លោក លឹម គានហោ ចុះត្រួតពិនិត្យការដ្ឋានសាងសង់ប្រឡាយកុមារ និងអាងទឹកត្រពាំងថ្ម ស្ដុបទឹកបាន១៨០លានម៉ែត្រ​គូប ក្នុងខេត្តបន្ទាយមានជ័យ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ ២០១៦ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចុះពិនិត្យការដ្ឋានសាងសង់ប្រឡាយកុមារ ស្ថិតក្នុងស្រុកព្រះនេត្រព្រះ និងការដ្ឋានអាងទឹកត្រពាំងថ្ម ស្ថិតក្នុងស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។

ថ្លែងក្នុងឱកាសចុះពិនិត្យការដ្ឋានទាំង ២ ខាងលើនេះ ឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍ថា អាងទឹកត្រពាំងថ្ម គឹជាអាងទឹកដ៏សំខាន់មួយ ។ ដោយសារជំនន់ឆ្នាំ ២០១១ និងឆ្នាំ ២០១៣ កន្លងទៅ បានធ្វើឲ្យហេដ្ឋារចនាសម្ព័ន្ធអាងទឹកនេះទ្រុឌទ្រោមយ៉ាងខ្លាំង ដែលតម្រូវឲ្យក្រសួងធ្វើការជួសជុលឡើងវិញជាបន្ទាន់ ដើម្បីធានាបាននូវការស្រូបយកទឹកជំនន់ពីស្ទឹងស្រែងផង និងរក្សាទឹកទុកបម្រើឲ្យការស្រោចស្រពដំណាំស្រូវ ទាំងវស្សា និងប្រាំង របស់កសិករនៅតំបន់នេះផង ។ មកដល់បច្ចប្បន្ន ការងារជួសជុលឡើងវិញនេះ សម្រេចបានជាង ៩០ % ហើយ ។ អាងទឹកត្រពាំងថ្មអាចស្តុកទឹកបាន ១៨០ លានម៉ែត្រគូប និងផ្តល់ទឹកសម្រាប់ការស្រោចស្រពលើផ្ទៃដីស្រូវវស្សា ២៧.០០០ ហត និងស្រូវប្រាំង ១៥.០០០ ហត ។

បន្ទាប់ពីបានពិនិត្យការដ្ឋានអាងទឹកត្រពាំងថ្ម ឯកឧត្តមរដ្ឋមន្ត្រី បានបន្តអញ្ជើញចុះពិនិត្យការដ្ឋានសាងសង់ប្រឡាយកុមារ ស្ថិតក្នុងស្រុកព្រះនេត្រព្រះ ។ ប្រឡាយកុមារ មានតួនាទីយ៉ាងសំខាន់ជាប្រឡាយដោះទឹកជំនន់ផង និងប្រឡាយស្រោចស្រពផង ។ លោករដ្ឋមន្ត្រី បានបញ្ជាក់ថា ជារៀងរាល់ឆ្នាំ ពេលមានជំនន់ស្ទឹងស្រែង ឬពេលខ្លះដែលជំនន់ហូរធ្លាក់មកពីប្រទេសថៃ តំបន់ឃុំភ្នំលៀប និងឃុំជិតខាង តែងតែជោរជន់ និងលិចត្រាំក្នុងរយៈពេលយូរ ធ្វើឲ្យខូចខាតផលដំណាំ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ។ ដោយពិនិត្យឃើញបញ្ហានេះ ទើបក្រសួងបានកសាងប្រឡាយនេះឡើង ដើម្បីរំដោះទឹកជំនន់ទៅកាន់បឹងទន្លេសាបឲ្យបានឆាប់ ព្រមជាមួយនេះ វាក៏ជាប្រឡាយស្រោចស្រពផងដែរ ។ ឯកឧត្តមរដ្ឋមន្ត្រីបន្តថា ឥឡូវនេះ តួទំនប់អាងទឹកត្រពាំងថ្ម ត្រូវបានពង្រឹងរួចហើយ ឯប្រព័ន្ធរំដោះទឹកក៏បានរៀបចំរួចហើយដែរ អ្វីដែលនៅសល់ គឺត្រូវធ្វើយ៉ាងណាទាញយកទឹកជំនន់ពីស្ទឹងស្រែង ទៅស្តុកទុកក្នុងអាងត្រពាំងថ្មឲ្យបានកាន់តែឆាប់ពេញ កុំឲ្យទឹកហូរចូលទៅបឹងទន្លេសាបដោយឥតប្រយោជន៍ និងម្យ៉ាងទៀត គឺការទាញយកទឹកពីអាងមកប្រើប្រាស់ឲ្យអស់លទ្ធភាព ។ ដើម្បីសម្រេចបាននូវទិសដៅនេះ លោករដ្ឋមន្ត្រី បានដាក់ផែនការឲ្យអ្នកបច្ចេកទេស សិក្សាដើម្បីសាងសង់ប្រឡាយមេ ០១ ខ្សែ ទៀត មានប្រវែងប្រមាណ ៨ គម ដើម្បីនាំទឹកពីស្ទឹងស្រែងមកបញ្ចូលក្នុងអាងត្រពាំងថ្ម ទន្ទឹមនឹងនេះ ការធ្វើអនុត្តរភាពប្រព័ន្ធធារាសាស្ត្រអាងទឹកត្រពាំងថ្ម ក៏ត្រូវជម្រុញបន្តទៀត ដើម្បីពង្រីកលទ្ធភាពស្រោចស្រពឲ្យបានកាន់តែទូលំទូលាយ និងរុញទឹកឲ្យចូលទៅដល់ស្រែរបស់បងប្អូនប្រជាកសិករ ។

ទាក់ទងទៅនឹងស្ថានភាពទឹក និងការងារបង្កបង្កើនផលស្រូវវស្សានៅក្នុងខេត្តបន្ទាយមានជ័យ ត្រូវបានលោក យឹម ប៊ុនរ៉ុម ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត រាយការណ៍ជូនលោករដ្ឋមន្ត្រីថា ការអនុវត្តការងារបង្កបង្កើនផលស្រូវវស្សា បានបញ្ចប់ហើយ ដោយសម្រេចបានលើផ្ទៃដី ចំនួន ២៤៧.០១៥ ហិកតា ស្មើឹនឹង ១០០,៨២ ភាគរយ នៃផែនការ ពោលគឺបានលើសផែនការ ចំនួន ២.០១៥ ហិកតា ។ ចំពោះស្ថានភាពទឹកនៅតាមបណ្តាប្រព័ន្ធធារាសាស្ត្រនានា នៅពេលនេះ គឺយើងមានពេញបរិបូណ៍ ដែលអាចធានាផ្គត់ផ្គង់ទាំងស្រូវវស្សា និងការផលិតស្រូវប្រាំងនាពេលខាងមុខ តាមផែនការកំណត់ ៕

hoa-5 hoa-6 hoa-10 hoa-7 hoa-3 hoa-1 hoa-8 hoa-9 hoa-4 hoa-2

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print