ភ្នំពេញ៖ តារាសម្តែងស្រីទើបនឹងល្បីឈ្មោះកញ្ញា យ៉ែម ស្រីពេជ្រ ត្រូវបានគេទម្លាយថា នាងបានជួបនឹងហេតុការណ៍ចម្លែកជាច្រើនគ្រាដែលបានចូលរួមសម្តែងក្នុងខ្សែភាពយន្តខ្នាតធំរបស់ផលិតកម្មឥន្ទ្រានិម្មិទ្ធគឺរឿង”កំណត់ហេតុនាងនាថ”។ តារាស្រីរូបនេះរៀបរាប់ថា នាងបានជួបហេតុការណ៍ដ៏គួរឲ្យព្រឺក្បាលស្ទើរលួសព្រលឹងជាច្រើនគ្រាដែលបានសម្តែងក្នុងខ្សែភាពយន្តខាងលើ។
ខ្សែភាពយន្តខ្នាតធំរបស់ផលិតកម្មឥន្ទ្រានិម្មិទ្ធរឿង “កំណត់ហេតុនាងនាថ” នឹងត្រូវចាក់បញ្ចាំងជាផ្លូវការចាប់ពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បន្ទាប់ពីទស្សនិកជនជាច្រើនទន្ទឹងរងចាំអស់ជាយូរ។ តារាសម្តែងក្នុងខ្សែភាពយន្តនេះជាច្រើនរូបត្រូវបានគេប្រាប់ឲ្យដឹងថា បានជួបហេតុការណ៍ចម្លែកៗជាច្រើនដែលតាមអបិយជំនឿគឺមានខ្មោចព្រាយបិសាច និងអ្នកថែរក្សាម្ចាស់ទឹកដីជាអ្នកបង្កើតឲ្យមាន គ្រាដែលពួកគេទៅថតខ្សែភាពយន្តខាងលើនៅក្នុងតំបន់ស័ក្កិសិទ្ធនាភូមិមួយនៃតំបន់រមណីយដ្ឋានទឹកវិល នៃទឹកដីខេត្តកំពត។
ក្នុងនោះតារាសម្តែង យ៉ែម ស្រីពេជ្រ ដែលសម្តែងជាតួអង្គនាងកែវ បានលើកឡើងអំពីឈុតឆាកដែលធ្វើឲ្យនាងស្ទើរតែលួសព្រលឹងម្តងៗព្រោះតែមានឈុតឆាកមួយចំនួនតម្រូវឲ្យនាងសម្តែងទាំងកណ្តាលអធ្រាត្រជាមួយនឹងការលូនវាចូលក្តាមជ្ឈូស។ តារាស្រីរូបនេះនិយាយាថា អ្នកមិនចេះខ្លាចខ្មោចក៏ត្រូវតែខ្លាចដែរ ព្រោះតែទីតាំងដែលថតនោះគឺពិតជាមិននឹកស្មានដល់។ នាងបន្តថា មិនឲ្យព្រឺក្បាលនិងភ័យខ្លាចយ៉ាងម៉េច បើមជ្ឈូសមួយដាក់នៅក្រោមដើមឈើដ៏ធំ ជាទីស្ងាត់ និងជាទីដែលប្រជាជនក្នុងតំបន់រមណីយដ្ឋានទឹកវិលជឿជាក់ថា មានអ្នកថែរក្សា និងជាទីជំនឿស័ក្កិសិទ្ធិសម្រាប់ប្រជាជនក្នុងតំបន់។ តារាស្រីវ័យ២០ឆ្នាំរូបនេះបន្តថា វាគឺជាខ្សែភាពយន្តលើកដំបូងដែលនាងចូលរួមសម្តែង ហើយក៏ជាខ្សែភាពយន្តដែលពោរពេញដោយភាពភ័យខ្លាចក្នុងអារម្មណ៍នាងជានិច្ចហើយពេលខ្លះមានការភ័យខ្លាចរហូតដល់យំក៏មាន។
