ខេត្តព្រះវិហារ៖ កម្លាំងមន្ត្រីបរិស្ថានខេត្តព្រះវិហារបានចុះបង្ក្រាបរថយន្តដឹកឈើខុសច្បាប់ចំនួនបីគ្រឿងយកមករក្សាទុកនៅមន្ទីរបរិស្ថានបានចំនួន២គ្រឿង ហើយចុះទៅយកមួយគ្រឿងមកទៀតនៅព្រឹកនេះទើបធ្វើការវាស់វែងជាក្រោយ។
ការបង្ក្រាបបទល្មើសព្រៃឈើដែលក្រុមឈ្មួញដឹកខុសច្បាប់នោះបានកើតឡើងកាលពីវេលាម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦ នៅចំណុចដីព្រៃគ្រប់គ្រងដោយបរិស្ថានស្ថិតក្នុងភូមិសាស្រ្តដងផ្លិត ឃុំឆែបពីរ ស្រុកឆែប ខេត្តព្រះវិហារ។
លោកអ៊ា សុខា ប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារបានឲ្យដឹងថា លោកកំពុងតែដឹកនាំកម្លាំងចុះទៅយករថយន្តដឹកឈើខុសច្បាប់មួយគ្រឿងទៀតសិនដែលខូចនៅចំណុចបង្ក្រាបហើយខណៈពេលដែលលោកនិងមន្ត្រីយកមកដល់មន្ទីរបរិស្ថានទាំង៣គ្រឿង ហើយទើបបានធ្វើការវាស់វែងបានដឹងព័ត៌មានលំអិតតែពេលនេះលោកគ្រាន់តែជូនព័ត៌មានជាបឋមសិនទេ។លោកប្រធានមន្ទីរបានអោយដឹងៀតថាឈើដែលបង្ក្រាបបាននោះមានដូចជាឈើសុក្រមឈើផ្ចឹកជាឈើប្រភេទលេខ១។
លោកបានបញ្ជាក់ទៀតថា នៅយប់ថ្ងៃទី១០ខែតុលានេះផងដែរ កម្លាំងរបស់លោកឃាត់បានគោយន្តកន្ត្រៃដែលផ្ទុកឈើគ្រឿងផ្ទះលេខ២បានចំនួនមួយគ្រឿងផងដែរស្ថិតតាមបណ្តោយផ្លូវជាតិលេខ៩ នៅភូមិប្រមេរ ឃុំប្រមេរ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។
លោកអ៊ាសុខាប្រធានមន្ទីរបរិស្ថានបានសន្យាថា លោកនិងមន្ត្រីក្រោមឱវាតរបស់លោកនឹងបន្តបង្ក្រាបដូចភ្លៀងរលឹម។
ដោយ៖ តុលា ព្រះវិហារ