ខេត្តពោធិ៍សាត់៖ រថយន្តពាក់ស្លាកលេខនគរបាល បោះពួយបុកគូថត្រាក់ទ័រធ្លាក់ចូលស្នាមភ្លោះ បណ្ដាលឲ្យអ្នករួមដំណើរម្នាក់រងរបួសយ៉ាងធ្ងន់ និងខ្លះទៀតព្រលឹងចុងសក់។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីវេលាម៉ោង៦ និង២០នាទីយប់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៤៤-១៤៥ ភូមិត្រពាំងរំដេញ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់។
លោក អនុសេនីយ៍ទោ ខៀវ សុខា នាយប៉ុស្តិ៍នគរបាលរដ្ឋបាលក្បាលត្រាចបានឲ្យដឹងថា រថយន្តបង្កម៉ាកឡិចស៊ីសRX400 ពណ៌ស ពាក់ស្លាកលេខអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ និងអ្នករួមដំណើរ២នាក់ទៀត ទី១ ឈ្មោះ អ៊ុង ចាន់ធួក ភេទស្រី អាយុ៤៧ឆ្នាំ និងទី២ ឈ្មោះ ប៊ុន សុគន្ធនី ភេទស្រី អាយុ៤៨ឆ្នាំ ស្រ្តីទាំង២នាក់ រស់នៅរាជធានីភ្នំពេញ ប៉ុន្តែអ្នកទាំង៣នាក់ មិនបណ្តាលឲ្យអ្នកណាម្នាក់រងរបួសធ្ងន់នោះទេ ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុ បានបុកត្រាក់ទ័រពីក្រោយពេញទំហឹង បណ្ដាលឲ្យត្រាក់ទ័រម៉ាក គូបូតា ពណ៌ក្រហម ធ្លាក់ចូលស្នាមភ្លោះតែម្តង និងរងរបួសអ្នករួមដំណើរផងដែរ ។
លោក នាយប៉ុស្តិ៍បន្តថា អ្នកបើកបរត្រាក់ទ័រឈ្មោះ រស់ ចំរើន ភេទប្រុស និងកូនស្រីឈ្មោះ សុខ សាវម៉ី អាយុ៤ឆ្នាំ ក៏មិនបណ្ដាលឲ្យរងរបួសធ្ងន់អ្វីនោះដែរ ប៉ុន្តែប្រពន្ធគាត់(របួសធ្ងន់) ដឹកទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ។
លោក បន្តទៀតថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ អាចបណ្ដាលមកពីចាំងចំណាំងភ្លើងហ្វារថយន្តធុនធំ ពេលកំពុងធ្វើដំណើរបញ្រ្ចាស់ទិសគ្នា ហើយចំពោះវត្ថុតាងរថយន្ត និងត្រាក់ទ័ររក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកក្រគរ រង់ចាំដោះស្រាយគ្នាជាក្រោយតាមនីតិវិធី ៕
ដោយ៖ ប៉ឹម ពិន


















