ប្រជាពលរដ្ឋស្រុកកែវសីមាសុំអន្តរាគមន៍ឲ្យមានការជីករ៉ែមាសឡើងវិញព្រោះឃើញឈ្មួញធ្វើបាន

ចែករំលែក៖

ខេត្តមណ្ឌលគីរី៖ ប្រជាពលរដ្ឋជាង ៥០០នាក់ រស់នៅតំបន់សហគមន៍រ៉ែមាស ក្នុងភូមិពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា កាលពីពេលថ្មីៗកន្លងទៅនេះបានប្រមូល គ្នាផ្តិតមេដៃ ដើម្បីស្នើសុំកិច្ចអន្តរាគមន៍ពីអាជ្ញាធរគ្រប់លំដាប់ថ្នាក់សុំជួយឲ្យពួកគេ អាចប្រកបរបរជីករករ៉ែមាសតាមគ្រួសារ ជាធម្មតាឡើងវិញដោយសុំបន្ថែមជម្រៅ ១៥០ម៉ែត្រ ។

នៅក្នុងលិខិតដែលក្រុមសហគមន៍ សិប្បកររ៉ែមាសបានស្នើសុំរួមជាមួយស្នាមមេដៃចំនួន៥២៧នាក់ បានលើក ឡើងថា តំបន់សហគមន៍រ៉ែមាសចុងផ្លាស់ ជាតំបន់ដែលពួកគាត់រស់នៅ និងប្រកបមុខរបរធ្វើរ៉ែមាសតាមបែបបុរាណលក្ខណៈ គ្រួសារ តាំងពីឆ្នាំ១៩៨៨មកម្ល៉េះ រហូត ដល់ឆ្នាំ២០១៥ ទើបក្រសួងរ៉ែ និងថាមពល ផ្តល់សិទ្ឋិស្របច្បាប់លើការធ្វើអាជីវកម្មរ៉ែមាស (ទ្រង់ទ្រាយតូច) ដល់សហគមន៍ សិប្បកររ៉ែចុងផ្លាស់ ដោយកំណត់ជម្រៅមិនឲ្យលើសពី២០ម៉ែត្រ ។ ប៉ុន្តែរយៈពេលមួយ ឆ្នាំជាងមកនេះ ក្រោយពីពួកគាត់អនុវត្ត តាមការកំណត់ជម្រៅមិនឲ្យលើស២០ ម៉ែត្រគឺពុំទទួលបានទិន្នផលរ៉ែនោះទេ ។

ពួកគាត់ស្នើសុំបន្ថែមជម្រៅនៃការជីកយករ៉ែនេះដល់១៥០ម៉ែត្រ ដោយលើក ឡើងថា បច្ចុប្បន្នក្រសួងរ៉ែ និងថាមពល បានចេញប្រកាសឲ្យក្រុមហ៊ុនចិនមួយ ដែលកំពុងធ្វើអាជីវកម្មក្បែរនោះ រហូត ដល់ជម្រៅរាប់ពាន់ម៉ែត្រ ។

នៅក្នុងលិខិតដដែលបានបន្តថា ម្យ៉ាង វិញទៀតពួកគាត់ជាប្រជាពលរដ្ឋរស់នៅ តំបន់នេះ គឺពឹងផ្អែកទាំងស្រុងលើមុខរបរធ្វើអាជីវកម្មរ៉ែមាសជាចម្បងសម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃ ព្រោះថាដីតំបន់នោះជាតំបន់មិនអាចធ្វើកសិកម្មបានហើយដើម្បីឲ្យមានថវិកាចំណូលចូលជាតិ និង ចំណូលសម្រាប់ពលរដ្ឋក្នុងខេត្ត ។

លោក សាន់ ដារិទ្ធ ប្រធានមន្ទីររ៉ែ និង ថាមពលខេត្តមណ្ឌលគិរីបានឲ្យដឹងថា ដើម្បីគ្រប់គ្រងការធ្វើអាជីវកម្មរ៉ែមាសបែបអនាធិបតេយ្យ ក្រសួងសម្រេចឲ្យមន្ទីររៀបចំ ចងក្រងជាសហគមន៍សិប្បកររ៉ែមាសដើម្បីមានភាពងាយស្រួយដល់បងប្អូនប្រជាពល រដ្ឋក្នុងមូលដ្ឋានអាចប្រកបរបររករ៉ែបានស្របច្បាប់ ។ លោកថាទោះជាយ៉ាងណាក៏ក្រសួងមិនបានព្រងើយកន្តើយអនុញ្ញាតឲ្យជនខិលខូចអាចបន្លំយកច្បាប់ដែល ក្រសួងចេញឲ្យទៅធ្វើអាជីវកម្មខុសកិច្ច សន្យាដែរ ដោយមន្ទីរជំនាញតែងបានចុះត្រួតពិនិត្យ និងតាមដានជាប់ជាប្រចាំ ។

លោកបានបន្តថា មន្ទីររ៉ែនិងថាមពល ខេត្តមណ្ឌលគិរីបានចេញសេចក្តីសម្រេចបញ្ចប់កិច្ចព្រមព្រៀង និងដកហូតអាជ្ញាប័ណ្ណអាជីវកម្មរ៉ែមាស (ទ្រង់ទ្រាយតូច) កាលពី ថ្ងៃទី២៧ មិថុនា ២០១៦ សរុប៤២អាជ្ញា ប័ណ្ណរបស់សមាជិកសហគមន៍សិប្បកររ៉ែចុងផ្លាស់ ស្ថិតនៅឃុំចុងផ្លាស់ ស្រុកកែវ សីមា ។

ចំពោះការស្នើសុំរបស់ប្រជាសហគមន៍រ៉ែមាស ក្នុងស្រុកកែវសីមា ដែលមានដាក់ជូនទៅខុទ្ទកាល័យសម្តេចតេជោ និង ក្រសួងរ៉ែ និងថាមពល កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦ រហូតមកដល់រសៀល ថ្ងៃទី២៦ ខែតុលានេះ គេនៅមិនទាន់ទទួលបានការឆ្លើយតបណាមួយពីមន្ត្រីរដ្ឋាភិបាលដល់ប្រជាពលរដ្ឋនៅឃុំចុងផ្លាស់នោះទេ ៕

kiri-1 kiri-1 kiri-2

...

ដោយ៖ ហេង នរិន្ទ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print