ភ្នំពេញ៖ តារាសម្តែង និងកំប្លែងស្រីល្បីឈ្មោះនាងស្រេង សុកាន់ដា ហៅនាងខ្ញុង ដែលទទួលបានការសរសើរទាំងការសម្តែង និងភព្វវាសនាខ្ពស់ព្រោះមានបងស្រីធម៌នៅប្រទេសអូស្ត្រាលីប្រគល់ផ្ទះមួយជុងជាកម្មសិទ្ធិ។ ទោះជាយ៉ាងណាដំណឹងចុងក្រោយដែលគេទទួលបានបានទម្លាយថានាងត្រូវបានបងស្រីធម៌នៅឯនាយសមុទ្រដកហូតយកទ្រព្យនោះវិញ។
ប្រភពពីអ្នកក្នុងចង្កោមសិល្បៈបានបញ្ជាក់ថា ប៉ុន្មានខែចុងក្រោយនេះតារាកំប្លែងស្រី នាងខ្ញុងកាន់តែប្រឹងប្រែងជាមួយនឹងការងារសិល្បៈទ្វេរឡើងដើម្បីខិតខំរកប្រាក់សង់ផ្ទះផ្ទាល់ខ្លួន ត្បិត បងស្រីធម៌នៅប្រទេសអូស្ត្រាលីដកហូតយកផ្ទះសម្បែងវិញ។ ប្រភពបន្តដែរថា ដោយសារទំនាក់ពាក្យសម្តីខ្លះៗជាមួយបងស្រីធម៌នោះទើបបញ្ហាខាងលើត្រូវបានផ្ទុះឡើង ហើយផ្ទះដែលនាងបានចូលទៅរស់នៅជាមួយកូននិងក្រុមគ្រួសារអស់រយៈពេលជាងពីរឆ្នាំនោះត្រូវបងស្រីធម៌នាងយកទៅវិញ។ ប្រភពដដែលលើកឡើងថា បងស្រីធម៌នាងដែលជាម្ចាស់សម្អាងការសុខគាប៊ូតាក៏មិនបោះបង់ចោលផ្ទះដែលមានតម្លៃមិនក្រោម២០ម៉ឺនដុល្លារនេះដែរគឺបានបិទទ្វារចោលដោយមិនមានអ្នកចូលទៅរស់នៅដែរ។
ឆ្លើងតបការលើកឡើងនេះត្រូវបានតារាកំប្លែងស្រីខាងលើលើកឡើងថា ការដែលលេចលឺថាបងស្រីធម៌នាងដកហូតយកផ្ទះវិញនោះគឺជារឿងមិនពិត ។ នាងទទួលស្គាល់ថា នាងឈប់ស្នាក់នៅផ្ទះនោះហើយដោយនាងត្រូវចេញទៅរស់នៅផ្ទះផ្ទាល់ខ្លួនហើយផ្ទះដែលជារបស់បងស្រីធម៌នាងផ្តល់ឲ្យនោះគឺនាងជាអ្នកប្រគល់ឲ្យគាត់វិញនោះទេមិនមែនជាការដកហូត ដោយសារមានទំនាស់ណាមួយឡើយ។ នាងបន្តថា ទំនាក់ទំនងនាងនិងបងស្រីធម៌នាងគឺនៅដដែលមិនមានការប្រែប្រួលទេហើយនាងក៏នៅតែបន្តទទួលកម្មវិធីកាត់សក់ សម្រាប់សម្អាងការខាងលើជាធម្មតា។ នាងបញ្ជាក់ថា ការប្រគល់ផ្ទះជូនបងស្រីវិញព្រោះតែនាងចង់រស់នៅក្នុងផ្ទះផ្ទាល់ខ្លួន ហើយផ្ទះថ្មីនាងក៏នៅមិនឆ្ងាយពីទីនោះដែរ ប៉ុន្តែសម្រាប់តម្លៃផ្ទះដែលនាងទិញគឺនាងមិនអាចបញ្ជាក់បាននោះទេ។ តារាស្រីរូបនេះបញ្ជាក់ដែរថា បើទោះបីជាផ្ទះក្រោយដែលនាងទិញខ្លួនឯងនោះមានទំហំជាងផ្ទះចាស់ក៏នាងពេញចិត្តនិងអ្វីដែលកើតឡើងពីញើសឈាមដែលនាងរកបាន។
គួរបញ្ជាក់ដែរថា តារាកំប្លែង នាងស្រេង សុកាន់ដា ហៅនាងខ្ញុងបានរៀបចំពិធីឡើងផ្ទះវីឡាកូនកាត់ក្នុងនៅបុរីពិភពថ្មី ក្នុងខណ្ឌឫស្សីកែវក្បែរស្ថានីយទូរទស្សន៍ស៊ីធីអិន និងនៅមិនឆ្ងាយពីផ្ទះតារាកំប្លែងរួមក្រុមនាយពែកមី ដែរ។ កម្មវិធីឡើងផ្ទះខាងលើត្រូវបានធ្វើឡើងកាលពីថ្ងៃទី២១ មេសា ឆ្នាំ២០១៤ រហូតធ្វើឲ្យមានការភ្ញាក់ផ្អើលពីភព្វវាសនានាង និងនាយពែកមីដែលមានវាសនាទទួលបានផ្ទះពីបងធម៌។ទោះជាយ៉ាងណាពេលនេះផ្ទះនោះមិនមែនជាកម្មសិទ្ធិរបស់នាងទៀតទេប៉ុន្តែផ្ទះដែលបងស្រីចិត្តធម៌រូបនោះប្រគល់ជូននាយពែកមីគឺនាយពែកមីនៅស្នាក់នៅជាធម្មតាជាមួយកូនប្រពន្ធដដែល៕
ដោយ៖ វឌ្ឍនា