ភ្នំពេញ ៖ ស្រ្តីម្នាក់រត់ទៅប្តឹងនគរបាលទាំងទឹកភ្នែក ហូររហាម បន្ទាប់ពីបាត់កូនស្រី១យប់១ថ្ងៃ គ្មានដំណឹង កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៦ រហូតមកដល់ល្ងាចថ្ងៃទី២៤ ខែតុលា មិនដឹងទៅរកទីណា មានតែម្តាយរត់ទៅសុំការអន្តរាគមន៍ពីនគរបាលចោមចៅ ។
ក្មេងស្រីដែលបាត់ពីផ្ទះ មានឈ្មោះ ឈួន ស្រីនីត អាហុ១៦ឆ្នាំ មុខរបរ កម្មកររោងចក្រ មានឪពុកឈ្មោះ គុយ ណាត អាយុ៣៧ឆ្នាំ មុខរបររត់មូ៉តូឌុប ម្តាយឈ្មោះ ហៀង ចាន់ណា អាយុ៣៥ឆ្នាំ មុខរបរ កម្មកររោងចក្រ រស់នៅនៅផ្ទះជួលភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិលឹង្គ ឃុំ អង្គរាជ ស្រុកព្រះស្តេច ខេត្តព្រៃវែង ។
តាមស្រ្តីជាម្តាយ បានរៀបរាប់ទាំងទឹកភ្នែកឲ្យដឹងថា កាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី២៣ ម្សិលមុិញ កូនស្រីបានសុំគាត់ទៅចូលរួមកម្មវិធីជប់លៀង ជាមួយ អ្នករួមការងារ តែមិនប្រាប់ថានៅចំណុចណាឡើយ រហូតដល់យប់ មិនឃើញវិលវិញ ទូរស័ព្ទក៏ចុចលែងចូល ទើបក្រុមគ្រួសារ បង្កឲ្យផ្អើលឆោឡោ ភ័យស្លន់ ដើរស្វែងរកទាំងយប់ រហូតដល់ព្រឹកថ្ងៃទី២៤ ខែតុលា នៅតែគ្មានដំណឹង ដើរស្វែងរកក៏មិនឃើញ បាត់ដំណឹង រហូតដល់វេលាម៉ោង៤រសៀល ថ្ងៃទី២៤ ខែតុលានេះ ស្រ្តីជាម្តាយ មានតែរត់ទៅប្តឹងនគរបាលបុ៉ស្តិ៍ចោមចៅ ឲ្យជួយប្រកាសស្រាចជ្រាវ ៕
ដោយ៖ សុខាសែនជ័យ