ភ្នំពេញ៖ ក្រុមអ្នកញៀនល្បែងសុីសងអាប៉ោងបៀដុះស្លែ៣នាក់ត្រូវបានសមត្ថកិច្ចខណ្ឌសែនសុខធ្វើការឃាត់ខ្លួនបន្ទាប់ពីមានសេក្តីរាយការពីប្រជាពលរដ្ឋ កាលពីវេលាម៉ោង៩ និង៣០នាទីយប់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦ នៅក្នុងភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខរាជធានីភ្នំពេញ។
ក្នុងការចុះបង្ក្រាបនេះដឹកនាំបញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ឯក ម៉ក់ ហុង អធិការនគរបាលខណ្ឌសែនសុខ និងមានការសម្របសម្រួលពីលោក សេង ហៀង ព្រះអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ និងកម្លាំងសមត្ថកិច្ចច្រុះជាច្រើននាក់ទៀត។
ក្នុងនោះសមត្ថកិច្ចឃាត់ខ្លួនមនុស្ស៣នាក់ មេអាប៉ោងម្នាក់ បៀ១ហ៊ូ និងម៉ូតូចំនួន៣គ្រឿង ។ អ្នកទាំងបីខាងលើមានទី១ឈ្មោះ ម៉ៅ ឌម ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរជាងសំណង់ ស្នាក់នៅផ្ទះជួលភូមិឫស្សីសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ទី២មានឈ្មោះ អែម ផល្លែម ភេទប្រុស អាយុ ៤២ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅផ្ទះជួលម្ដុំទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ និងទី៣ ឈ្មោះ អែម តូម៉ា ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរជាងអគ្គិសនីកម្ពុជា ស្នាក់នៅផ្ទះជួលភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
លោកវរសេនីយ៍ឯក ម៉ក់ ហុង បានប្រាប់ភ្នាក់ងារសារព័ត៌មាននគរដ្រេហ្គនថា ចំពោះអ្នកញៀនល្បែងអាប៉ោងនិងបៀខាងលើនេះ គឺមិនមានការដោះលែង ឬក៏សម្របសម្រួលណាមួយឡើយហើយលោកនឹងបញ្ជូនអ្នកទាំងនោះទៅតុលាការចាត់ការតាមនីតិវិធី។
លោកបានបញ្ជាក់ទៀតថា នៅក្នុងមូលដ្ឋានរបស់លោកត្រូវតែរឹតបណ្តឹងចាត់ការឲ្យអស់នូវល្បែងស៊ីសងគ្រប់ប្រភេទទាំងតូចទាំងធំហើយស្របទៅនិងបទបញ្ជាដែលក្រសួងមហាផ្ទៃទើបតែនិងដាក់មកឲ្យខាងសមត្ថកិច្ចទូទាំងប្រទេសបង្ក្រាបល្បែងសុីសងគ្រប់ប្រភេទនៅគ្រប់តំបន់។
ប្រជាពលរដ្ឋកំពុងតែរង់ចាំមើលថា តើតុលាការនឹងមានការដោះលែងអ្នកញៀនល្បែង អាប៉ោងទៀតដែរឫទេ ព្រោះគេសង្កេតឃើញថាតុលាការតែងតែធ្វើការដោះលែងក្រុមអ្នកញៀនល្បែងស៊ីសងជារើយៗខណៈសមត្ថកិច្ចមូលដ្ឋានព្យាយាមបង្ក្រាបនឹងបញ្ជូលទៅតុលាការ។
គួរបញ្ជាក់ថា បច្ចុប្បន្នក្រុមអ្នកញៀនល្បែងទាំង៣នាក់កំពុងត្រូវបានសាកសួរបន្ថែមនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី៕
ដោយ៖ តុង សីហា