សម្ពោធបើកការដ្ឋានសាងសង់ និងជួសជុលផ្លូវជាតិ ផ្លូវក្នុងក្រុងព្រះសីហ​នុ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦ សាធារណការនិងដឹកជញ្ជូនខេត្តព្រះសីហនុ បើកការដ្ឋានសាងសង់ និងជួសជុកផ្លូវជាតិ និងផ្លូវក្នុងក្រុងព្រះសីហនុ ក្រោមអធិបតីភាពលោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន, លោក ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត, លោក យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ។

លោក ណុប ហេង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ បានឲ្យដឹងថា ដោយការយកចិត្តទុកដាក់ផ្តល់គម្រោងថវិកាចុងឆ្នាំ២០១៦ សម្រាប់រៀបចំសាងសង់ជួសជុលកំណាត់ផ្លូវជាតិលេខ៤ ចាក់ពង្រីកក្រាលបេតុងសសៃដែកប្រវែង ៣២៩៥ម៉ែត្រ គុណ ៨ម៉ែត្រ សម្រាប់កន្លងមកឲ្យរថយន្តដឹកទំនិញធុនធ្ងន់បើកបរ ។ ផ្លូវទី២ រង្វង់មូលវាលរេញទំហំ៩៩៧៩ម៉ែត្រការ៉េ ចាក់ក្រាលបេតុង ។ ទី៣ ផ្លូវរង្វង់មូលវាលរេញទំហំ ៨៥៩២ម៉ែត្រការ៉េ ចាក់ក្រាលកៅស៊ូ A/C និងទី៤ ផ្លូវលេខ៥០០, ៥០២ ,៤០០ ទំហំ៣១៧៩០ ម៉ែត្រការ៉េ ចាក់ក្រាលកៅស៊ូ A/C ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន មានប្រសាសន៍លើកឡើងដោយសង្កត់ធ្ងន់ថា ការបើកការដ្ឋាននាពេលនេះ ដើម្បីជួយសម្រួលការកកស្ទះចរាចរណ៍នៅខេត្តព្រះសីហនុ ខេត្តមានសក្តានុពលសេដ្ឋកិច្ចក្នុងការដឹកជញ្ជូន មានផ្លូវដែក ផ្លូវទឹក ផ្លូវអាកាស និងផ្លូវគោក ។ លោកបន្តថា ការសាងសង់ផ្លូវថ្នល់ដោយសារកំណើនទេសចរជាតិ-អន្តរជាតិមកលេងកម្សាន្តខេត្តព្រះសីហនុមានការកើនឡើងជារៀងរាល់ឆ្នាំ គឺត្រូវធ្វើយ៉ាងណាឲ្យមានគុណភាព កុំឲ្យមានការធ្វើផ្លូវជាប់រហូត គឺការធ្វើខាងមុខ ខូចខាងក្រោយ ពោលគឺចាក់ស្តើងស៊ីក្រាស ចាក់ក្រាសស៊ីស្តើងល្មមឈប់ហើយ ដល់ពេលវេលាដែលយើងត្រូវធ្វើផ្លូវថ្នល់ប្រកប ដោយគុណភាព តាមលក្ខណបច្ចេកទេស គឺធ្វើជាប់បានយូរ ។ លោកទេសរដ្ឋមន្ត្រីបញ្ជាក់ថា ការជួសជុលផ្លូវក៏ដូចគ្នាដែរ បើមានសំបុកមាន់ត្រូវជួសជុលឲ្យហើយ កុំឲ្យផ្លូវសំបុកមាន់ក្លាយទៅជាថ្លុកក្របី ។

លោកបានបន្តទៀតថា ក្រសួងនឹងរៀបចំម៉ូតូកង់បី ហើយនៅលើម៉ូតូកង់បីមានម៉ាស៊ីនភ្លើងមួយគ្រឿង ជើងដំរីមួយ ម៉ាស៊ីនបង្ហាប់មួយ ផ្លាកសញ្ញាចរាចរណ៍ ម៉ាស៊ីនកាត់ស្មៅ មានកៅស៊ូត្រជាក់ក្នុងការជួសជុលផ្លូវ ទោះបីភ្លៀងក៏យើងអាចជួសជុលបានដែរ ។ ក្រសួងបានរៀបចំចុះបញ្ជីយានយន្តតាមអនឡាញ ដើម្បីកាត់បន្ថយការចំណាយមិនប្រក្រតីសាកល្បង និងដាក់ឲ្យដំណើរការនៅដំណាច់ឆ្នាំ២០១៦នេះ ។ បច្ចុប្បន្នយើងបានប្តូរបណ្ណបើកបរតាមអនឡាញ ឈៀកឡានតាមប្រពន្ធអនឡាញ នូវពេលឡានត្រូវចូលមកឈៀក យើងទូរស័ព្ទទៅម្ចាស់ឡាន ហើយប្រពន្ធអនឡាញនេះយើងនឹងដាក់ឲ្យដំណើរការនៅចុងឆ្នាំ២០១៦ ឬនៅដើមឆ្នាំ២០១៧ខាងមុខនេះ ដើម្បីផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យមានប្រសិទ្ធភាព និងតម្លាភាព  ។

ក្រសួងបានដាក់មណ្ឌលប្តូរបណ្ណបើកបរនៅផ្សារស៊ីអនមល មានប្រជាពលរដ្ឋជាង២ម៉ឺននាក់ហើយបានមកប្តូរយកបណ្ណបើកបរ លប់បំបាត់ការរត់ការក្រៅផ្លូវការ ដោយអនុវត្តតាមប្រសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជា ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានផ្តាំផ្ញើឲ្យមន្ត្រីសាធារណការ និងដឹកជញ្ជូន ត្រូវត្រួតពិនិត្យគ្រប់ការដ្ឋាន ហើយត្រូវដើរហាត់ប្រាណពិនិត្យការងារមើលផ្លូវ ថែទាំជាប្រចាំសាកសមជាខេត្តតំបន់ឆ្នេរ និងជាទីក្រុងទេសចរណ៍ក្នុងប៉ូលទាំង៣ មានរាជធានីភ្នំពេញ សៀមរាប និងខេត្តព្រះសីហនុ។ ម្យ៉ាងទៀតខេត្តព្រះសីហនុ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាឲ្យរៀបចំពិធីបុណ្យសមុទ្រជុំទី២ នៅចុងឆ្នាំ២០១៦នេះ ដើម្បីបង្ហាញពីសក្តានុពលខេត្តទេសចរណ៍បែបធម្មជាតិ ៕

20161031_090750 20161031_091208 20161031_091720 20161031_102302 20161031_102804 20161031_090415

...

ដោយ៖ ឆ្លាម សមុទ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print