ស្នងការនគរបាលខេត្តរតនគិរី ដោះលែងជនជាតិវៀតណាម៣នាក់ ពាក់ព័ន្ធដាក់ម៉ាស៊ីនខួង យករ៉ែថ្មនៅស្រុកកូនមុំ

ចែករំលែក៖

ខេត្តរតនគិរី៖ ស្នងការដ្ឋាននគរបាលខេត្តរតនគិរី កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦នេះ បានសម្រេចដោះលែងជនជាតិវៀតណាម៣នាក់ ក្រោយពីការឃាត់ខ្លូនបាន៣ថ្ងៃ ក្នុងករណីរុករករ៉ែថ្មគ្មានច្បាប់ ឋិតនៅស្រុកកូនមុំ ។

ជនជាតិវៀតណាមទាំង៣នាក់ ១-ឈ្មោះ ង្វៀន ជុងយឿង ភេទប្រុស (មានលិខិតឆ្លងដែន) ២-ឈ្មោះង្វៀន យុំាំងកង ភេទប្រុស ៣-ឈ្មោះសុខ ជា ភេទប្រុស ។

ប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានស្រុកកូនមុំ បានឲ្យដឹងកាលពីថ្ងៃទីទី១៣ ខែតុលា ឆ្នាំ២០១៦ មានប្រជាពលរដ្ឋនៅក្នុងឃុំត្រពាំងក្រហមបានរាយការណ៍ទៅនគរបាលស្រុក កូនមុំថា ឃើញជនជាតិវៀតណាមប្រហែល៥ទៅ៦នាក់បានទៅបោះទីតាំងនៅចំណុច ភ្នំលាក់កាំភ្លើង និងមានដាក់ម៉ាស៊ីនខួងយករ៉ែថ្ម ។

ប្រភពបានបន្តទៀតថា នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦ អាជ្ញាធរស្រុកកូនមុំបាននាំកម្លាំង ចុះបង្ក្រាបដល់ទីតាំងដែលវៀតណាមបានធ្វើសកម្មភាពរុករករ៉ែថ្ម ហើយបានចាប់យក ម៉ាស៊ីនភ្លើង១គ្រឿង ម៉ាស៊ីនគោយន្តសម្រាប់ខួងយកថ្ម១គ្រឿង ផ្លែស្វាន១៥ដើម និងសម្ភារៈមួយចំនួនទៀតដែលពួកគេបានប្រើប្រាស់ក្នុងការរុករករ៉ែដោយមិនស្របច្បាប់ ។

លោកថា មុននឹងកម្លាំងយើងចុះទៅដល់ការដ្ឋាននោះ កម្មករវៀតណាមបានរត់ភៀសខ្លួនអស់ ទៅហើយ ប៉ុន្តែយើងបានដាក់កម្លាំងស្ទាក់ឃាត់បានកម្មករ៣នាក់ក្នុងចំណោមមនុស្សទាំង អស់នោះ ។ កម្មករទាំង៣នាក់មានម្នាក់ចេះនិយាយភាសាខ្មែរថា  មុននឹងដឹកគ្រឿងចក្រ ចូលខួងយករ៉ែនៅភូមិសាស្ត្រស្រុកកូនមុំនោះគឺបានទៅជួបសមត្ថកិច្ចជំនាញរ៉ែនិងខាងអាជ្ញា ធរឲ្យបានដឹងហើយដែរ ។

កម្មករម្នាក់នោះបានបញ្ជាក់ទៀតថាពួកគេបានបម្រើការងារនៅក្រុមហ៊ុនកែច្នៃថ្មម៉ាបមួយនៅខេត្តព្រៈវិហារ ។ ការដាក់កម្លាំងរុករករ៉ែនៅស្រុកកូនមុំនេះគឺគ្រាន់តែជាការស្រាវជ្រាវរកសំណាកថ្មម៉ាប រួចផ្ញើរទៅឲ្យខាងក្រុមពិនិត្យមើលសិនទេ បើត្រូវខាងក្រុមហ៊ុននឹងរត់ច្បាប់ជាក្រោយ។

លោកហ៊ុន ប៊ុនថាន ប្រធានមន្ទីររ៉ែនិងថាមពលខេត្តកាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦ បានបញ្ជាក់ឲ្យដឹងតាមទូរស័ព្ទថា  រឿងជនជាតិវៀតណាមដាក់ម៉ាស៊ីនខួងថ្មនៅទីតាំងដូច ខាងលើ គឺជាទង្វើខុសច្បាប់ហើយ រឿងនេះយើងបានកសាងសំណុំរឿងទៅតុលាការខេត្តដើម្បីធ្វើការផាកពិន័យទៅតាមបទល្មើសជាក់ស្តែងដែលពួកគេបានប្រព្រឹត្តិ ។

លោកបានបន្តទៀតថា កម្មករវៀតណាមទាំង៣នាក់នេះយើងបានប្រគល់ទៅឲ្យនគរបាលអន្តោប្រវេសន៍ ចំណែកឧបករណ៍ដែលរឹបអូសបានយើងរក្សាទុកនៅមន្ទីររ៉ៃ ។

លោកជា ប៊ុនធឿន ស្នងការរងទទួលបន្ទុកផ្នែកអន្តោប្រវេសន៍ខេត្ត បានបញ្ជាក់ឲ្យដឹងតាម ទូរស័ព្ទកាលពីរសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦ថា ពាក់ព័ន្ធរឿងជនជាតិវៀតណាម ៣នាក់ដែលដាក់ម៉ាស៊ីនខួងរ៉ែថ្មនៅភូមិសាស្រ្តស្រុកកូនមុំនេះគឺខាងមន្ទីររ៉ែបានធ្វើការដោះស្រាយតាមផ្លូវច្បាប់ហើយ ៕

a-1-1 a-1-2 a-1-3

...

ដោយ ៖ វុទ្ធឦសាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print