ភ្នំពេញ៖ បុរសម្នាក់កៀបស្លាប់ក្នុងរថយន្តយ៉ាងអាណោចអាធ័ម ដោយសារតែបើករថយន្តលឿនហើយជ្រុលទៅបុកកន្ទុយសណ្តោងរថយន្តដែលគេចតទុកចោល រីឯរថយន្តវិញខ្ទេចស្ទើរទាំងស្រុង បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១០ យប់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦ តាមបណ្តោយផ្លូវលេខ៥៩៨ ក្បែរផ្ទះ ជា សុផារ៉ា ប្រហែល៣០០ម៉ែត្រ ស្ថិតក្នុងសង្កាត់ គីឡូម៉ែតលេខ៦ ខណ្ឌប្ញស្សីកែវ ។
សពមានឈ្មោះ សើរ សុចាន់ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរបើករថយន្ត ស្នាក់នៅផ្ទះជួល សង្កាត់រាំងចំរះទី១ ខណ្ឌប្ញស្សីកែវ និងមានស្រុកកំណើត ភូមិត្រពាំងជ្រៃ ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ រីឯរថយន្តដែលជនរងគ្រោះជិះម៉ាក់ RAV4 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2F-5978 ចំណែកកន្ទុយរ៉ឺម៉កដែលគេទុកចោលនោះ ពាក់ស្លាកលេខ ព្រះស៊ីហនុ 4A-1265 ។
តាមប្រភពពីប្រជាពលរដ្ឋដែលរស់នៅក្បែរនោះបានឲ្យដឹងថា មុនពេលកើតហេតុរូបគាត់កំពុងនៅក្នុងផ្ទះ ស្រាប់តែលឺស្នូរបុកយ៉ាងខ្លាំងដូចគ្រាប់បែក ភ្លាមៗនោះរូបគាត់ក៏ចេញទៅមើលស្រាប់តែឃើញរថយន្តRav4ខូចខាតខ្ទេចអស់ទៅហើយ ហើយអ្នកបើកបរវិញ គឺបែកក្បាលធ្លាយខួរ កៀបជាប់ក្នុងរថយន្តស្លាប់យ៉ាងអណោចអធ័ម ។
ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុធ្វើការវាស់វែងយករថយន្ត និងកន្ទុយរ៉ឺម៉កទៅរក្សាទុកនៅចរាចរណ៍រាជធានី បើគ្មានការប្តឹងផ្តល់ទេ សមត្ថកិច្ចនិងប្រគល់ជូនម្ចាស់ដើមវិញ ចំណែកសពត្រូវបានក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត ៕
ដោយ៖ ព្រែកជ័យ