយកន្លែងដែល កំពុងសាងសង់នៅលើផ្លូវសាធារណៈបង្កការព្រួយបារម្ភខណៈមានអគ្គិភ័យជាយថា ហេតុ ។
ក្រុមប្រជាពលរដ្ឋលោក ឡេង យូអីុ អ៊ូចិន្តា ប៊ុហុក និង នាក់ជៀវ តំណាងឲ្យ ប្រជាពលរដ្ឋច្រើនគ្រួសារបានស្នើយ៉ាង ទទួចដល់ស្ថាប័នពាក់ព័ន្ធ ជាពិសេសលោក អភិបាលក្រុង អីុសុខឡេង សូមមេត្តាចាត់ វិធានការតាមផ្លូវច្បាប់ ដើម្បីបើកផ្លូវកន្លែង(កំពុងធ្វើអាជីវកម្ម)ដែលមានទីតាំងស្ថិតនៅក្នុងក្រុមទី៣ភូមិ២សង្កាត់លេខ៤ក្រុងព្រះសីហនុ ដែលបានសាងសង់រំលោភ លើផ្លូវសាធារណៈផលប៉ះពាល់ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋដែលកំពុងរស់នៅខាងក្នុង ។
យោងតាមប្រភពដដែលបានបន្តទៀតថាឈ្មោះហេង លួន និងប្រពន្ឋឈ្មោះ គៀត ចាន់បានសង់តូបលក់ទឹកកកលើ ផ្លូវសាធារណៈ បើទោះបីជាប្រជាពលរដ្ឋ រស់នៅខាងក្នុងសម្របសម្រួល ពិសេស អាជ្ញាធរដែនដី ថ្នាក់សង្កាត់និងក្រុមការងារ ជំនាញចុះមកណែនាំ ក៏ក្រុមគ្រួសារនោះ ពុំស្តាប់ដែរ ទើបពួកគាត់សម្រេចដាក់ពាក្យបណ្តឹងសាជាថ្មីទៀតទៅស្ថាប័នពាក់ព័ន្ឋ ឲ្យជួយដោះស្រាយដល់ពួកគាត់ ។
លោក ឈុន ជ្រា ជាសមាជិកគណៈមេធាវីតំណាងឲ្យក្រុមប្រជាពលរដ្ឋខាងលើបានគូសបញ្ជាក់ថា ការសាងសង់តូបទឹកកកនេះវាពិតជាខុសច្បាប់ភូមិបាលដែលបានកំណត់ មិនត្រឹមតែប៉ុណ្ណោះវាបានរំលោភសិទ្ឋិរស់នៅរបស់អ្នកដទៃ ។ លោកបន្តថា ខណៈរដូវរំហើយជិតមកដល់ដើម្បីអនុវត្តន៍សិទ្ឋិបុគ្គលក្នុងការធ្វើដំណើរបញ្ចៀសបាននូវហានិភ័យផ្សេងៗដូចជាអគ្គីភ័យជាដើមនោះអាជ្ញាធរមិនគួរបណ្តែតបណ្តោយឲ្យ បុគ្គលមួយគ្រួសារធ្វើអំពើខុសច្បាប់តទៅទៀតបាននោះទេ ។ គួរតែដោះស្រាយបញ្ហានេះឲ្យបានឆាប់ព្រោះខាងមន្ត្រីជំនាញបានបញ្ជាក់រួចហើយថាទីតាំងតូបទឹកកកនេះស្ថិតនៅផ្លូវសាធារណៈ ។
លោក លី វណ្ណដា អភិបាលរងក្រុងព្រះសីហនុទទួលបន្ទុកសំណង់បានអះអាងថា ចំពោះពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ លោកបានទទួលរួចហើយ ប៉ុន្តែលោកពុំទាន់បានចុះពិនិត្យនោះទេ ។ លោកពុំទាន់ដឹងថា វាមានផលប៉ះពាល់ប៉ុន្មាននោះដែរ រង់ចាំ លោកចុះពិនិត្យជាមុនសិនទើបដឹង ៕
ដោយ៖ ឆ្លាមសមុទ្រ