ភ្នំពេញ៖ តារាចម្រៀង និងជាអតីតបេក្ខជន Cambodian Idol រដូវកាលទី១ លោក ម៉ៅ ច័ន្ទឌីណា ហៅ Mario James បានបង្កើតឲ្យមានការចាប់អារម្មណ៍ជាមួយនឹងស្នាដៃបទចម្រៀងនិពន្ធថ្មី(Original Song)គឺបទ”ចម្រៀងសុំទោស” ។ អ្នកចម្រៀងរូបនេះលើកឡើងថា ការស្រលាញ់ចូលចិត្ត និងចង់មានបទចម្រៀងផ្ទាល់ខ្លួនទើបលោកពុះពារក្នុងការសម្រេចក្តីបំណងមួយនេះហើយរំពឹងថានឹងទទួលបានការគាំទ្រខ្លាំងពីទស្សនិកជន។
ក្រោយពីបញ្ចប់ការប្រឡងចម្រៀងលំដាប់ពិភពលោក កាលពីឆ្នាំមុន លោក Marioមិនបានទៅណាឆ្ងាយពីការងារសិល្បៈ។ អតីតបេក្ខជនរូបនេះបានប្រឡូកនឹងការងារសិល្បៈមួយចំនួនទាំងជាតារាចម្រៀង ប្រចាំភោជនីយដ្ឋាន និងក្លឹបកម្សាន្តរាត្រី និងការច្រៀងជាភ្ញៀវកិត្តិយសក្នុងកម្មវិធីប្រគុំតន្ត្រីរបស់ស្ថានីយទូរទស្សន៍មួយចំនួនផងដែរ។ តារាចម្រៀងវ័យ២៦ឆ្នាំរូបនេះបញ្ជាក់ថា ដោយការស្រសាញ់ ចូលចិត្ត លើកស្ទួយវិស័យសិល្បៈ និងស្របតាមការចង់បានរបស់អ្នកគាំទ្រលោកបានសម្រេចចិត្តច្រៀងបទចម្រៀងផ្ទាល់ខ្លួនដែលពេលនេះទទួលបានការចាប់អារម្មណ៍ច្រើនគួរសម។ អ្វីដែលលោកចង់បង្ហាញតាមរយៈបទនេះគឺជាចង់បញ្ជាក់ថា ខ្មែរក៏មានសមត្ថភាពក្នុងការនិពន្ធបទភ្លេងទំនុកច្រៀងបានយ៉ាងសម្បូរបែបមិនចាញ់បរទេសទេ។ អតីតតារាចម្រៀងប្រចាំផលិតកម្មរៃមាស តោមាសរូបនេះបន្តថា បទចម្រៀង”ចម្រៀងសុំទោស” គឺជាបទចម្រៀងបែបបនោសញ្ចេតនាបង្ហាញពីអារម្មណ៍សោកស្តាយចំពោះកំហុសឆ្គងរបស់ខ្លួនដែលធ្វើកន្លងមក។
លោកបន្តថា បទចម្រៀងនេះត្រូវបានរៀបរៀងនិពន្ធដោយតារាចម្រៀង និងអ្នកនិពន្ធ កញ្ញា យ៉ង់ នីតា ដែលជាអតីតបេក្ខជនCambodian Idol រដូវកាលទី១ដូចលោកដែរ។ លោកថា ការងាកមកចាប់ដៃគូនិពន្ធបទចម្រៀងថ្មីជាមួយនឹងអតីតបេក្ខជនដូចគ្នានេះព្រោះតែបទចម្រៀងថ្មីបច្ចុប្បន្នទទួលបានការគាំទ្រច្រើនពីទស្សនិកជន ហើយលោកនឹងបន្តចេញបទចម្រៀងថ្មីមួយទៀតក្នុងពេលឆាប់ៗនេះគឺបទ”ទឹកភ្នែក១អាទិត្យ” ។
អ្នកចម្រៀងដែលបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រអក្សរសាស្ត្រអង់គ្លេសនៅវិទ្យាស្ថានភាសាបរទេស(IFL)រូបនេះបញ្ជាក់ដែរថា ប្រសិនបើបទចម្រៀងទាំងពីរបទរបស់លោកដែលបានដាក់ឲ្យទស្សនិកជនស្តាប់នៅលើបណ្តាញទំនាក់ទំនងសង្គមនៅពេលនេះទទួលបានការគាំទ្រច្រើនលោកនឹងបន្តផ្ចិតផ្ចង់ស្វែងរកបទចម្រៀងថ្មីសម្រាប់បម្រើអារម្មណ៍ទស្សនិកជនផងដែរ បើទោះបីជាបទចម្រៀងនិពន្ធថ្មីៗមានការលំបាកខ្លាំងសម្រាប់លោក និងអ្នកនិពន្ធក្តី។ តារាចម្រៀងមកពីខេត្តតាកែវរូបនេះរំពឹងលើការផ្តល់កម្លាំងចិត្ត តាមរយៈការគាំទ្ររបស់ទស្សនិកជន៕
https://youtu.be/k0N_7UarY4g
ដោយ៖ វឌ្ឍនា




















