ភ្នំពេញ៖ បែបបទនៃការស្លៀកពាក់បែបលេចលើស្ទើរក្រោមរបស់សិល្បករមួយចំនួននៅមិនទាន់កាត់បន្ថយនៅឡើយបើទោះបីជាថ្មីៗនេះក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានស្នើឲ្យពួកគេគោរពនូវក្រមសីលធម៌ជាតារាខ្មែរក៏ដោយ។ មន្ត្រីជាន់ខ្ពស់នៃក្រសួងនេះបានចាត់ទុកការបន្តចំហរល្វែងលើបង្អួតដើមទ្រូងជាថ្មីរបស់សិល្បករខ្លះគឺជាការផ្គើនទៅនឹងសម្តីរបស់មន្ត្រីក្រសួង។
ការលើកឡើងរបស់មន្ត្រីក្រសួងវប្បធម៌នេះត្រូវបានលេចចេញឡើងក្រោយពីសិល្បករមួយចំនួនបានព្យាយាមបញ្ចេញរូបថត និងស្លៀកពាក់បែបសិចស៊ីចូលរួមក្នុងពិធីជាហូរហែ។ ក្នុងនោះមានដូចជាកញ្ញា ដេនី ក្វាន់ កញ្ញា សុខ មុនីពិសី និងតារាភេទទី៣នាងស្រីពៅ មុខឈើជាដើម។
ថ្លែងលើកតាមបណ្តាញទំនាក់ទំនងសង្គមថ្ងៃទី១១ខែតុលាឆ្នាំ២០១៦នេះលោក ថៃ នរៈសត្យា រដ្ឋលេខាធិការ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប:លើកឡើងថា”ចរន្តនៃការប្រកួតដើមទ្រូង ហាក់ដូចជាបានផ្គើនទៅនឹងការបរិយាយរបស់ខ្ញុំកាលពីសប្ហាហ៍កន្លងទៅ ដោយគេឃើញមានការបង្ហោះរូបអួតសម្ញែងប៉ុន្មានសន្លឹកទៀតពីអ្នកសិល្បៈដែលមានកេរ្តិ៍ឈ្មោះដក់ជាប់ក្នុងអារម្មណ៍មហាជនយើងនៅឡើយ”។ លោករដ្ឋលេខាធិកាបន្តថា”ដូចខ្ញុំបាននិយាយរួចមកហើយថា វប្បធម៌ អរិយធម៌ សិល្បៈនិងប្រពៃណីដ៏ល្អផូរផង់របស់ខ្មែរមិនអាចស្រអ័ព្ទ ដោយសារតែការស្លៀកពាក់សិចស៊ី ឬការដោះសំពត់ ខោអាវចេញ របស់បុគ្គលណាម្នាក់ឬប៉ុន្មានអ្នកឡើយ តែបើវាស្រអ័ព្ទ ឬអន់ ត្រូវគេទិចទៀនកែលម្អ ឬអាចត្រូវគេជេប្រមាថ នោះគឺបុគ្គលនោះៗទេ ដែលជាអ្នកទទួលដោយផ្ទាល់នោះ !”។ លោកថា” ដោយ សារតែមហាជនតែងប្រើវោហារស័ព្វ ឌឺដងស្តីបន្ទោសដល់ក្រសួងវប្បធម៌ជានិច្ចថា ( អត់បានការ មិនយកចិត្តទុកដាក់ បណ្តែតបណ្តោយ ដេកលក់ អសកម្មដោយមិនបើកភ្នែកមើលការបំផ្លាញវប្បធម៌ប្រពៃណីរបស់មនុស្សប៉ុន្មាននាក់ ) ទើបខ្ញុំចាំបាច់ត្រូវបង្ហាញចេតនាផ្លូវការនេះមួយទៀត។ លោកក៏សូមលំអោនកាយគោរពចំពោះបងប្អូនជនរួមជាតិ ទាំងក្នុងនិងក្រៅប្រទេសជាទីស្រឡាញ់ដ៏ជ្រាលជ្រៅថា” ខ្ញុំពុំមែនជាមនុស្សដែលចង្អៀតចង្អល់ មិនស្គាល់ស៊ីវិល័យភាព និងការរីកចម្រើនរបស់យុគសម័យនៃសកលភាវូបនីយកម្មនេះទេ ប៉ុន្តែគ្រាន់តែមានទស្សនៈមួយនិយមភាពសមហេតុសមផលប៉ុណ្ណោះ”។ មជ្ឈិមបដិបទា ការប្រតិបត្តិគ្រប់យ៉ាងដោយមិនពេក (extremely) នោះគឺជាសម្រស់ កិត្តិយស និងសេចក្តីថ្លៃថ្នូរ។
កាលពីអំឡុងចុងខែកញ្ញាឆ្នាំ២០១៦នេះក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបាន រៀបចំឲ្យមានកម្មវិធីសិក្ខាសាសាមតិបំពេញបន្ថែមលើសេចក្តីព្រាង”ក្រមសីលធម៌នៃអ្នកសិល្បៈ”ប្រយោជន៍ឲ្យ សិល្បករផលិតករដែលកំពុងធ្វើសកម្មភាពទាក់ទងនឹងវិស័យសិល្បៈ វប្បធម៌ដែលបានប្រព្រឹត្តិផ្ទុយនឹងក្រមសីលធម៌អ្នកសិល្បៈនឹងទទួលការពិន័យតាមរយៈការណែនាំ ស្តីបន្ទោស ព្រមានជាលាយលក្ខណ៍អក្សរផ្សព្វផ្សាយជាសាធារណៈ ឬផ្អាកមិនឲ្យធ្វើសកម្មភាពទាក់ទងនឹងវិស័យសិល្បៈមួយរយៈពេល។
ទោះជាយ៉ាងណាគេមិនទាន់ដឹងនៅឡើយទេថា ការបញ្ចេញរូបថតនិងបង្ហាញពីការស្លៀកពាក់របស់សិល្បករមួយចំនួនកាលពីថ្មីៗអាចនឹងធ្វើឲ្យក្រសួងចេញវិធានការបន្ទាន់ដើម្បីទប់ស្កាត់បញ្ហានេះយ៉ាងដូចម្តេចនៅឡើយ ខណៈដែលកន្លងទៅលោកស្រី ភឿង សកុណាបានបញ្ជាក់ថា ក្រសួងបានថ្លឹងថ្លែងអំពីសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិនិងក្របខណ្ឌសីលធម៌ព្រោះតែ វាពិបាកក្នុងការកំណត់ណាមួយដូចបន្ទាត់ឬជញ្ជាំងឲ្យជាក់លាក់។ លោកស្រីរដ្ឋមន្ត្រីក្រសួងវប្បធម៌ស្នើឲ្យសិល្បករផលិតករ ទាំងអស់គិតពីតម្លៃជាតិ កិត្តិយសសេចក្តីថ្លៃថ្នូ របស់ខ្លួន និងសង្គមជាតិជាជាងគិតតែពីប្រាក់តែមួយមុខ។
លោកស្រីរដ្ឋមន្ត្រីលើកឡើងថា ក្រសួងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការធ្វើវិធានណាមួយ ប៉ុន្តែក្រសួងមិនចង់ធ្វើបែបបះដៃយកដៃបះជើងយកជើងនោះទេ គឺក្រសួងមិនចង់ឲ្យសិល្បករផលិតករបោសសំរាមនៅលើថ្នល់ទេ គឺចង់ឲ្យពួកគាត់មានការភ្ញាក់រលឹកថា អ្វីដែលគួរធ្វើ អ្វីដែលមិនគួរធ្វើ៕
ដោយ៖ វឌ្ឍនា