នាងបញ្ជាក់ថា ក្នុងខ្សែភាពយន្តនេះនាងត្រូវលូនចូលទៅក្តាមជ្ឈូសរបស់នាងនាថជាមួយតួប្រុសម្នាក់ដែលសម្តែង ដោយលោក ចាន់ណា រ៉ូណាន ដើម្បីដកថ្មកែវចេញពីនាងនាថ និងដើម្បីជួយសង្គ្រោះតួអង្គម្នាក់ឲ្យរស់ឡើងវិញ។ នាងថា ឈុតនេះគឺនាងត្រូវដេកក្នុងត្តាមជ្ឈូសជាមួយនឹងតួខ្មោចនាងនាថ ហើយអ្វីដែលនាងខ្លាចគឺបរិយាកាសនៅជុំវិញទីតាំងថតគឺពិតជាគួឲ្យខ្លាច។ នាងបន្តថា មុនពេលថតឈុតនេះគឺឆ្កែអ្នកភូមីបានលូមិនឈប់ចាប់តាំងពីក្បាលព្រលប់រហូតទល់ភ្លឺរហូតតារាសម្តែងខ្លះមិនបានដេកពួនព្រោះតែអារម្មណ៍ភ័យខ្លាចហើយនៅពេលដែលថតក្នុងមជ្ឈូសនោះនាងហាក់មានអ្វីមកសង្កត់មួយសន្ទុះធំដែលធ្វើឲ្យនាងក្រោកមិនកើត។ ក្រៅពីហេតុការណ៍នេះនៅមានហេតុការណ៍ជាច្រើនទៀតដែលនាងនិងក្រុមការងារផលិតខ្សែភាពយន្តខាងលើបានជួបដូចជាការថតរូបជាប់ស្រមោលអ្វីម្យ៉ាងដែលអ្នកភូមិនៅទីនោះលើកឡើងថា ជាអ្នកថែរក្សាតំបន់នោះបានបង្ហាញខ្លួនឬ ក៏ព្រលឹងនាងនាថបានបង្ហាញខ្លួនជាដើម។ នាងថាក្រោយពីជួបហេតុការណ៍ទាំងនេះនាងចេញទៅណាមកណាពេលយប់ក៏ត្រូវមានគ្នាដែរគឺជាមួយម្តាយដែលសូម្បីតែការចូលបន្ទប់ទឹក។ តារាស្រីរូបនេះលើកឡើងដែរថា បន្ទាប់ពីមានអារម្មណ៍មិនស្រឡះក្នុងចិត្តនាងក៏ឲ្យម្តាយនាងស្រោចទឹកឲ្យ និងសែនព្រេននំចំណីជូនដល់អ្នកថែរក្សាម្ចាស់ទឹកម្ចាស់ដីដើម្បីឲ្យការសម្តែង របស់នាងនិងសិល្បករផ្សេងទៀតទទួលបានជោគជ័យ។
បើទោះបីជាជួបឧបសគ្គដោយភាពភ័យខ្លាចមែនប៉ុន្តែតារាស្រីរូបនេះបានចាត់ទុកថាគឺជាការផ្តល់ឱកាសរបស់ផលិតករសម្រាប់នាងប្រឡូកក្នុងអាជីពសម្តែងជាលើកដំបូង ហើយនាងពិតជាពេញចិត្តនឹងការសម្តែងតួអង្គខាងលើ។ អ្វីដែលនាងកាន់តែសប្បាយចិត្តទៀតនោះគឺក្រោយពេលដែលខ្សែភាពយន្តនេះទទួលបានការគាំទ្រច្រើនពីទស្សនិកជនក្រោយពីផលិតករបញ្ចេញឈុតឆាកខ្លីៗ(Trailer)កាលពីកន្លងទៅ ហើយនាងរំពឹងថា ខ្សែភាពយន្តនេះនឹងទទួលបានការគាំទ្រច្រើនពីទស្សនិកជន។
គួរបញ្ជាក់ដែរថា ខ្សែភាពយន្តខ្នាតធំដំបូងរបស់ផលិតកម្មឥន្ទ្រានិម្មិទ្ធរឿង”កំណត់ហេតុនាងនាថ”បានចាប់ផ្តើមផលិតចាប់តាំងពីអំឡុងខែកុម្ភៈឆ្នាំ២០១៦មកម្ល៉េះ។ ខ្សែភាពយន្តបែកកំប្លែង កំសត់ និងភ័យរន្ធត់នេះមានការចូលរួមពីសំណាក់តារាសម្តែងក្មេងចាស់ប្រុសស្រីល្បីឈ្មោះជាច្រើនរូប ដែលនឹងចាក់បញ្ចាំងនៅរោងភាពយន្តជាច្រើនទាំងភ្នំពេញ និងខេត្តសៀមរាបចាប់ពីថ្ងៃទី២៤ខែវិច្ឆិកានេះតទៅ៕
ដោយ៖ វឌ្ឍនា