ភ្នំពេញ៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦ បានអញ្ជើញជាអធិបតីពិធីបិទវគ្គ នាយទាហានកងរាជអាវុធហត្ថថ្នាក់អនុសេនីយ៍ ឆ្នាំ២០១៦ ដែលធ្វើឡើងនៅ សាលាកំបូល ។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោកឧត្តមសេនីយ៍ មេបញ្ជាការរង ស្នងការ ស្នងការរង លោក នាយការិយា ល័យ នាយអាវុធហត្ថ ព្រមទាំងសិក្ខាកាមជាច្រើនរូបផងដែរ ។
សូមបញ្ជាក់ថា កម្មវិធីហ្វឹកហ្វឺនសម្រាប់វគ្គនេះមានរយៈពេលសរុប ១៦៩ថ្ងៃស្មើ នឹង១.០១៤ម៉ោង ដោយចាប់ផ្តើមពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៦ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦។
លោក ឧត្តមសេនីយ៍ទោ អឿ សាវ៉ន នាយកសាលាកំបូលបានថា ខ្លឹមសារហ្វឹកហ្វឺនរៀនសូត្រមានមុខវិជ្ជាវិទ្យាសាស្ត្រ សង្គមមុខវិជ្ជាយោធាមុខវិជ្ជាកងរាជអាវុធហត្ថ មុខវិជ្ជាច្បាប់ មុខវិជ្ជាអប់រំចិត្តសាស្ត្រ និងទស្សនកិច្ចសិក្សា។ សិក្ខាកាមវគ្គនេះ បានប្រឡងបញ្ចប់វគ្គហើយទទួលបានលទ្ធផលខ្ពស់ ជាប់ជាស្ថាពរចំនួន៩៣នាក់ស្មើនឹង៩៣,៩៤ភាគរយក្នុងចំណោមសិក្ខាកាមសរុបចំនួន៩៩នាក់ ។
ការចំណាយថវិកាមានជាអាទិ ធានាការ ហូបទិញសម្ភារៈសិក្សានិងឧបត្ថម្ភយោធាចារ្យ សរុបអស់ទឹកប្រាក់ចំនួន១៥៨. ៩០១.០០០រៀល ក្នុងនោះបានទទួលពីក្រសួងការពារជាតិចំនួន៩៦.៣៣០.០០០រៀល និងថវិកាឧបត្តម្ភដោយនាយឧត្តម សេនីយ៍ សៅ សុខា ចំនួន៦២.៥៧១.០០០ រៀល ៕
ដោយ ៖ ហេង នរិន្ទ្រ