ខេត្តព្រះសីហនុ៖ កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦ នគរបាលស្រុក ព្រៃនប់ បានបើកការស៊ើបអង្កេតករណីចោរកម្ម១ករណី ឈានទៅឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះយ៉ា ចំរ៉ុង ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ ជននេះបានលួចយកទ្រព្យសម្បត្តិ របស់អ្នកដទៃ ដែលជនរងគ្រោះជា ម្ចាស់ផ្ទះឈ្មោះ ទឹម ចំរើន ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរលក់ដូរ មានលំនៅក្នុងភូមិពូធឿង ឃុំបិត ត្រាំងស្រុកព្រៃនប់ ។
ម្ចាស់ផ្ទះបានឲ្យដឹងថា នៅ វេលាម៉ោង០០និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២០ ខែតុលា មានចោរចូលលួចយកទ្រព្យសម្បត្តិជារបស់គាត់ច្រើនរួមមាន លុយខ្មែរជាង១៣លានរៀល, លុយដុល្លារ ៨៨០ដុល្លារ និង កាតទូរស័ព្ទ៨៤ដុល្លារ ពេលគាត់ដេកលង់លក់ហើយជនសង្ស័យផ្លោះរបងចូលលួច។
សមត្ថកិច្ចនគរបាលបានឲ្យដឹងថា នៅក្រោយពេលឃាត់ខ្លួនជនសង្ស័យបាន នគរបាលដកហូត លុយខ្មែរចំនួន១០.៥៣០.០០០ រៀល (ដប់លានហាសិបបីម៉ឺនរៀល), លុយដុល្លារចំនួន៤០៨ ដុល្លារ (បួនរយប្រាំបីដុល្លារ), កាតទូរស័ព្ទស្មាតចំនួន៦០ដុល្លារ និងកាតទូរស័ព្ទCellcard ២៤ដុល្លារ ៕