ភ្នំពេញ៖ ទោះបីជាមានរឿងរ៉ាវនៅក្នុងជីវិតផ្ទួនៗគ្នាជាបន្តបន្ទាប់ក្តីក៏តារាចម្រៀងស្រី ពេជ្រ សោភា បន្តជម្នះលើការងារនាងរហូតទទួលបានជោគជ័យជាបន្តបន្ទាប់។ អ្វីដែលធ្វើឲ្យអ្នកគាំទ្រនាងសប្បាយចិត្តនោះគឺនាងនៅតែបន្តច្រៀងនៅលើទ្រនុំដែលរុញច្រានឲ្យនាងក្លាយជាតារាចម្រៀងលំដាប់ជួរមុខដដែល។
គេចាំបានថា កាលពីខែចុងខែធ្នូ ឆ្នាំ២០១៥ តារាស្រីប្រចាំផលិតកម្មហង្សមាស ពេជ្រ សោភា បានសរសេរព័ត៌មានលើ Facebook Page ផ្លូវការរបស់ ពេជ្រ សោភា ថា នាងនឹងលាឈប់ពីហង្សមាស ប៉ុន្តែនាងនឹងនៅតែធ្វើការងាររបស់នាងឲ្យ The Voice Cambodia រដូវកាលទី២ ចប់ចុងចប់ដើម។ សារនេះ កើតក្រោយមានព័ត៌មានថា ពេជ្រ សោភា ត្រូវថ្នាក់លើស្ដីបន្ទោសខ្លាំងបន្ទាប់ពីនាងចុះពីលើឆាកការប្រគុំតន្ត្រីមួយនៅកោះពេជ្រនាគ្រានោះ។ នៅពេលនេះនាងក៏បានប្រកាសជាផ្លូវការដែរថា នឹងចាកចេញពីផលិតកម្មដែលជាជម្រកដំបូងដែលធ្វើឲ្យនាងល្បីល្បាញ។ ក្រោយបញ្ចប់កម្មវិធីប្រឡងលំដាប់ពិភពលោក The Voice Cambodia រដូវកាលទី២ កាលពីខែមិថុនាឆ្នាំ២០១៦នេះ ពេជ្រ សោភា បានប្រកាសចាកចេញពីទ្រនុំហង្សមាសហើយដែលការចាកចេញរបស់នាងបង្កើតឲ្យអ្នកគាំទ្រនាងជាច្រើនសោកស្តាយជាខ្លាំង។ ការចាកចេញរបស់ម្ចាស់បទ”រាំឡូយកប់លូ”រូបនេះ ពីផលិតកម្មធំ និងជាអ្នកផ្តល់ភាពល្បីល្បាញឲ្យនាងព្រោះតែជាការអន់ចិត្តច្រើនជាង។
រហូតមកដល់ពេលនេះនាងមិនត្រឹមតែមិនចាកចេញពីផលិតកម្មហង្សមាសទេ គឺថែមទាំងបង្កើនបទចម្រៀងជាច្រើនបន្តបន្ទាប់ ហើយនាងក៏ប្រកាសជាផ្លូវការដែរថា នាងមិនចាកចេញពីទ្រនុំនេះនោះទេ។ ពេជ្រ សោភា បញ្ជាក់ថា នឹងមិនមែនជាតារាចម្រៀងជាប់កិច្ចសន្យា(កុងត្រា)ជាមួយផលិតកម្មហង្សមាសទេ គឺនាងបានដាច់កុងត្រានេះរយៈពេលប្រាំឆ្នាំមកហើយ ហើយក៏មិនបានចុះបន្តដែរ។
តារាស្រីកំពុងល្បីបទ”ហុយហុយ”រូបនេះលើកឡើងថា បញ្ហាមួយដែលនាងនៅតែមិនអាចនិយាយបាននោះគឺធ្វើឲ្យនាងចង់ដើរចេញពីផលិតកម្មនេះ ប៉ុន្តែក្រោយពីការពិចារណាល្អិតល្អន់ ហើយដោយសារនឹកឃើញពីគុណូបការៈរបស់ផលិតកម្មដែលអាចរុញច្រានឲ្យនាងមានមុខមាត់រហូតមកដល់បច្ចុប្បន្នទើបនាងគិតសារជាថ្មីហើយនាងក៏មិនចង់មានឈ្មោះថាជាក្រពើវង្វេងបឹងដែរ។ ឆ្លើយទៅនឹងសំណួរដែលលើកឡើងថា មានអ្វីជាថ្នូទៅនឹងការបន្តនៅផលិតកម្មនេះ តារាស្រីរូបនេះលើកឡើងថា មិនមានអ្វីដោះដូរទៅនឹងការបន្តនៅផលិតកម្មនេះទេ ប៉ុន្តែអ្វីដែលធ្វើឲ្យនាងសប្បាយចិត្តគឺផលិតកម្មបានសម្របចិត្តនាងក្នុងការជ្រើសរើសបទចម្រៀងមកច្រៀងដោយខ្លួនឯង។
តារាស្រីល្បីឈ្មោះដែលប្រកាសឈប់ច្រៀងបទចម្រៀងលួចចម្លងពីបរទេសរូបនេះលើកឡើងថា ហង្សមាសបានផ្តល់អាទិភាពឲ្យនាងក្នុងការធ្វើបទថ្មីដោយខ្លួនឯង ការបើកឱកាសឲ្យនាងចេញទៅថតMVតាមបំណង ហើយផលិតកម្មក៏បើកសិទ្ធិឲ្យនាងចេញសូឡូអាល់ប៊ុមទោលតែឯងផងដែរ។ នាងបញ្ជាក់ថា បទចម្រៀងថ្មីដែលទទួលបានការពេញនិយមខ្លាំងគឺបទ”អូនទៅហើយ” នឹងចេញជាMVដែលប្លែកព្រោះតែការផលិតបទចម្រៀងនេះសម្រិតសម្រាំងនិងចេញទៅថតទិដ្ឋភាពនៅខេត្តនានាជាច្រើន។
តារាស្រីរូបនេះបញ្ជាក់ដែរថា ពេលនេះនាងកំពុងមមាញឹកច្រើនទាំងការងារប្រគុំតន្ត្រីនៅតាមខេត្ត បូករួមទាំងការត្រៀមខ្លួនជាមួយនឹងការនិពន្ធបទចម្រៀងថ្មីៗសម្រាប់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនៅឆ្នាំក្រោយផងដែរ។ នាងក៏រំពឹងដែរថា ស្នាដៃបទចម្រៀងថ្មីដែលជាស្នាដៃរបស់នាងនិងយុវជនជំនាន់ក្រោយនឹងទទួលបានការគាំទ្រច្រើនពីទស្សនិកជនបន្តទៀត៕
ដោយ៖ វឌ្ឍនា