ខេត្តកណ្តាល៖ ស្ត្រីមេម៉ាយម្នាក់ត្រូវអ្នកជិតខាងលបឡើងទៅលើផ្ទះព្យាយាមចាប់រំលោភសេពសន្ថវៈ តែមិនបានសម្រេចត្រូវស្ត្រីរងគ្រោះដឹងមុនស្រែកឲ្យអ្នកជិតខាងជួយបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង៩យប់ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦ ត្រង់ចំណុចលើផ្ទះស្ត្រីរងគ្រោះ ស្ថិតក្នុងភូមិគាត់លិច ឃុំជ័យធំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។
ជនសង្ស័យត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍ចាប់ខ្លួនបាន នៅរសៀលថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៦ តាមពាក្យបណ្តឹងស្ត្រីរងគ្រោះ ដើម្បីធ្វើការសាកសួរនិងកសាងសំណុំរឿងចាត់ការតាមច្បាប់ ។
មន្ត្រីនគរបាលស្រុកខ្សាច់កណ្តាលបានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានចាប់ខ្លួននោះឈ្មោះឃឹម ម៉ៅ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅក្នុងភូមិគាត់លិច ឃុំជ័យធំ ស្រុកខ្សាច់កណ្តាល ។ ចំណែកឯស្ត្រីរងគ្រោះឈ្មោះ ចាន់ ជា ភេទស្រី អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ ជាស្ត្រីមេម៉ាយ មានទីលំនៅក្នុងភូមិ/ឃុំកើតហេតុខាងលើ ។
ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុស្ត្រីរងគ្រោះបានឡើងទៅលើផ្ទះរៀបចំកន្លែងដេក ខណៈនោះស្រាប់តែឃើញជនសង្ស័យឈ្មោះ ឃឹម ម៉ៅ ដើរឡើងទៅផ្ទះរបស់ខ្លួន ។ ភ្លាមៗនោះស្ត្រីរងគ្រោះបានស្រែកប្រាប់ស្ត្រីជាម្តាយឲ្យបិទទ្វារ ចាប់ខ្លួនជនសង្ស័យជាប់នៅលើផ្ទះ ។
ប្រភពដដែលបានបន្តទៀតថា បន្ទាប់ពីចាប់ខ្លួនបានជនសង្ស័យបានលត់ជង្គង់សំពះអង្វស្ត្រីរងគ្រោះកុំឲ្យប្រាប់អ្នកជិតខាងបានដឹង ខណៈស្ត្រីរងគ្រោះភ្លេចខ្លួនជនសង្ស័យក៏រើបម្រះរត់ចុះពីលើផ្ទះគេចខ្លួនបាត់ស្រមោល ។ លុះព្រឹកឡើងស្ត្រីរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលជ័យធំឲ្យជួយអន្តរាគមន៍ រហូតថ្ងៃរសៀលស្អែក សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីធ្វើការសាកសួរនិងកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕
ដោយ៖ ស្អាងជ័យ