មេបនល្បែងកន្ទុយលេខ៣រូបអុកឡុកទីក្រុងភ្នំពេញ

ចែករំលែក៖

ភ្នំពេញ៖ បើទោះជាសម្តេចក្រឡាហោមស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានចេញបទបញ្ជាឲ្យអាជ្ញាធរ សមត្ថកិច្ច មានវិធានការបង្ក្រាបបនល្បែងស៊ីសងគ្រប់ប្រភេទនោះឲ្យខាងតែបានក៏ដោយ ក៏គេនៅតែឃើញថា យ៉ាងតិចមានមេបនល្បែងធំៗចំនួន៣នាក់ មិនទាន់បង្ក្រាប ចាប់ខ្លួន អូសទៅផ្តន្ទាទោសនៅឡើយទេរហូតមកដល់បច្ចុប្បន្ន ។

គេបានខ្សឹបខ្សៀវគ្នាថា មេបនល្បែងកន្ទុយលេខទាំង៣នាក់នោះ អ្នកខ្លះក្លាយជាឧកញ៉ា ដោយសារតែបើកទីតាំងកត់កន្ទុយលេខពេញរាជធានីភ្នំពេញ ក្នុងនោះរួមមាន ១ ឈ្មោះ ភក្ត្រ បើកកន្ទុយលេខនៅចំណុចផ្សារឈូកមាស ស្ថិតនៅក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ និងពង្រាយកូនកញ្ច្រែងរបស់ខ្លួនជាច្រើនរាប់ភ្លេច ។ ទីតាំងរបស់មេបនល្បែងរូបនេះមួយទៀត ស្ថិតនៅព្រែកឯង ហើយក៏ត្រូវបានសមត្ថកិច្ចបង្ក្រាបកូនចៅរបស់ពួកគេថ្មីៗនេះរួចមកហើយ នៅចំណុចទីតាំងភោជនីយដ្ឋានវាលស្បូវ ។ ២ មេបនល្បែងឈ្មោះ ព្រីង ហៅឧកញ៉ា ព្រីង មានទីតាំងកត់កន្ទុយលេខដ៏ធំបំផុតនៅខាងក្រោយមណ្ឌលសុខភាពទឹកថ្លា ម្តុំជីនណាន ស្ថិតក្នុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ និង៣ មេបនល្បែងកន្ទុយលេខឈ្មោះ លីន ប៉ៅផ្តាច់ដើម្បីឲ្យកូនកញ្ច្រែងកត់កន្ទុយលេខនៅក្នុងដែនរដ្ឋបាលខណ្ឌឫស្សីកែវ ។

មេឈ្មួញទាំងបីរូបនេះត្រូវគេចាត់ទុកថា មេបនល្បែងចំណាត់ថ្នាក់ ជាប្អូនធម៌មេៗសមត្ថកិច្ច ជាកូនធម៌មេៗអាជ្ញាធរ ដូច្នេះ បទបញ្ជាសម្តេចក្រឡាហោមស ខេង អាចនឹងគ្មានប្រសិទ្ធភាព ប្រសិនបើអាជ្ញាធរ និងសមត្ថកិច្ចថ្នាក់មូលដ្ឋានទាំងនោះ កំពុងប្រឹងប្រមូលប្រយោជន៍ពីមេបនល្បែងទាំងនេះ មិនតែប៉ុណ្ណោះ ពួកគាត់ កំពុងមានចេតនាទុច្ចរិតក្នុងនាមជាសមត្ថកិច្ច និងអាជ្ញាធរ បង្កើតឲ្យមានបទល្មើសនៅក្នុងមូលដ្ឋាន ដូចជាករណី ឆក់ ប្លន់ បាញ់សម្លាប់ អំពើហិង្សា លួចកាប់សម្លាប់ ដោយសារថា សកម្មភាពបទល្មើសទាំងនេះ គឺផ្តើមចេញពីប្រភពនៃបនល្បែងស៊ីសងទាំងនោះ ។

គ្រាន់តែឈ្មួញទាំង៣រូបនេះ មានឱកាសបើកកត់កន្ទុយលេខ និងពង្រាយកញ្ច្រែងរបស់ខ្លួនពេញទីក្រុងភ្នំពេញ ពួកគេអាចរកចំណូលបានក្នុងមួយខែរាប់សិបម៉ឺនដុល្លារ ដែលជាលទ្ធភាពទាបបំផុត ដែលពួកគេអាចយកលុយទាំងនោះទៅបង់ប្រចាំខែឲ្យអាជ្ញាធរ សមត្ថកិច្ច ដើម្បីជាការបិទបាំង ប៉ុន្តែទង្វើទាំងនេះ វាបាននិងកំពុងជះឥទ្ធិពលដល់អាក្រក់ប៉ះពាល់ទៅនឹងសង្គម ទទួលរងនូវការរិះគន់ពីមជ្ឈដ្ឋានប្រជាពលរដ្ឋ ជាពិសេស បានគឃ្លើនទៅនឹងផ្លូវច្បាប់ ក៏ដូចជាគោលនយោបាយភូមិ សង្កាត់មានសុវត្ថិភាព និងអនុសាសន៍បទបញ្ជារបស់សម្តេចក្រឡាហោម ស ខេង ដែលទើបនឹងដាក់ថ្មីៗនេះផងដែរ ៕

ddd-768x576

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print