ខេត្តកណ្តាល៖ បុរសម្នាក់បានធ្វើសកម្មភាពវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះនិងវាយបងថ្លៃបណ្តាលឲ្យរងរបួសស្រាល ព្រោះតែខឹងទៅលើម្តាយក្មេកមិនព្រមចេញមុខខ្ចីលុយធនាគារឲ្យ កាលពីវេលាម៉ោង៦ល្ងាចថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិគោកអណ្តែត ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល ។
បន្ទាប់ពីមានហេតុការណ៍កើតឡើង ជនសង្ស័យត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលស្អាងភ្នំចាប់ខ្លួន បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ។
មន្ត្រីនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ស្រ៊ុន ហេង ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅក្នុងភូមិគោកអណ្តែត ឃុំស្អាងភ្នំ ស្រុកស្អាង ។ ចំណែកឯជនរងគ្រោះមានគ្នា២នាក់ ទី១-ឈ្មោះ ឡាំង វន ភេទស្រី អាយុ៥៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ត្រូវជាម្ដាយបង្កើតជនសង្ស័យ ទី២-ឈ្មោះ ទេស សាក់ ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ ត្រូវជាបងថ្លៃជនសង្ស័យ ។ ជនរងគ្រោះទាំង២នាក់រស់នៅភូមិ/ឃុំកើតហេតុខាងលើ ។
ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុស្ត្រីប្រពន្ធបានប្រើជនសង្ស័យជាប្តីឲ្យទៅទិញដូងឲ្យស្ត្រីជាម្តាយ ។ គ្រានោះជនសង្ស័យមិនព្រមទៅដោយខឹងទៅលើម្តាយរបស់ខ្លួនមិនព្រមចេញមុខខ្ចីលុយធនាគារឲ្យខ្លួន ។ មិនតែប៉ុណ្ណោះជនសង្ស័យបានស្រែកឡូឡាយកអង្ករចាក់ចោលទៅលើដី និងបានយកអំបោសដងដែកវាយគោយន្ត ។ ឃើញដូច្នេះបុរសជាបងថ្លៃបានចូលទៅឃាត់ ក៏ត្រូវជនសង្ស័យវាយបណ្តាលឲ្យរងរបួសស្រាល ។ ជនសង្ស័យនៅតែមិនអស់ចិត្តបានយកដំបងវាយបំផ្លិចបំផ្លាញជញ្ជាំងផ្ទះជនរងគ្រោះជាបងថ្លៃ បណ្តាលឲ្យរងការខូចខាតសង្ក័សីអស់ជាច្រើនផ្ទាំងផងដែរ ៕
ដោយ៖ ស្អាងជ័យ