ភ្នំពេញ៖ រថយន្តមិនស្គាល់ម៉ាកបើកកៀរម៉ូតូមួយគ្រឿងអូសជាច្រើនម៉ែត្រ រួចកិនពីលើបណ្តាលឲ្យបុរសម្នាក់ស្លាប់យ៉ាងអាណោចអ ធ័ម ពេលបើកម៉ូតូមកពីស្រុកកំណើតវិញ ក្រោយកើតហេតុរថយន្តបានបន្ថែមល្បឿនបើករត់បាត់ស្រមោល ។
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីម៉ោងជាង១១យប់ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវជាតិលេខ៦ ចន្លោះស្ពានទី១១និង១២ ស្ថិតក្នុងភូមិចំបក់មាស សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា ។
សមត្ថកិច្ចនគរបាលមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះខាងលើឈ្មោះ សាយ ម៉ាយ អាយុ៥៧ឆ្នាំ មុខរបរជាកម្មករសំណង់ មានស្រុកកំណើតនៅភូមិគងជ័យលិច ឃុំព្រែកកុយ ស្រុកកងមាស ខេត្តកំពង់ចាម ។
ប្រភពព័ត៌មានពីបុរសម្នាក់នៅកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងរូបលោកមិនបានដឹងថាមានមនុស្សស្លាប់ទេ ពេលដែលបើកជិតដល់កន្លែងកើតហេតុក៏ឃើញមនុស្សដេកផ្កាប់មុខបែកនៅកណ្តាលផ្លូវ និងមានម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម ស៊េរី២០០៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១P-៧០៤៨ ដួលកណ្តាលផ្លូវ ទើបគាត់រាយការណ៍ប្រាប់សមត្ថកិច្ចឲ្យចុះមកពិនិត្យនៅកន្លែងកើតហេតុ ។
បើតាមសម្តីរបស់សាច់ញាតិជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះបានឌុបប្រពន្ធទៅដល់ផ្ទះនៅស្រុកកងមាស ហើយក៏ប្រញាប់ត្រឡប់មកការដ្ឋានសំណង់នៅព្រែកលៀបវិញ ស្រាប់តែក្រោយមកមានគេទូរស័ព្ទថា ប្តីគាត់ត្រូវរថយន្តបុកស្លាប់ ។
បើតាមសមត្ថកិច្ចជំនាញចរាចរបានសន្និដ្ឋានជាជំហានដំបូងថា ជនរងគ្រោះអាចត្រូវរថយន្តបើកកៀរពីក្រោយអូសជាច្រើនម៉ែត្រ រួចកិនពីលើដាច់លលាដ៍ក្បាលផ្នែកខាងលើស្លាប់តែម្តង ដោយនៅកន្លែងកើតហេតុសមត្ថកិច្ចពិនិត្យឃើញពីកន្លែងបុកដល់ទីតាំងសពមានប្រវែង១០ម៉ែត្រ ។
ក្រោយពេលកើតហេតុសមត្ថកិច្ចបានប្រគល់សពឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យនៅស្រុកកំណើត រីឯម៉ូតូសមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្តិ៍បាក់ខែង រង់ចាំព្រឹកឡើងឲ្យបងប្អូនយកឯកសារមកដើម្បីប្រគល់ម៉ូតូឲ្យម្ចាស់វិញ ៕
ដោយ៖ ជ្រោយពេជ្រ