មិនមែនជាការឡង់សេ ឬផ្សាយពាណិជ្ជកម្មឲ្យបងប្អូននៅខេត្តក្រចេះត្រូវតែរូតរះទៅលេងល្បែងស៊ីសងឲ្យត្រជាក់ប្រមាត់ស្អីនោះទេនៅពេលដែលប្រជាពលរដ្ឋអះអាងថា វង់ល្បែងបញ្ជល់មាន់ បៀ អាប៉ោងរបស់លោក អឹុង ឈុនផេង ហៅផេង កំពុងបើក លេងស្ទើរ២៤ម៉ោងលើ២៤ម៉ោង ដោយគាត់(អឹុង ឈុនផេង)ជាម្ចាស់វង់បានសន្យាថា លេងដោយសេរីចុះគ្មានសមត្ថកិច្ចណាហ៊ានទៅបង្រ្កាបឡើយ ព្រោះគាត់រត់ការបំបិទមាត់សមត្ថកិច្ចគ្រប់ស្ថាប័នក្នុងខេត្តក្រចេះអស់ហើយ ។
វង់ល្បែងស៊ីសងរបស់ លោក អឹុង ឈុនផេង ហៅផេង បើកលេងដោយសេរីក្រោមលេសបានរត់ការបំបិទមាត់សមត្ថកិច្ចគ្រប់ជាន់ថ្នាក់ក្នុងខេត្តក្រចេះ ស្ថិតនៅភូមិ កន្ត្រោង សង្កាត់-ក្រុង-ខេត្តក្រចេះ គឺបើកលេងបញ្ជល់មាន់ក៏មាន បៀក៏មាន អាប៉ោងក៏មានមិនចាញ់កាស៊ីណូប៉ុន្មានឡើយ ។
ប្រជាពលរដ្ឋរស់នៅភូមិមួយនេះបាននិយាយថា តាំងពីឈ្មោះ អឹុង ឈុនផេង បើក វង់ល្បែងស៊ីសងនៅក្នុងភូមិនេះពីពេលណាមកមានគ្រួសារខ្លះចាញ់អស់គោ ក្របី ម៉ូតូ រថយន្ត និងគ្រួសារខ្លះទៀតជំពាក់បំណុលធនាគារ ឬអង្គការរាប់ពាន់ម៉ឺនដុល្លារព្រោះតែចាញ់ល្បែង។ ជាមួយនេះក៏មានគ្រួសារខ្លះត្រូវអន្តរាយទ្រព្យរហូតឈានដល់លែងលះគ្នាក៏មានដែរ ព្រោះតែវក់នឹងល្បែងនៅទីនេះ ។
ប្រជាពលរដ្ឋបានលាន់មាត់ថា រឿងដែលគួរឲ្យហួសចិត្តទៀតនោះអាជ្ញាធរដែនដី គួរតែអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលមិនគួរណាត្រូវថ្នាំរបស់លោក អឹុង ឈុនផេង តាមរយៈយកលុយទៅបិទភ្នែកនោះទេ។ អាជ្ញាធរមានសមត្ថកិច្ចទាំងនោះគួរតែទៅបង្រ្កាបវង់ល្បែងនេះជាបន្ទាន់ បើពុំដូច្នេះទេមិនថាប្រជា ពលរដ្ឋនៅកណ្តាលក្រុងក្រចេះ សូម្បីអ្នកនៅជាយក្រុងនេះក៏ត្រូវអន្តរាយទ្រព្យតាម រយៈវង់ល្បែងស៊ីសងរបស់លោក អឹុង ឈុនផេង បញ្ចុះបញ្ចូលឲ្យទៅលេងមិនខាន ។
មហាជនជាច្រើនកំពុងរង់ចាំមើលថា តើស្ថាប័នមានសមត្ថកិច្ចខេត្តក្រចេះណាខ្លះដែលលោក អឹុង ឈុនផេង យកលុយទៅបំបិទមាត់ហើយមិនទៅបង្រ្កាប? បើមិនទៅ បង្រ្កាបមែននោះបានន័យថាឥទ្ធិពលលុយលោក អឹុង ឈុនផេង ខ្លាំងដូចគាត់អួតមិនខុសមែន ៕