មាស សុខសោភា ជំរុញស្ត្រីខ្មែរឲ្យស្វែងយល់ពីជំងឺមហារីកសុដន់

ចែករំលែក៖

ភ្នំពេញ៖ តារាចម្រៀងស្រីល្បីឈ្មោះប្រចាំផលិតកម្មថោន កញ្ញា មាស សុខសោភា បានបង្ហោះសារក្រើនរំលឹកដល់ស្ត្រីទាំងឡាយឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះ ជំងឺមហារីកសុដន់ ។ ក្រើនរំលឹកព្រោះតែកន្លងមកជំងឺដ៏កាចសាហាវនេះបានសម្លាប់ស្ត្រីទូទាំងពិភពលោក ក្នុងនោះក៏មានស្ត្រីនៅកម្ពុជាជាច្រើនបានស្លាប់ដោយសារជំងឺនេះ។

បន្ទាប់ពីចូលរួមសកម្មភាពសង្គមជាហូរហែរ តារាចម្រៀង មាស សុខសោភា បានផ្ញើសារបង្ហញពីក្តីព្រួយបារម្ភ ក៏ដូចជាក្រើនរំលឹកដល់ស្តី្រទាក់ទិននឹងសុខភាពផ្ទាល់ខ្លួន។ នៅលើគេហទំព័រផ្ទាល់ខ្លួនដែលមានអ្នកចុចLike ជាង៣,៥លាននាក់ តារាចម្រៀងរូបនេះលើកឡើងថា “នាងសូមអភ័យទោសសំរាប់ការផុស Status មួយនេះ ក្នុងនាមជាស្រ្តីម្នាក់ ការយកចិត្តទុកដាក់ចំពោះសុខភាព បានក្លាយទៅជាកត្តាចំបងសំរាប់នារីយើងនាពេលបច្ចុប្បន្ននេះ”។ នាងបន្តថា ”ភាគច្រើនបញ្ហាជាទូទៅរបស់ស្រ្តីខ្មែរនៅក្នុងប្រទេសកម្ពុជា គឺជំងឺមហារីកសុដន់ ដែលស្រ្តីមួយចំនួនធំបានមើលរំលង ព្រមទាំងមិនយកចិត្តទុកដាក់ចំពោះជំងឺមហារីកមួយនេះជំងឺមហារីកសុដន់បានក្លាយជាជំងឺដែលកាចសាហាវព្រមទាំងបានសំលាប់ស្រ្តីខ្មែរយ៉ាងច្រើន”។ មានការពិនិត្យតាមដានសុខភាពដោយខ្លួនឯងបានចំនួន៨ចំណុចដែលអាចឲ្យស្វែងយល់ដោយខ្លួនឯងតាមរូបភាពខាងក្រោមនេះ៖

១ .សុដន់ផ្លាស់ប្ដូរទំហំ និង ទម្រង់

២. មានសភាពរមាស់និងឡើងក្រហម នៅលើសុដន់ ឬ ក្បាលសុដន់

៣. សារធាតុរាវចេញពីក្បាលសុដន់ទាំងសងខាង ឬ តែម្ខាង

៤. មានដុំពក ត្រង់បរិវេន ក្លៀក ឬ ក

៥. ដុំកីស ឬ ដុំទឹក វាមានលក្ខណៈខុសពីសាច់សុដន់

៦. ពេលខ្លះសុដន់ប្រែទៅជាប៉ោង ឬ ផតចូល

៧. ក្បាលសុដន់លឹបចូលក្នុង ឬ ផ្លាស់ប្តូរទីតាំង និង ទំហំ

៨. មានអារម្មណ៍ថាឈឺនៅបរិវេនសុដន់ ឬ ក្លៀក

គួរបញ្ជាក់ដែរថា ជំងឺមហារីកសុដន់គឺជាដុំសាច់ប្រភេទកាចមួយដែលឧស្សាហ៍ជួបប្រទះនៅលើស្ត្រីភេទ ហើយអត្រាកើតជម្ងឺនេះមានការកើនឡើងជារៀងរាល់ឆ្នាំ។ យោងតាមស្ថិតិបង្ហាញថា អត្រាកើតមានជំងឺមហារីកសុដន់ឈានទៅដល់៧ទៅ១០ភាគរយក្នុងអត្រាអ្នកមានដុំសាច់ប្រភេទកាចទាំងអស់។ ជាពិសេសក្នុងចន្លោះអាយុពី៤០ដល់៦០ឆ្នាំ ស្រ្តីដែលមុននិងក្រោយអស់រដូវមានអត្រាអាចកើតជំងឺនេះកាន់តែខ្ពស់៕

sophea-1 sophea-10 sophea-2 sophea-11 sophea-6 sophea-8 sophea-9 sophea-5 sophea-7 sophea-3 sophea-4

...

ដោយ៖ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print