ទំនាក់ទំនង​រវាង​ឥណ្ឌា​ នឹង​ប៉ា​គី​ស្ថាន​ផុយ​ស្រួយ​ មុន​គម្រោង​ជួប​ពិភាក្សា​គ្នា​រក​សន្តិភាព​នៅ​តាម​បន្ទាត់​ព្រំដែន

ចែករំលែក៖

ស្ថាន​ការ​នៅ​ក្នុង​រដ្ឋ​ Jummu​ និង​ដែនដី​នៅ​តំបន់​កា​ស្មៀ​រ​កំពុង​តែ​ប្រឈម​មុខ​តានតឹង​ ដែល​កម្លាំងប្រដាប់អាវុធ​ទាំងឡាយ​ឈរជើង​នៅ​តាម​បន្ទាត់​ព្រំដែន​ទាំង​ពីរ​ប្រទេស​ប៉ា​គី​ស្ថាន​ និង​ឥណ្ឌា​បាន​ផ្ទុះអាវុធ​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក​រយៈពេល​ច្រើន​ស​ប្តា​ហ៍​កន្លង​មក​ហើយ​ បណ្តាល​ឲ្យ​ស្លាប់​កងទ័ព​ និង​ជន​ស៊ី​វិល​រៀងៗ​ខ្លួន​ ។​ ពួក​គេ​បាន​ចោទប្រកាន់​គ្នា​ថា​ បាន​ឆ្លង​ចូល​ខ្សែបន្ទាត់​ព្រំដែន​ដែល​មិន​ទាន់​មានការ​បែងចែក​ ឬ​កំណត់​ច្បាស់លាស់​ គឺ​ស្ថិត​នៅ​ជា​តំបន់​ស​នៅឡើយ​ ។​

rer4

​ការ​វាយប្រហារ​កាលពី​ពេល​ថ្មីៗ​នេះ​ទៅ​លើ​រថយន្តក្រុង​ដែល​ធ្វើ​ដំណើរ​តាម​បណ្តោយ​ព្រំដែន​នោះ​បាន​បណ្តាល​ឲ្យ​អ្នក​ទេសចរណ៍​ម្នាក់​បាត់បង់​ជីវិត​ និង​អ្នក​ដទៃ​ផ្សេង​ទៀត​ត្រូវ​បាន​ចាប់ខ្លួន​ ដោយ​ក្រុម​នៅ​ក្នុង​តំបន់​ និង​បាន​នាំ​ជន​រង​គ្រោះ​ទាំងនោះ​ទៅ​ធ្វើ​ជា​ចំណាប់ខ្មាំង​ ប៉ុន្តែ​នៅ​ពេល​បន្ទាប់​ជន​រង​គ្រោះ​ត្រូវ​ប្រគល់​ទៅ​ក្រុម​ឧទ្ទាម​ប្រដាប់​អាវុធ​ ។​

​អ្នក​ដែល​វាយប្រហារ​ទៅ​លើ​រថយន្ត​លើ​នេះ​ ក្រោយមក​បាន​ប្រកាស​អត្តសញ្ញាណ​ខ្លួនឯង​ទៅ​កាន់​ប៉ូលិស​ឥណ្ឌា​ថា​ គាត់​ជា​ពលរដ្ឋ​ប៉ា​គី​ស្ថាន​ឈ្មោះ​ Mohd​ Naved​ ។​ លោក​គ្មាន​វិប្បដិសារី​ចំពោះ​ទ​ង្វើ​របស់​គាត់​ឡើយ​ គាត់​ថា​ វា​ជា​រឿង​សប្បាយ​ នៅ​ក្នុង​ការ​សម្លាប់​មនុស្ស​(​ហិណ្ឌូ​)​។​

