ភ្នំពេញ៖ រយៈពេល២ថ្ងៃក្នុងព្រឹត្តិការណ៍ ប្រកួតកីឡាជាតិលើកទី១អត្តពលិករបស់ខេត្តកំពតបាននិងកំពុងឈរនៅកំពូល តារាងចំណាត់ថ្នាក់បណ្តោះអាសន្នលើ ប្រភេទកីឡាវាយកូន ឃ្លីលើតុ និងកីឡា តេក្វាន់ដូ នេះបើយោងតាមតារាងលទ្ធផលចុងក្រោយរបស់គណៈកម្មការគ្រប់គ្រងការប្រកួតរបស់ប្រភេទកីឡានីមួយៗសម្រាប់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦កន្លងទៅ ។
សម្រាប់ប្រភេទកីឡាតេក្វាន់ដូដែល អត្តពលិករបស់ខេត្តកំពតដណ្តើមបាន មេដាយមាសនោះគឺទី១លើវិញ្ញាសា ប្រយុទ្ធទម្ងន់៤២-៤៦គ.ក្ររកបានដោយ កីឡាករ រិន ប៊ុនហួត ។ មេដាយមាសទី២ រកបានពីកីឡាវាយកូនឃ្លីលើតុវិញ្ញាសា វាយជាក្រុមនារី និងមេដាយមាសទី៣រកបានក្នុងប្រភេទកីឡាវាយកូនឃ្លីលើតុ វិញ្ញាសាវាយគូចម្រុះ បុរស-នារី ។ ចំណែក ឯមេដាយសំរឹទ្ធិចំនួន២គ្រឿងទៀតរកបានពីកីឡាវាយកូនឃ្លីលើតុដែរ គឺវិញ្ញាសា វាយក្រុមបុរស និងវិញ្ញាសា វាយគូចម្រុះ បុរស-នារី ។
សម្រាប់រាជធានីភ្នំពេញដណ្តើមបានមេដាយមាស១គ្រឿងនិងមេដាយប្រាក់៣គ្រឿងលើប្រភេទកីឡា តេក្វាន់ដូ និងកីឡា វាយកូនឃ្លីលើតុ។ ខេត្តបាត់ដំបងរកបាន មេដាយសំរឹទ្ធចំនួន២គ្រឿងលើប្រភេទ កីឡាតេក្វាន់ដូ។ ខេត្តសៀមរាបដណ្តើម បានមេដាយប្រាក់ចំនួន២គ្រឿងលើប្រភេទកីឡាតេក្វាន់ដូ។ ខេត្តកណ្តាលដណ្តើមបានមេដាយមាស១គ្រឿងពីវិញ្ញាសាតេក្វាន់ដូ ។ ខេត្តព្រះសីហនុដណ្តើមបានមេដាយមាសចំនួន១គ្រឿងមេដាយប្រាក់ចំនួន១គ្រឿងនិងមេដាយសំរឹទ្ធិចំនួន១គ្រឿងលើប្រទេស កីឡាតេក្វាន់ដូ និងកីឡាវាយកូនឃ្លីលើតុ។ ខេត្តមណ្ឌលគិរីដណ្តើមបានមេដាយសំរឹទ្ធិចំនួន១គ្រឿងលើប្រភេទកីឡាតេក្វាន់ដូនិងខេត្តស្ទឹងត្រែងដណ្តើមបានមេដាយប្រាក់១គ្រឿងនិងមេដាយសំរឹទ្ធិ ១គ្រឿងលើ ប្រភេទកីឡាវាយកូនឃ្លីលើតុ។
គួររំលឹកថា នៅយប់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៦ គឺជាពិធីបើកព្រឹត្តិការណ៍កីឡាជាតិលើដំបូងជាផ្លូវការក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ។ ព្រឹត្តិការណ៍កីឡាជាតិ នេះរដ្ឋបានគ្រោងចំណាយថវិកា១លាន ដុល្លារក្នុងនោះមានប្រតិភូកីឡាមកពី២០រាជធានី -ខេត្ត ស្មើនឹង១៥ប្រភេទកីឡាហើយកម្មវិធីមានអ្នកចូលរួមទស្សនាប្រមាណពី៥ទៅ៦ម៉ឺននាក់ក្នុងពិធីបើកនិងបិទ៕
ដោយ៖ សារីម