ភ្នំពេញ៖ គ្រឹះស្ថានសិក្សារបស់រដ្ឋចំនួន២៤ទីតាំងនៅក្នុងខណ្ឌច្បារអំពៅចាប់ពីកំរិតបឋមសិក្សាទៅដល់វិទ្យាល័យបានបើកបវេសនកាលឆ្នាំសិក្សា២០១៦-២០១៧ ក្នុងថ្ងៃតែមួយ គឺថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៦ ។
សម្រាប់សាលាបឋមសិក្សា ក្តីតាកុយមានលោកអ៊ាង ស៊ីផាន អភិបាលខណ្ឌច្បារអំពៅ ជាអធិបតី , អនុវិទ្យាល័យវត្តក្នុង មានលោករស់ សុភ័ក្ត អភិបាលរងខណ្ឌជាអធិបតី , វិទ្យាល័យព្រែកឯង មានលោកណុប ផា អភិបាលរងខណ្ឌជាអធិបតី , សាលាបឋមសិក្សាហ៊ុនសែន កោះក្របី មានលោក ថេង សុថុល អភិបាលរងខណ្ឌជាអធិបតី ដោយឡែកនៅតាមគ្រឹះស្ថានសិក្សាមួយចំនួនទៀតត្រូវបានលោកអភិបាលខណ្ឌ មន្ត្រីក្រុមការងារទៅចូលរួមបើកបវេសនកាលផងដែរ ។
បន្ទាប់ពីអានសារលិខិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាចប់ លោក អ៊ាង ស៉ីផាន អភិបាលខណ្ឌច្បារអំពៅបានមានមតិសំណេះសំណាលជាមួយលោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្សដូច្នេះថា សូមលោកគ្រូ-អ្នកគ្រូ ចូលរួមចំណែកឲ្យបានជាមួយរាជរដ្ឋាភិបាលក្នុងការពង្រឹងគុណភាពអប់រំ ដើម្បីបណ្តុះចំណេះវិជ្ជាដល់ក្មេងៗជំនាន់ក្រោយឲ្យមានចំណេះដឹងពិតប្រាកដ ឲ្យក្លាយទៅជាទំពាំងដែលប្រកបទៅដោយគុណភាពដើម្បីបន្តវេនពីអ្នកជំនាន់មុន ព្រោះថាសិស្សានុសិស្សជំនាន់ថ្មីនេះ គឺជាទំពាំងស្នងឫស្សី ។ ដោយឡែកក្មួយៗសិស្សានុសិស្សកំពុងសិក្សាត្រូវខិតខំរៀនសូត្រដើម្បីអនាគតរបស់ក្មួយៗ ត្រូវធ្វើខ្លួនឲ្យក្លាយខ្លួនទៅជាសិស្សល្អ កូនល្អ និងមិត្តល្អ ជៀសឲ្យឆ្ងាយ ពីសកម្មភាពទំនើងផ្សេងៗ និងត្រូវនិយាយថាទេចំពោះគ្រឿងញៀន ។ ដើម្បីជាការលើកទឹកចិត្តដល់លោកគ្រូ-អ្នកគ្រូដែលខិតខំបង្រៀនកាលពីឆ្នាំកន្លងទៅ លោកអភិបាលខណ្ឌបានឧបត្ថម្ភក្នុងម្នាក់៥ម៉ឺនរៀល មេក្រូមួយកំប្លេដល់សាលា ចំណែកសិស្សានុសិស្សទទួលបានប៊ិចសៀវភៅ និងថវិកា៥ពាន់រៀល ។
នៅអនុវិទ្យាល័យ វត្តក្នុង លោក រស់ សុភ័ក្ត អភិបាលរងខណ្ឌបានឧបត្ថម្ភដល់សិស្សានុសិស្សជាសម្ភារសិក្សា និងផ្តល់ថវិកា៩០ម៉ឺនរៀលដល់សាលាដើម្បីចាត់ចែងកិច្ចការងារផ្សេងៗ ៕
ដោយ៖ សណ្តោស