​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ឥណ្ឌា​បាន​ផ្សព្វផ្សាយ​ស្នើ​ឲ្យ​រដ្ឋាភិបាល​ប្តឹង​ទៅ​ថ្នាក់ដឹកនាំ​ប៉ា​គី​ស្ថាន​ពាក់ព័ន្ធ​បុរស​ខាងលើ​នេះ​ ។​ ប៉ុន្តែ​ក្រសួងការបរទេស​ប៉ា​គី​ស្ថាន​បាន​បដិសេធ​ថា​ ជន​វាយប្រហារ​នោះ​គឺជា​ពលរដ្ឋ​របស់​ប៉ា​គី​ស្ថាន​ ។​ លោក​ Qazi​ Khalilullah​ អ្នកនាំពាក្យ​ក្រសួងការបរទេស​ប៉ា​គី​ស្ថាន​បាន​ថ្លែង​ថា​ ជា​ច្រើន​លើក​ច្រើន​សារ​មក​ហើយ​ យើង​បាន​ប្រកាស​ថា​ មិនមែន​តែ​រឿង​អ្វី​ភ្លាម​បន្ទោស​តែ​ទៅ​លើ​ប៉ា​គី​ស្ថាន​នោះ​ទេ​ ។​ មុន​នឹង​បន្ទោស​ទៅ​លើ​ប៉ា​គី​ស្ថាន​ គួរតែ​ផ្អែក​ទៅ​លើ​មូលដ្ឋាន​ជាក់ស្តែង​ ស៊ើបអង្កេត​ឲ្យ​បាន​ច្បាស់លាស់​ជា​មុន​សិន​ដែរ​ ។​ មិនមែន​ស្អី​បន្តិច​ ក៏​ប៉ា​គី​ស្ថាន​ជា​អ្នក​ធ្វើ​នោះ​ទេ​ ។​ វា​គួរតែ​ផ្អែក​ទៅ​លើ​ភស្តុ​តាង​ជាក់លាក់​ ពិតប្រាកដ​។​

​តាម​ការ​គ្រោងទុក​ មន្ត្រី​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន​ប្រទេស​ឥណ្ឌា​ និង​ប៉ា​គី​ស្ថាន​បាន​ព្រមព្រៀង​គ្នា​ជួប​ប្រក​ជុំ​ថ្នាក់​ទីប្រឹក្សា​សន្តិសុខ​ជាតិ​ ដែល​គ្រោង​ធ្វើ​ឡើង​នៅ​ក្នុង​ខែសីហា​ ឆ្នាំ​២០១៥​ ប៉ុន្តែ​ដំណើរ​ឆ្ពោះទៅ​រក​កិច្ច​ជំនួប​ចរចា​ដើម្បី​សន្តិភាព​នេះ​ឡើង​ហាក់​នៅ​ឆ្ងាយ​ដាច់​សន្លឹម​ ដោយសារ​ថា​ ស្ថានការណ៍​មិន​ស្ងប់ស្ងាត់​ទាល់តែ​សោះ​នៅ​តាម​បន្ទាប់​ព្រំដែន​ ចេះ​តែ​បន្ត​ផ្ទុះ​ហិង្សា​ដាក់​គ្នា​ជា​និច្ច​ ហើយ​ម្យ៉ាងវិញទៀត​ខាង​បក្ខ​ប្រឆាំង​នៅ​ក្នុង​ប្រទេស​ទាំង​ពីរ​ ក៏​បន្ត​រិះគន់​មិន​ចេញ​នឿយហត់​ទៅ​លើ​គម្រោង​ចរចា​សន្តិភាព​រវាង​រដ្ឋាភិបាល​ឥណ្ឌា​ នឹង​ប៉ា​គី​ស្ថាន​ ដើម្បី​ស្វះ​ស្វែងរក​សន្តិភាព​ឲ្យ​បាន​ពេញលេញ​នៅ​តាម​បន្ទាត់​ព្រំដែន​ប្រទេស​ភូមិ​ផង​របង​ជាប់​គ្នា​នោះ​ ។​

