ភ្នំពេញ៖ ជនជាប់ចោទ១០នាក់ សារភាពថា កាលដែលពួកគេចូលរួមចែកចាយសេចក្តីអំពាវនាវរបស់រណសិរ្សរំដោះជាតិខ្មែរ លិខិតអញ្ជើញចូលរួមធ្វើបាតុកម្មប្រឆាំងនឹងវៀតណាម និងការចែកចាយមួកត្នោតដែលមានស្លាក រណសិរ្សរំដោះជាតិខ្មែរ នោះ គឺ ដោយសារចាញ់បោកអ្នកនយោបាយមួយចំនួន និង ចាញ់បោក លោក សម សេរី ដែលជាចលនាកំពុងរត់គេចខ្លួន ។ ពួកគេសង្ឃឹមថា ប្រសិនបើតុលាការដោះលែងពួកគេ នោះ ពួកគេនឹងចូលរួមបម្រើប្រទេសជាតិ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ។
ជាមួយគ្នានេះ ក្រុមជនជាប់ចោទប្រកាសថា នឹងប្តឹងលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ និង លោក សម សេរី ដោយទាមទារសំណងជំងឺចិត្តចំនួន១លានដុល្លារអាមេរិក ។
ជនជាប់ចោទទាំង១០នាក់ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ បើកសវនាការ កាលពីព្រឹកថ្ងៃទី៣១ ខែតុលា ក្រោមការចោទប្រកាន់ពីបទ ” រួមគំនិតក្បត់ ” តាមមាត្រា៤៥៣នៃក្រមព្រហ្មទណ្ឌ។ ប៉ុន្តែក្រោយការសួរដេញដោល លោកចៅក្រម សាន្ត សុផាត បានលើកពេលប្រកាសសាលក្រមទៅរសៀលថ្ងៃទី១១ ខែវិច្ឆិកា ខាងមុខនេះវិញ ។
ជនជាប់ចោទទាំង១០នាក់ មានឈ្មោះ ឈុន ណាគង់ អាយុ២៨ឆ្នាំ មុខរបរគ្រូបង្រៀន ឈ្មោះ លីវ យី អាយុ២៩ឆ្នាំ មុខរបរកសិករ ឈ្មោះ ឈុន ឆាត អាយុ២៩ឆ្នាំ មុខរបរកម្មករនៅប្រទេសថៃ ឈ្មោះ ច្រាញ់ ម៉ុច អាយុ២៤ឆ្នាំ មុខរបរនិស្សិតឆ្នាំទី៣ ផ្នែករដ្ឋបាល ឈ្មោះ ឡាត់ លីហេង អាយុ២២ឆ្នាំ មុខរបរកសិករ ឈ្មោះ ឆាយ វ៉ិច អាយុ៤០ឆ្នាំ មុខរបរគ្រូបង្រៀន ឈ្មោះ ឈឹម ស្ម័គ្រ អាយុ៥៧ឆ្នាំ មុខរបរកសិករ ឈ្មោះ ចាន់ រ៉ា អាយុ២៣ឆ្នាំ មុខរបរកសិករ ឈ្មោះ អាន ចាន់ អាយុ៣៥ឆ្នាំ មុខរបរកសិករ និងឈ្មោះ ចាន់ ស្នា អាយុ២៧ឆ្នាំ មុខរបរកសិករ ។
នាពេលសវនាការ ជនជាប់ចោទទាំង១០រូប បានលើកឡើងថា ប្រសិនបើតុលាការ រួមនឹងមេធាវី អាចជួយពួកគេបានចេញពីពន្ធនាគារ ពួកគេនឹងចូលរួមបម្រើប្រទេសជាតិ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន។
ជនជាប់ចោទទាំង១០នាក់បានលើកឡើងបន្តថា ពួកគេបានយល់ច្រឡំនិងចាញ់បោកពីសំណាក់អ្នកនយោបាយមួយចំនួន ហើយស្តាយក្រោយចំពោះទង្វើរបស់ពួកគេនាពេលកន្លងមក។
គួរបញ្ជាក់ថា សមាជិករណសិរ្សរំដោះជាតិខ្មែរ ដែលបានបង្កើត និងដឹកនាំដោយឈ្មោះ សម សេរី ជាប្រធានកំពុងរត់គេចខ្លួននៅក្រៅប្រទេសហើយក៏ត្រូវសមត្ថកិច្ចប្រកាសឃាត់ខ្លួនផងដែរ ៕
ដោយ៖ ចេស្តា