ភ្នំពេញ៖ ប្រើរយៈពេលប្រកួតជម្រុះ ជាង៣ខែក្នុងចំណោមកីឡាករ៣២នាក់ មកពីស្ទើរគ្រប់រាជធានី-ខេត្តទាំង២៥ទីបំផុតវត្តមានកីឡាករដែលត្រូវប្រកួតដណ្តើមពានរង្វាន់ជើងឯក TIFFY SUPER FIGHT ទម្ងន់៥៤គីឡូក្រាមនេះ គឺកីឡាករ ឈុន បញ្ញា មកពីក្លិបរហាប់ស្វាយប៉ាកនិងកីឡាករ លីន វិបុល មកពីក្លិប បុរីរាជសីហ៍មានប្ញទ្ធិត្រូវបានឡើងទៅប្រកួតនៅវគ្គផ្តាច់ព្រ័ត្រ ក្រោយពីពួកគេវាយឈ្នះគូប្រកួតដូចគ្នាកាលពីល្ងាចថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៦ នៅ សង្វៀន TIFFY ARENA ។
ជំនួបរវាងកីឡាករ ឈុន បញ្ញា នឹង កីឡាករស្រៀង ទិតធិ មកពីក្លិបសម្បត្តិគុនខ្មែរមានសកម្មភាពស្វិតស្វាញគួរឲ្យកត់ សម្គាល់មែនទែនចាប់តាំងពីទឹកដំបូងរហូតដល់ទឹកទី៥ ។ គឺការប្រកួតនេះកីឡាករទាំង២បានប្រើគ្រប់វិធីសាស្ត្រដើម្បីផ្តួលគ្នាទៅវិញទៅមក។ ប៉ុន្តែយុទ្ធវិធីវាយសម្រុករបស់កីឡាករ ឈុន បញ្ញា មានលក្ខណៈច្បាស់និងចំគោលដៅបានល្អច្រើនជាង ស្រៀង ទិតធិ ព្រោះបញ្ញាមានបទពិសោធន៍លើរេញច្រើន ម្យ៉ាងវិញទៀតភាពរហ័សរហួនក្នុង ការបន្លាស់ទីវាយបកក៏លឿនធ្វើឲ្យ ទិតធិ ពិបាកក្នុងតាមប្រមាញ់សងយកពិន្ទុតាម ឈ្នះបាននោះ ។
បន្ទាប់ពីចប់ការប្រកួតចំនួន៣ទឹករួចមកគណៈវិនិច្ឆ័យតម្រូវឲ្យលោក ងួន និត ដែល ជាអាជ្ញាកណ្តាលនៅលើសង្វៀនលើកដៃកីឡាករ ឈុន បញ្ញា គឺជាអ្នកឈ្នះកីឡាករ ស្រៀង ទិតធិដោយពិន្ទុ ។ ការសម្រេចនេះ ធ្វើឲ្យកីឡាករ ស្រៀង ទិតធិ ធ្លាក់មកប្រកួតដណ្តើមយកចំណាត់ថ្នាក់លេខ៣នៃពាន រង្វាន់ TIFFY SUPER FIGTក្នុងប្រភេទទម្ងន់៥៤គីឡូក្រាមនេះ។
ដូចគ្នាជាមួយគួប្រកួត រវាងកីឡាករ ស្រៀង ទិតធិ នឹង កីឡាករ ឈុន បញ្ញា ដែរ គឺការប្រកួត រវាងកីឡាករ មាឃ សុវណ្ណារ៉ា មកពីក្លិបរាជសីហ៍ ខេត្តរតនគិរី នឹងកីឡាករ លីន វិបុល មកពីខេត្តកំពតត្រូវបានគណៈ វិនិច្ឆ័យផ្តល់សិទ្ធិឲ្យលោក ហង្ស ម៉ាក់ខេន ជាអាជ្ញាកណ្តាលលើកដៃកីឡាករ លីន វិបុលឈ្នះកីឡាករ មាឃ សុវណ្ណារ៉ា ដោយ ពិន្ទុក្នុងលទ្ធផលបច្ចេកទេស។ ដូច្នេះការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ខាងលើនឹងធ្វើឡើងនៅក្នុងសប្តាហ៍ទី១ខែវិច្ឆិកាខាងមុខគឺកីឡាករ មាឃ សុវណ្ណារ៉ា ប្រកួតជាមួយ កីឡាករ ស្រៀង ទិតធិ និងកីឡាករ ឈុន បញ្ញា ប្រកួតជាមួយកីឡា លីន វិបុល។
គួរបញ្ជាក់ថា សម្រាប់ប្រាក់រង្វាន់ចំពោះ កីឡាករចំណាត់ថ្នាក់លេខ១ទទួលបាន១ពាន់ដុល្លារអមជាមួយពានរង្វាន់ចំនួន១ ចំណាត់ថ្នាក់លេខ២ទទួលបានថវិកាចំនួន៧០០ដុល្លារ អមជាមួយពានរង្វាន់ខ្នាត កណ្តាលចំនួន១ និងចំណាត់ថ្នាក់លេខ៣ទទួលបានថវិកាចំនួន៥០០ដុល្លារនិងពានតូច១ ៕
ដោយ៖ សារីម