​អ្នកជំនាញ​របស់​ក្រសួងការពារជាតិ​ឥណ្ឌា​បាន​បញ្ជាក់​ថា​ ភស្តុ​តាង​មាន​គ្រប់គ្រាន់​សម្រាប់​ផ្តល់​ជូន​ប៉ា​គី​ស្ថាន​ ។​ ប្រភព​បន្ត​ថា​ គម្រោង​ចរចា​សន្តិភាព​នា​ពេល​ខាង​មុខ​របស់​ NSA​ (​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​)​ ដែល​គ្រោង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៣​ និង​ថ្ងៃ​ទី​២៤​ ខែសីហា​ ឆ្នាំ​២០១៥​ ដល់​ពេល​នោះ​ភស្តុ​តាង​ទាំងនេះ​នឹង​ត្រូវ​លើកយក​មក​ប​ង្ដា​ញ​ភាគី​ប៉ា​គី​ស្ថាន​ឲ្យ​បានឃើញ​ ហើយ​ជំនួប​ពិភាក្សា​នេះ​ទំនងជា​មិន​ទទួល​បាន​ផ្លែផ្កា​នោះ​ទេ​ ។​

​ខណៈ​ដែល​កិច្ច​ពិភាក្សា​ជិត​ឈាន​មក​ដល់​នោះ​ អំពើ​ហិង្សា​ហាក់​គ្មាន​ការ​ស្រាក​ស្រា​ន​នោះ​ទេ​ ។​ កាលពី​ថ្ងៃ​ទី​៦​ ខែសីហា​ មានការ​វាយប្រហារ​ទៅ​លើ​ប៉ុស្តិ៍​សន្តិសុខ​របស់​កម្លាំង​ប៉ូលិស​ឥណ្ឌា​ ពី​សំណាក់​ក្រុម​ប្រដាប់​អាវុធ​ ស្ថិត​នៅ​តំបន់​ព្រៃ​ជ្រៅ​ Jammu​ ទីកន្លែង​នេះ​ កាលពីដើម​ឡើយ​ជាទី​តាំង​គ្មាន​យោធា​ ។​

​ឥណ្ឌា​បាន​ពង្រឹង​ការពារ​តំបន់​ព្រំដែន​បន្ថែម​ទៀត​ពី​ចម្ងាយ​៣៥០​គីឡូម៉ែត្រ​ទៅ​៤០០​គីឡូម៉ែត្រ​ស្ថិត​នៅ​ព្រំដែន​រដ្ឋ​ Jammu​ និង​ កា​ស្មៀ​រ​ ដែល​ជា​វិធានការ​មួយ​ការពារ​កុំ​ឲ្យ​មានការ​វាយប្រហារ​ភេរវកម្ម​ បើ​ទោះបី​នៅ​ទីនោះ​មាន​វត្តមាន​កងទ័ព​ឥណ្ឌា​ និង​ប៉ា​គី​ស្ថាន​យាមកាម​សន្តិសុខ​យ៉ាង​តឹងរ៉ឹង​ស្ថិត​នៅ​តំបន់​ព្រំដែន​ប្រឈម​មុខ​ដាក់​គ្នា​ក៏​ដោយ​ ។​ ប្រសិនបើ​អំពើ​ហិង្សា​នៅ​តាម​បន្ទាត់​ព្រំដែន​ប៉ា​គី​ស្ថាន​ និង​ឥណ្ឌា​ គ្មាន​ការ​ស្ងប់ស្ងាត់​ ថយកម្តៅ​ទៅ​វិញ​ទេ​ នោះ​ដំណើរការ​ចរចា​សន្តិភាព​រវាង​ឥណ្ឌា​ នឹង​ប៉ា​គី​ស្ថាន​ទំនង​មិន​សម្រេច​បានជា​លទ្ធផល​ឡើយ​ ៕​

india-machine-gun

...

ប្រែសម្រួល៖ យ៉ាត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print