ភ្នំពេញ៖ កម្លាំងចម្រុះរបស់ខណ្ឌឫស្សីកែវ ដែលគេដឹងថា ដឹកនាំដោយព្រះរាជអាជ្ញាអមសាលាដំបូងបានចុះរឹបអូស ទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនឧត្តមសុខហេងអភិវឌ្ឍន៍ ដែលបានជំពាក់ម្ចាស់បំណុលជាង១លានដុល្លារ ។
ករណីខាងលើនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅឃ្លាំងលេខ១១១ តាមបណ្តោយផ្លូវ៥៩៨ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដែលក្នុងទីតាំងខាងលើមានគ្រឿងចក្រ និងរថយន្តតូចធំ ប្រមាណជាង២០គ្រឿង ដែលជារបស់កូនបំណុលឈ្មោះ សុខ ហេង ភេទប្រុស អាយុ៥០ឆ្នាំ និងមានប្រពន្ធឈ្មោះ គាំ ផានរ៉ានីត អាយុ៣៥ឆ្នាំ បច្ចុប្បន្ន ស្នាក់នៅផ្ទះលេខ៧៨ ផ្លូវបេតុង ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
ក្នុងយុទ្ធនាការខាងលើនេះ តំណាងអយ្យការអមសាលាដំបូង រាជធានីភ្នំពេញធ្វើឡើងបន្ទាប់ពីអនុវត្តតាមដីកាសម្រេចរឹបអូសជាបណ្តោះអាសន្នលេខ ៦១៦ ហដរ ចុះថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦ ត្រង់ចំណុច (ឃ) របស់លោក ពេជ្រ វិជ្ជាធរ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ដែលមានម្ចាស់បំណុលឈ្មោះ លីវ សុខហួង ហៅចែ មុំ អាយុ៤២ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ៣៧ ផ្លូវលេខ៨ ភូមិបឹងឈូក ក្នុងបុរីប៉េងហួត សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
តាមការអះអាងពីមេធាវីការពារសិទ្ធិឲ្យម្ចាស់បំណុលក្នុងការអនុវត្តដីកាសម្រេចរឹបអូសទ្រព្យសម្បត្តិជាបណ្តោះអាសន្ននេះបញ្ជាក់ឲ្យដឹងថា ព្រោះតែកូនបំណុលទាំង២ខាងលើបានជំពាក់ប្រាក់ម្ចាស់បំណុលជាង១លានដុល្លារ ហើយមិនព្រមសង និងព្យាយាមដឹកគ្រឿងចក្រ រថយន្តតូចធំ ចេញពីក្នុងឃ្លាំងទាំងយប់ ទើបកូនក្តីរបស់លោកសម្រេចស្នើសុំ ទៅតំណាងអយ្យការដឹកនាំកម្លាំងចុះហាមឃាត់ និងរឹបអូសទ្រព្យសម្បត្តិទុកជាបណ្តោះអាសន្នសិន ដើម្បីរង់ចាំការអនុវត្តតាមនីតិវិធី ។
គួរបញ្ជាក់ឲ្យដឹងថា ការចេញដីកាសម្រេចរឹបអូសជាបណ្តោះអាសន្ននូវទ្រព្យសម្បត្តិផ្សេងៗខាងលើនេះ គឺដើម្បីឲ្យកូនបំណុលឈ្មោះ សុខ ហេង និងប្រពន្ធឈ្មោះ គាំ ផានរ៉ានីត ដាក់ប្រាក់រំដោះបំណុល ដែលខ្លួនជំពាក់ម្ចាស់បំណុល ដើម្បីទទួលបានការលុបចោលដីការឹបអូសបណ្តោះអាសន្ន និងទទួលបានទ្រព្យសម្បត្តិទាំងអស់នេះត្រឡប់មកវិញ ៕
ដោយ៖ អារុណរះ