ភ្នំពេញ៖ លោកអូស្មាន ហាស្សាន់ បានបញ្ជាក់ថា រដ្ឋាភិបាលគុយវ៉ែត នូវតែរក្សាគោល ជំហរបន្ដផ្ដល់ជំនួយមនុស្សធម៌ ដល់សហគមន៍ឥស្លាមនៅកម្ពុជា ដើម្បីចូលរួមលើកម្ពស់ កាត់បន្ថយភាពក្រីក្រ តាមគោលន យោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ។ លោក អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានបញ្ជាក់ បែបនេះ ខណៈលោកទទួលជួប ពិភាក្សាការងារ ជាមួយ លោក Meteb AL-Osaimi ភារធារីស្ថានទូតគុយវ៉ែតប្រចាំកម្ពុជា នាព្រឹកថ្ងៃទី ១២ តុលា ឆ្នាំ២០១៦ នៅស្នាក់ការអង្គការ មូលនិធិ អភិវឌ្ឍន៍មុស្លិមកម្ពុជា ។
ក្នុងឱកាស ជំនួបពិភាក្សានេះ លោក អូស្មាន ហាស្សាន់ បានបញ្ជាក់ថា៖ ក្នុងនាមរដ្ឋាភិបាលនិងក្នុងនាម ជាថ្នាក់ដឹកនាំឥស្លាមផងដែរនោះ រាជ រដ្ឋាភិបាលកម្ពុជា នូវតែរក្សាជំហរ រឹតចំណងសាមគ្គីភាព មិត្ដភាព យូរ អង្វែង ជាមួយរដ្ឋាភិបាលគុយវ៉ែត និងប្រជាជនគុយវ៉ែតតាមរយៈស្ថាន ទូតគុយវ៉ែតប្រចាំកម្ពុជា ដែលបាន វិនិយោគលើវិស័យមនុស្សធម៌ជាចម្បងដើម្បីជួយទ្រទ្រង់សហគមន៍ឥស្លាមកម្ពុជា ហើយគុយវ៉ែតជាម្ចាស់ជំនួយឈរលំដាប់ ថ្នាក់ទី១ ក្នុងចំណោម ប្រទេស នានាជាម្ចាស់ជំនួយ នៃតំបន់អារ៉ាប់ ។
លោកបន្ដថា ៖ ជំនួបនេះធ្វើឡើងក្នុងគោលបំណងរឹតចំណង សាមគ្គី ភាព និងសហប្រតិបត្តិការរវាងរដ្ឋាភិបាលគុយវ៉ែតជាមួយថ្នាក់ដឹកនាំនិងសហគមន៍ខ្មែរឥស្លាម ។
លោក Meteb AL-Osaimi បានបញ្ជាក់ថា៖ គោលជំហររបស់រដ្ឋាភិបាលគុយវ៉ែត គឺធ្វើយ៉ាងណា នៅតែបន្តបន្ថែមជំនួយមកកម្ពុជា ដោយ សហការគ្នាល្អ ជាមួយអង្គការដៃគូ ដើម្បីចូលរួមលើកស្ទួយ និងអភិវឌ្ឍន៍ លើវិស័យចាំបាច់នានា របស់សហគមន៍ ក៏ដូចជាការចូលរួមជាមួយរដ្ឋាភិបាលកម្ពុជា ក្នុងការងារអភិវឌ្ឍន៍ប្រទេសជាតិ ។ លោកក៏បានកោតសរសើរពីការដឹកនាំដ៏ឈ្លាសវៃររបស់ប្រមុខរដ្ឋាភិបាលកម្ពុជា ដែល មានសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី បានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព មានការអភិវឌ្ឍជឿនលឿនគ្រប់វិស័យ ។ លោកបានចាត់ទុកថា កម្ពុជាប្រទេសគម្រូក្នុងតំបន់អាស៊ី ដែលធ្វើសមាហរណកម្ម វិស័យអន្តរសាសនា ឲ្យរួមរស់នៅជាមួយគ្នាដោយសេចក្តីសុខ សន្តិភាព គ្មានការរើសអើង និង គ្រប់ជាតិសាសន៍អាចរួមរស់បំពេញ ការងាររួមគ្នាដោយសុខដុមរមនា ។
ក្នុងជំនួបនេះ លោកអូស្មាន ហាស្សាន់ ក៏បានបង្ហាញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា ហើយលោក ក៏បានជំរុញឲ្យអ្នកវិនិយោគទុន គុយវ៉ែត ត្រូវចាប់អារម្មណ៍ និងយកចិត្តទុកដាក់ផងដែរ លើកិច្ចសហការវិនិយោគលើវិស័យផលិតផលហាឡាល ខណៈដែលថ្មីៗនេះ កាលពីខែកក្កដា ២០១៦ រាជរដ្ឋាភិបាលកម្ពុជាទើបតែចេញអនុក្រឹត្សស្តីពីការបង្កើតស្ថាប័នហាឡាល ដោយមានក្រសួងពាណិជ្ជកម្មសហការជាមួយគណៈ ដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា ជាអ្នកអនុវត្តកិច្ចការងារនេះ។ លោកបន្តថា ៖ ការវិនិយោគលើវិស័យហាឡាលនេះ មិនមែនសម្រាប់ផ្គត់ផ្គង់តែសហគមន៍ឥស្លាម និងផ្គត់ផ្គង់ក្នុងស្រុកប៉ុណ្ណោះឡើយ ប៉ុន្តែវាជាតម្រូវការរបស់អតិថិជនជាទូទៅ ហើយក៏ក្នុងគោលបំណងផ្គត់ផ្គង់ទៅកាន់ទីផ្សាពិភពលោក ជាពិសេស បណ្ដាប្រទេសឥស្លាមក្នុងតំបន់អារ៉ាប់ផងដែរ ៕
ដោយ៖ សំរិត