ភ្នំពេញ៖ បុរសម្នាក់បានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យនិងម្នាក់ទៀតរងរបួសធ្ងន់បន្ទាប់ពីពួកគេបានជិះម៉ូតូមួយគ្រឿងឌុបគ្នាលឿនខណៈកំពុងភ្លៀងហើយជ្រុលទៅបុករថយន្តដែលចតចោលតាមផ្លូវ កាលពីវេលាម៉ោង១១ និង៤០នាទីយប់ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅមុខរោងចក្រ ស្រាបៀរក្រោន តាមបណ្តោយផ្លូវវេងស្រេង ក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
បុរសដែលរបួសធ្ងន់ធ្ងររហូតដល់ស្លាប់នៅមន្ទីរពេទ្យត្រូវបានគេស្គាល់ឈ្មោះគង់ ឌី ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរបុគ្គលិក ក្រុមហ៊ុន ហុងដា ស្រុកកណើតនៅភូមិដំណាក់ ឃុំពេជ្រជលសា ស្រុកកោះអណ្តែត ខេត្តតាកែវ និងអ្នករួមដំណើរម្នាក់ទៀតមិនត្រូវបានគេស្គាល់អត្តសញ្ញាណនោះទេ ដោយបើកបរម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្ដាល1P-4027។ ចំណែកឯម្ចាស់រថយន្តមិនត្រូវបានគេស្គាល់អត្តសញ្ញាណនោះឡើយ ដោយឃើញតែរថយន្តម៉ាកអុីស៊ុយស៊ុយ ប្រភេទយីឌុប(ផ្ទុកកុងតឺន័រ)ពណ៌សរពាក់ស្លាកលេខពោធិ៍សាត់3A-0397។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញជនរងគ្រោះជិះម៉ូតូមួយគ្រឿងមានគ្នាពីរនាក់ធ្វើដំណើរតាមបណ្ដោយផ្លូវវេងស្រេងក្នុងទិសដៅពីលិចទៅកើតយ៉ាងលឿន ខណៈដែលមេឃកំពុងភ្លៀងរលឹមស្រិៗ ។ លុះមកដល់ចំណុចកើតហេតុដោយវាក់អើនឹងរថយន្តមួយគ្រឿងដែលចតតាមដងផ្លូវក្នុងទិសដៅស្របគ្នាយ៉ាងអនាធិបតេយ្យក៏ជ្រុលទៅបុកពីក្រោយពេញទំហឹងបណ្តាលឲ្យជនរងគ្រោះជាអ្នកបើកបរបោកក្បាលបុកចំពីក្រោយរថយន្តបែកហូរឈាមស្រោចពេញខ្លួន និងម្នាក់នៅពីក្រោយរងរបួសធ្ងន់។ បន្ទាប់មកគេឃើញមានរថយន្តសង្គ្រោះរបស់គ្លីនិកឯកជនមួយគ្រឿងមកដល់កន្លែងកើតហេតុហើយដឹកតែអ្នករួមដំណើរដែលរងរបួសធ្ងន់ស្រាលជាងទៅបាត់ទុកអ្នករងរបួសធ្ងន់ចោលនៅកន្លែងកើតហេតុ។
តាមប្រភពដដែលបានបន្តទៀតថា ក្រោយពីរថយន្ដសង្គ្រោះរបស់គ្លីនិកឯកជនដឹកជនរងគ្រោះម្នាក់ទៅហើយ គេក៏ឃើញរថយន្តសង្គ្រោះរបស់អង្គភាព៧១១ហៅ(ង៧០)ដឹកជនរងគ្រោះរងរបួសធ្ងន់ធ្ងន់ធ្ងរជាងគេទៅមន្ទីរពេទ្យព្រះកុសុមះ(មន្ទីរពេទ្យលោកសង្ឃ)ដើម្បីព្យាបាលតែអកុសលបានដាច់ខ្យល់ស្លាប់នៅមន្ទីពេទ្យបាត់ទៅហើយ។
ក្រោយពីកើតហេតុគេឃើញសមត្ថកិច្ចមូលដ្ឋានបានចុះទៅកន្លែងកើតហេតុដើម្បីធ្វើចរាចរណ៍ព្រមទាំងទំនាក់ទំនងនគរបាលចរាចរណ៍នៃស្នងការរាជធានីភ្នំពេញមកទទួលយកម៉ូតូជនរងគ្រោះនិងរថយន្តបង្កហេតុទៅរក្សាទុក ដើម្បីរងចាំការដោះស្រាយនៅពេលក្រោយ។
តាមប្រភពដដែលបានរិះគន់ទៅលើអាជ្ញាធរពាក់ព័ន្ធមិនអើពើចំពោះរថយន្តដែលចតនៅតាមដងផ្លូវបង្កឲ្យមានគ្រោះថ្នាក់ជាញឹកញាប់។ ទោះបីជារថយន្តដែលចតនៅកន្លែងកើតហេតុជាច្រើនគ្រឿងយ៉ាងណាក៏ដោយក៏ពុំដែលឃើញមានការបង្ក្រាបទប់ស្កាត់ជៀសវាងគ្រោះថ្នាក់សង្ស័យខ្លាចបុណ្យស័ក្ដិអ្នកមានអំណាចហើយមើលទៅទើបមិនហ៊ានធ្វើ ខណៈដែលមានគ្រោះថ្នាក់ជាច្រើនដងមកហើយ៕
...
ដោយ៖ សុខាសែនជ័យ