គ្រោះថ្នាក់ចរាចរណ៍នៅលើផ្លូវហាយវ៉េ ភាគខាងត្បូងរដ្ឋកាលីហ្វ័រនីញ៉ា សហរដ្ឋអាមេរិកបណ្តាលឲ្យស្លាប់១៣នាក់ និង៣១នាក់ផ្សេងទៀតរងរបួសធ្ងន់ស្រាល កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៦ ។
ប្រភពរាយការណ៍ថា រថយន្តក្រុងមួយគ្រឿងធ្វើចរាចរណ៍នៅលើដងមហាវិថី ជិតទីក្រុង Palm Spring រដ្ឋធានីមួយមានចម្ងាយជិត១៦០គីឡូម៉ែត្រភាគខាងកើតទីក្រុង ឡូស អេនជឺឡេស កាលីហ្វ័រនីញ៉ា ហើយស្រាប់តែបុកជាមួយរថយន្តមួយគ្រឿងទៀតពេញទំហឹងតែម្តង ។
មន្ត្រីប៉ូលិសក្នុងតំបន់អះអាងថា អ្នកបើកបររថយន្តក្រុងស្ថិតក្នុងចំណោមជនរងគ្រោះទាំង១៣នាក់ ដែលបាត់បង់ជីវិត ហើយអ្នកដំណើរ៣១នាក់ផ្សេងទៀតរងរបួសធ្ងន់ ស្រាល ។ អ្នកខ្លះស្ថិតក្នុងសភាពធ្ងន់ ។
នេះជាករណីគ្រោះថ្នាក់ចរាចរន៍ដ៏អាក្រក់បំផុតសម្រាប់ទឹកដីអាមេរិក ដែលមិនធ្លាប់កើតមានរយៈពេល៣៥ឆ្នាំកន្លងមក ដែលបណ្តាលឲ្យស្លាប់មនុស្ស១៣នាក់បែបនេះឡើយ ។
ក្រុមប៉ូលិសចរាចរណ៍អះអាងថា មូលហេតុគ្រោះថ្នាក់ មិនមែនដោយសារកត្តាគ្រឿងស្រវឹង គ្រឿងញៀន នោះឡើយ ប៉ុន្តែគេសង្ស័យថាបណ្តាលមកពីបញ្ហាល្បឿនច្រើនជាង ។ រថយន្តក្រុងបើកល្បឿនជាងរថយន្តកាម៉ាស់ទៅទៀត ៕
ប្រែសម្រួល៖ ថាច់ យ៉ាត