នាវាមុជទឹកដើរដោយថាមពលបរមា ណូ USS Pennsylvania របស់កម្លាំងទាហាន ជើងទឹកអាមេរិកបំពាក់កាំជ្រួចមីស៊ីលភ្ជាប់ក្បាលគ្រាប់បរមាណូបានទៅកាន់កោះ Guam ដើម្បីបញ្ជាក់ពីការសន្យាការពារ សន្តិសុខដល់សម្ពន្ធមិត្តអាមេរិកក្នុងតំបន់។
សារព័ត៌មាន CNN កាលពីថ្ងៃទី១ ខែ វិច្ឆិកាបានផ្សាយថា នាវាមុជទឹក USS Pennsylvania (SSBN735) បានទៅកាន់ កំពង់ផែ Apra កោះ Guam របស់អាមេរិក ស្ថិតនៅភាគខាងលិចប៉ាស៊ីហ្វិក។ នេះជា លើកទីមួយដែលនាវាមុជទឹក SSBN735ទៅកាន់ទីតាំងខាងលើចាប់តាំងពីនាវានេះបានដាក់ឲ្យប្រើប្រាស់នៅក្នុងជួរកងទ័ព ជើងទឹកអាមេរិកនៅឆ្នាំ១៩៨៩។
នាវាមុជទឹក SSBN735 ជាប្រភេទ Ohio ដែលមាន១៤គ្រឿងដោយក្នុងមួយគ្រឿងៗអាចបំពាក់កាំជ្រួចមីស៊ីលឆ្លងទ្វីប២៤ដើមភ្ជាប់ក្បាលគ្រាប់បរមាណូពី៨-១២ គ្រាប់លើកាំជ្រួចមីស៊ីលមួយដើម។ក្បាលគ្រាប់បរមាណូនីមួយៗមានកម្លាំងបំផ្លាញស្មើ៤៧៥គីឡូតុន។ នាវាមុជទឹកដែល បញ្ជូនទៅនោះគឺជានាវាធំបំផុតរបស់ ទាហានជើងទឹកអាមេរិក។
តាមការប្រកាសរបស់កម្លាំងទាហានជើងទឹកអាមេរិកការចូលទៅកាន់កោះ Guam ខាងលើរបស់នាវា SSBN735 បានឡើងគម្រោងជាយូរណាស់មកហើយដើម្បី ការពារសម្ពន្ធមិត្តរបស់អាមេរិក។
នៅទីតាំងទាហានជើងទឹក Guam អាមេ រិកធ្លាប់បានបញ្ជូនអាវុធទំនើបៗជាច្រើនទៅកាន់ទីនោះដូចជា យន្តហោះទម្លាក់ គ្រាប់រយៈចម្ងាយឆ្លាយដូចជា B1,B2,B 52។ ជាមួយនឹងការបញ្ជូននាវាមុជទឹកដើរដោយថាមពលបរមាណូទៅកាន់ទីនោះ នឹងធ្វើឲ្យកម្លាំងទាហានជើងទឹកអាមេរិកកាន់តែរឹងមាំការពារប្រទេសសម្ពន្ធមិត្តនៅក្នុងតំបន់ទាំងមូល៕
ប្រែសម្រួល៖ ម៉ែវ សាធី