ទីក្រុងបាងកក៖ កាលពីវេលាម៉ោង៣ រសៀលថ្ងៃសុក្រទី២១ ខែតុលា ឆ្នាំ២០១៦ ប្រភពពីក្រុងបាងកកបានឲ្យដឹងថា រដ្ឋាភិ បាលយោធាថៃបានបញ្ជាឲ្យរឹបអូសទ្រព្យ សម្បត្តិទាំងអស់របស់លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រាអតីតនាយក រដ្ឋមន្ត្រីថៃ ដែល ឈ្នះឆ្នោតនៅឆ្នាំ២០១១ ។
លោក ស្រី យីងឡាក់ ស៊ីណាវ៉ាត្រាបាន ឲ្យដឹងថា រដ្ឋាភិបាលយោធាថៃសព្វថ្ងៃ ដែលបានធ្វើរដ្ឋប្រហារទម្លាក់លោកស្រី ចេញពីតំណែងនោះបានបញ្ជាឲ្យរឹបអូស ទ្រព្យសម្បត្តិ របស់លោកស្រីទាំងអស់ និងបានផាកពិន័យជាទឹកប្រាក់ចំនួន ៣៥ពាន់លានបាត ដែលស្មើនឹង៩៩៧ លានដុល្លារអាមេរិកថែមទៀតផង ដោយ សារតែគម្រោងលុយពាក់ព័ន្ធនឹងកម្មវិធី ទិញស្រូវពីប្រជាកសិករថៃ ដែលបានធ្វើ ឲ្យខាតបង់ថវិកាជាតិអស់រាប់ពាន់លាន ដុល្លារ ។ គម្រោងទិញយកស្រូវររបស់ ប្រជាកសិករថៃក្នុងតម្លៃខ្ពស់ជាងទីផ្សារ នោះ គឺជាគោលនយោបាយសំខាន់ជាងគេ ដែលបានជួយលោកស្រីឲ្យឈ្នះឆ្នោតក្លាយជានាយករដ្ឋមន្ត្រីថៃនៅក្នុងឆ្នាំ២០១១ ហើយចាប់តាំងពីលោកស្រី ត្រូវបានទម្លាក់ចេញពីតំណែងកាលពីឆ្នាំ២០១៤ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ត្រូវបានគេដាក់ពាក្យបណ្តឹងព្រហ្មទណ្ឌ ដោយសារតែផែនការឧបត្ថម្ភមូលធនទិញស្រូវនេះ ហើយ សព្វថ្ងៃលោកស្រី កំពុងតែតទល់នឹងរឿងក្តីនៅឡើយក្នុងតុលាការ ។
នៅថ្ងៃសុក្រនេះ អតីតនាយករដ្ឋមន្ត្រី ថៃរូបនេះបានប្រាប់ទៅកាន់ក្រុមអ្នកសារ ព័ត៌មាននៅខាងក្រៅតុលាការទីក្រុងបាងកកថា លោកស្រីទទួលបានដីកាកោះហៅ នៅពីរថ្ងៃមុន ដែលបានបញ្ជាឲ្យរឹបអូស យកទ្រព្យសម្បត្តិ។ លោកស្រី យីងឡាក់ បានបន្តថា បើនិយាយពីរឿងបង្គាប់បញ្ជា វាមិនត្រឹមត្រូវនិងមិនសមហេតុ សមផល នោះឡើយ ហើយខ្ញុំនឹងនៅតែប្រើប្រាស់គ្រប់វិធីតាមតែអាចធ្វើបាន ដើម្បីប្រយុទ្ធ តបត ។ ប៉ុន្តែមេធាវីលោកស្រីបានបង្ហើប ឲ្យដឹងថា បើយោងតាមរដ្ឋធម្មនុញ្ញថៃ លោក ប្រាយុទ្ធ ចាន់អូចា ដែលជានាយករដ្ឋ មន្ត្រីមានសិទ្ធិអំណាចផ្តាច់មុខក្នុងការចេញបញ្ជានានាដែលចាំបាច់ក្នុងការពង្រឹងសាមគ្គីភាព និងភាពសុខដុមនៅក្នុងប្រទេស ។
អ្នកគាំទ្រលោកស្រី យីងឡាក់ និងអ្នក វិភាគនិយោបាយថៃមួយចំនួនបាននិយាយថា រឿងក្តីក្តាំប្រឆាំងនឹងរូបលោកស្រីនេះ គឺជាគម្រោង
ការរបស់យោធាថៃ ដើម្បី បោសសម្អាតឥទ្ធិពលរបស់ក្រុមគ្រួសារ ស៊ីណាវ៉ាត្រាចេញប្រទេសថៃ ទោះបី រដ្ឋាភិបាលយោធាសព្វថ្ងៃបានធ្វើការបដិសេធដោយបានអះអាងថា ការធ្វើរដ្ឋប្រហារ កាលពីឆ្នាំ២០១៤ គឺត្រូវបានធ្វើឡើងដើម្បីតែស្ថិរភាពនៅក្នុងប្រទេសប៉ុណ្ណោះ មិនមែនដើម្បីចង់ដាក់កម្រិតទៅលើឥទ្ធិពលរបស់ ក្រុមគ្រួសារស៊ីណាវ៉ាត្រានោះឡើយ ៕
ដោយ៖ ប្រាថ្នា