ខេត្តកណ្តាល៖ គ្រួសារមានជីវ ភាពក្រីក្រមួយបានជួបនូវរឿងសោកសង្រេងដោយសារកូនប្រុសពៅដែលមានអាយុទើបតែ១ខួបធ្លាក់ចូលក្នុងទឹកក្រោមផ្ទះស្លាប់យ៉ាងអណោចអធ័មនៅគ្រាដែលម្តាយឪពុកទៅលើកមងហើយទុកកូនតូចឲ្យដេកជាមួយកូន២នាក់ទៀត ដល់ពេលត្រឡប់មកវិញមិនឃើញកូនតូចក៏ផ្អើលឆោឡោនាំគ្នារាវរកក្នុងទឹកនៅក្រោមផ្ទះស្រាប់តែឃើញកូនតូចរបស់ខ្លួនលង់ទឹកស្លាប់បាត់ទៅហើយ ។
ហេតុការណ៍គួរឲ្យអាសូរនេះបានបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង៧ និង៣០នាទីព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦ នៅលើតំបន់ទំនាបដែលលិចទឹក ក្នុងភូមិដីឥដ្ឋកោះផុស ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
កុមារារងគ្រោះមានឈ្មោះ ចំណាប់ សុរក្សា អាយុ១ខួប ជាកូនទី៣នៅក្នុងគ្រួសារក្រីក្រមួយ ម្តាយឈ្មោះចាប ចន្ធី អាយុ៣៣ឆ្នាំ មុខរបរកសិករ ឪពុកឈ្មោះហម ចំណាប់ អាយុ៣១ឆ្នាំ មុខរបរកម្មករ មានទីលំនៅកន្លែងកើតហេតុ ។
លោក អ៊ុង ស៊ីឡាក់ នាយប៉ុស្តិ៍នគរបាលដីឥដ្ឋបានឲ្យដឹងថា តាមការបំភ្លឺរបស់ក្រុមគ្រួសារ នៅវេលាទាបភ្លឺ ម្តាយឪពុកទៅរាវមងដោយទុក កូនប្រុសអាយុ១ខួបដេកនៅជាមួយកូន២នាក់ទៀត ។ ប្រហែលជាកុមារារងគ្រោះងើបពីដំណេកវារកម្តាយក៏ធ្លាក់ចូលក្នុងទឹកក្រោមផ្ទះស្លាប់តែម្តង ។ លុះពេលត្រឡប់មកពីរាវមងវិញមិនឃើញកូនតូចរបស់ខ្លួនស្រាប់តែឆោឡោរ ហើយនាំគ្នារាវរកក្នុងទឹកក្រោមផ្ទះទើបរកឃើញ តែហួសពេលទៅហើយ មិនដឹងថាធ្លាក់ចូលទឹកតាំងពីពេលណានោះទេ ។
ដោយមើលឃើញពីក្រុមគ្រួសារកុមារារងគ្រោះមានជីវភាពក្រីក្ររស់នៅក្នុងខ្ទមរហែករយ៉ៃដំបូលធ្លុះធ្លាយ ជញ្ជាំងបាំងក្រណាត់ អ្នកភូមិបានរៃអង្គាស់ប្រាក់កាសដើម្បីរៀបចំធ្វើបុណ្យសព ។ ជាមួយគ្នានេះដែរសូមអំពាវនាវដល់សប្បុរសជនមេត្តាជួយជាសម្ភារនិងថវិកាដល់គ្រួសារក្រីក្រនេះផង ៕
ដោយ៖ សណ្តោស