ខេត្តកណ្ដាល៖ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្ដាល កាលពីថ្ងៃទី២៧ ខែតុលា សម្រេចឃុំខ្លួនបុរសម្នាក់ដាក់ពន្ធនាគារបណ្តោះអាសន្ន ដើម្បីស៊ើបអង្កេតករណីចាក់ប្អូនស្រីជីដូនមួយអាយុ១៥ឆ្នាំជាច្រើនតួឡឺវីសដើម្បីរំលោភសេពសន្ថវៈតែមិនបានសម្រេច ។
ជនសង្ស័យឈ្មោះ ទុយ ម៉េង អាយុ៤២ឆ្នាំ ត្រូវបានលោក ហេង ផេង ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្ដាល កាលពីព្រឹកថ្ងៃទី២៦ ខែតុលា សម្រេចចោទប្រកាន់ពីបទ ប៉ុនប៉ងរំលោភសេពសន្ថវៈមានស្ថានទម្ងន់ទោសទាក់ទងនឹងជនរងគ្រោះ តាមមាត្រា២៧និង ២៤១នៃក្រមព្រហ្មទណ្ឌ ។ បទល្មើសនេះកំណត់ការផ្តន្ទាទោសដាក់ពន្ធនាគារពី៧ឆ្នាំទៅ១៥ឆ្នាំ ។
ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦ នៅចំណុចភូមិលេខ១(ក) ឃុំស្វាយរលំ ស្រុកស្អាង ។
ជនរងគ្រោះអាយុ១៥ឆ្នាំ មានស្នាមមុតត្រង់បំពង់ក ខាងស្ដាំចំនួន៣កន្លែង ស្នាមមុតត្រង់ថ្ពល់ខាងឆ្វេងចំនួន១កន្លែង និងមានស្នាមមុតត្រង់ក្បាលចំនួនមួយកន្លែង។
ប្រភពព័ត៌មានបានឲ្យដឹងថា ខណៈជនរងគ្រោះកំពុងដេកលក់នៅក្នុងបន្ទប់ ដែលបាំងវាំងននក្នុងផ្ទះរបស់ខ្លួនម្នាក់ឯង ស្រាប់តែឈ្មោះ ទុយ ម៉េង បានយកតួឡឺវីសគាស់ហែកទាញជញ្ជាំងស័ង្កសីចូលបន្ទប់ជនរងគ្រោះ រួចជនសង្ស័យបានសង្រ្គប់ពីលើជនរងគ្រោះ ទាំងជាប់មុងដោយអង្គុយពីលើពោះជនរងគ្រោះ ហើយបានយកតួឡឺវីសសម្រាប់វាស់ចរន្ដអគ្គិសនីចាក់បំពង់កជនរងគ្រោះ បណ្ដាលឲ្យមុតជាច្រើនកន្លែង ។ រំពេចនោះជនរងគ្រោះក៏ស្រែកហៅឲ្យគេជួយខ្លួន ទើបជនសង្ស័យបានរត់គេចខ្លួន។
លុះបានបន្តិចក្រោយមក ទើបសមត្ថកិច្ចនគរបាលប៉ុស្ដិ៍តាខ្មៅ សហការជាមួយសមត្ថកិច្ចនគរបាលប៉ុស្ដិ៍ស្វាយរលំ បានចុះធ្វើការឃាត់ខ្លួនជនសង្ស័យតែម្តង ។
នៅចំពោះមុខសមត្ថកិច្ចឈ្មោះ ទុយ ម៉េង បានសារភាពថា ខ្លួនពិតជាបានយកតួឡឺវីសចាក់បំពង់ក ជនរងគ្រោះ ពិតប្រាកដមែនដោយ អះអាងថាខ្លួន មានសភាពស្រវឹងស្រាបៀរខ្លាំងវង្វេងហើយមិនមានបំណងរំលោភ ឬសម្លាប់ជនរងគ្រោះទេ ៕
ដោយ៖ ចេស្តា