ភ្នំពេញ៖ ពិធីករស្រស់សង្ហា និងស្រស់សោភា លោក យឹម ណារ៉ា និងកញ្ញា ហេង ផាន់ណា ហៅហេង កែវនីតា ទើបនឹងស្ងប់ស្ងាត់រឿងស្នេហាក្រៅឆាកមិនបានប៉ុន្មានផងស្រាប់តែពេលនេះផ្ទុះចេញជាថ្មីម្តងទៀត។ អ្នកទាំងពីរត្រូវបានគេទម្លាយថា បាននឹងកំពុងបន្តទំនាក់ទំនងស្នេហាយ៉ាងអាថ៌កំបាំងពីទស្សនិកជន ប៉ុន្តែក្នុងចង្កោមអ្នកសិល្បៈមួយចំនួនបានដឹងថាអ្នកទាំងពីរគឺជាគូស្នេហ៍ជាយូrឆ្នាំមកហើយ។
កន្លងមកពិធីករ យឹម ណារ៉ា និងកញ្ញា ហេង កែវនីតាធ្លាប់លេចចេញដំណឹងភ្ជាប់ពាក្យម្តងហើយកាលពីអំឡុងចុងឆ្នាំ២០១៥ប៉ុន្តែដំណឹងនេះបានស្ងប់ស្ងាត់ទៅវិញ។ ទោះជាយ៉ាងណាដំណឹងនៃទំនាក់ទំនងស្នេហ៍នេះនៅមិនទាន់រលត់នៅឡើយ ហើយកាន់តែស្អិតរមួតទៀតផង។ ប្រភពព័ត៌មានពីអ្នកសិល្បៈលើកឡើងថា អ្នកទាំងពីរមានទំនាក់ទំនងលើសពីមិត្តរួមអាជីព ក្រោយពេលដែលពិធីករទាំងពីររូបតែងបណ្តើរគ្នាយ៉ាងត្រសងចូលរួមពិធីនានារបស់អ្នកសិល្បៈ ។ មានការលើកឡើងថា តារាសម្តែងកញ្ញា ហេង ផាន់ណា ហៅហេង កែវនីតា និងគូស្នេហ៍ លោក យឹម ណាបានសាងទំនាក់ទំនងស្នេហាជាមួយគ្នាអស់រយៈពេលជាង៣ឆ្នាំមក បច្ចុប្បន្នពួកគេហាក់មានភាព ល្អូកល្អឺនស្រលាញ់យល់ចិត្តគ្នាខ្លាំងណាស់។ អ្វីដែលកាន់តែធ្វើឲ្យអ្នករួមអាជីពភ្ញាក់ផ្អើលកាលពីពេលថ្មីៗនេះគឺការបង្ហាញវត្តមានរបស់លោក យឹម ណារ៉ា ក្នុងកម្មវិធីខួបកំណើតរបស់ កែវនីតា ដោយអ្នកទាំងពីរបានបង្ហាញរូបភាពផ្អែមល្ហែមនៅចំពោះមុខមិត្តរួមអាជីពផងដែរ។ អ្វីដែលកាន់តែរំភើបសម្រាប់នាងគឺពិធីការិនីរបស់ស្ថានីយទូរទស្សន៍បាយ័នរូបនេះទទួលបានការសុំរៀបការពីយឹម ណារ៉ា ក្នុងថ្ងៃខួបកំណើតនាង។ រូបថតកៀកកើយ និងការលុតជង្គង់សុំរៀបការពីយឹម ណារ៉ាត្រូវបានគេទម្លាយ និងអាចបញ្ជាក់បានថា អ្នកទាំងពីរគឺជាគូស្នេហ៍យ៉ាងពិតប្រាកដ។
គេនៅមិនទាន់អាចស្វែងរកការបញ្ជាក់ពីសំណាក់ពីធីករពិធីការិនីខាងលើបាននៅឡើយទេ ប៉ុន្តែកន្លងមកលោក យឹម ណារ៉ា ធ្លាប់បានច្រានចោល ព្រោះលោក និងហេង កែវនីតា សុទ្ធតែជាមិត្តភក្តិរួមអាជីពសិល្បៈតែប៉ុណ្ណោះ។ ទោះជាយ៉ាងណាតាមរយៈរូបថតជាច្រើនសន្លឹកបូករួមទាំងការបញ្ជាក់ពីអ្នករួមអាជីពគឺធ្វើឲ្យគេកាន់តែជឿជាក់ថា អ្នកទាំងពីរមានទំនាក់ទំនងលើសពីមិត្តរួមអាជីព ប៉ុន្តែគេមិនដឹងទេថា តើអ្នកទាំងពីរនឹងសម្រេចចិត្តចូលរោងការនៅពេលណានោះទេ៕
ដោយ៖ វឌ្ឍនា