ភ្នំពេញ៖ ជាថ្មីម្តងទៀតប្រធានសមាគមសិល្បករខ្មែរ លោក សុះ ម៉ាច បានអំពាវនាវឲ្យក្រសួង ផលិតករ សិល្បករសិល្បការិនីបញ្ចប់ការយកបទចម្រៀងដែលជាស្នាដៃរបស់សិល្បករជំនាន់មុនមកច្រៀងជាថ្មីហើយធ្វើការកែច្នៃថ្មីធ្វើឲ្យបាត់បង់ទម្រង់ដើម។ ការស្នើនេះត្រូវបានធ្វើឡើងក្រោយពីគេសង្កេតឃើញមានផលិតកម្មមួយចំនួនបានយកស្នាដៃបទច្រៀងរបស់សិល្បករទសវត្សរិ៍ទី៦០ និង៧០មួយចំនួនមកផលិតសារជាថ្មី។
លោក សុះ ម៉ាច បានលើកឡើងថា “ឈប់បានគួរតែបញ្ឈប់ទៅ! នេះជាពាក្យដែលខ្ញុំបាទសូមសំណូមពរទៅដល់ក្រសួង ផលិតករ សិល្បករសិល្បការិនីល្បីៗចាស់ថ្មីមួយចំនួនដែលកន្លងមកក៏ដូចជាសព្វថ្ងៃបាននិងកពុងតែយកបទចំរៀងមរតកដើមរបស់វរៈកវីវរៈល្បករវរៈសិល្បការិនីជំនាន់មុនមកកាឡៃប្តូរទំនុកច្រៀងពីប្រុសទៅស្រីពីស្រីមកប្រុសយ៉ាងអាណាធិបតេយ្យនោះ”។ លោកបន្តថា គួរតែបញ្ឈប់ហើយងាកមកនាំគ្នារួបរួមជួយអភិរក្សនិងផលិតនូវបទភ្លេងទំនុកច្រៀងថ្មីឲ្យបានច្រើនវិញនោះវាប្រសើរជាជាង! ម៉្យាងវិញទៀតវាជួយជំរុញឲ្យវិស័យសិល្បៈចម្រៀងរបស់យើងមានការអភិវឌ្ឃ និងមានភាពរីកចម្រើនតទៅថ្ងៃមុខ។ លោករំលឹកដែរ ថាកាលពីដើមឆ្នាំ២០១៦ក្រសួងវប្បធម៌បានចេញសេចក្តីប្រកាសរាល់បទចម្រៀងមរតកដើមត្រូវអភិរក្សថែរក្សាដោយហាមយកទៅចម្លងនិងកាឡៃធ្វើអាជីវកម្មប៉ុន្តែរហូតមកដល់ពេលនេះហាក់ពុំមានការយកចិត្តទុកដាក់គោរពនិងអនុវត្តន៍តាមការណែនាំរបស់ក្រសួងពីសំណាក់ផលិតកម្ម កវី និងតារាចម្រៀងល្បីៗមួយចំនួនសោះឡើយហើយបែរជាបន្តបន្ថែមយកបទមរតកដើមទាំងនោះមកកាឡៃប្តូរទំនុកព្រោងព្រាតទៀតផង បើទោះបីជាបទចម្រៀងទាំងនោះរួមទាំងបទចំរៀងទាំង១៣០បទរបស់លោកស៊ីនស៊ីសាមុតនិង១បទរបស់អ្នកស្រីរស់សេរីសុទ្ធាកំពុងតែស្ថិតនៅក្រោមការគ្រប់គ្រងអភិរក្សកម្មសិទ្ធិបញ្ញារបស់ក្រសួងវប្បធម៌រយៈពេល១៤-១៥ឆ្នាំទៀតមុននឹងក្លាយជាសម្បត្តិសាធារណៈក៏ដោយ។
កូនប្រុសអតីតអ្នកចម្រៀងសុះ ម៉ាត់រូបនេះជឿជាក់ថា អ្វីៗទាំងអស់វាផ្តើមចេញពីឆន្ទៈនិងមនសិការរបស់យើងទាំងអស់គ្នាដែលត្រូវរួមចំណែកគិតគូរដល់ស្នាដៃរបស់ម្ចាស់ដើម។ លោកក៏សូមគោរពសរសើរដោយស្មោះអស់ពីដួងចិត្តដល់ផលិតករកវីតារាចម្រៀងប្រុសស្រីល្បីៗមួយចំនួនដែលយកចំណេះដឹងគំនិតប្រាជ្ញានិងពេលវេលាខំបង្កើតនូវបទចម្រៀងថ្មីរហូតដល់ទទួលបាននូវការគាំទ្រនិងល្បាញល្បីទៀតផង! ជាចុងក្រោយខ្ញុំបាទសង្ឃឹងនិងជឿជាក់យ៉ាងមុតមាំថាលោកអ្នកក៏ដូចជាមិត្តសិល្បះទាំងអស់គ្នានឹងមានឆន្ទៈមនសិការរួមចំណែកអភិរក្សលើកស្ទួយវិស័យសិល្បៈចម្រៀងឲ្យគង់វង្ស់ស្ថិតស្ថេរនិងរីកចម្រើនមិនខាន។
គួរបញ្ជាក់ដែរថា កន្លងទៅបទចម្រៀងមរតកដើមជាច្រើនត្រូវបានផលិតកម្ម មួយចំនួនដូចជាផលិតកម្ម ហង្សមាស ផលិតកម្មថោន ផលិតកម្មសាន់ដេជាដើម បានយកមកផលិតជាថ្មីជាមួយនឹងការច្រៀងរបស់សិល្បករជំនាន់ក្រោយ។ មានលេចចេញការរិះគន់ ច្រើនជាងសរសើរគ្រាដែលស្នាដៃទាំងនោះត្រូវបានយកមកផលិតនិងដាក់លក់នៅលើទីផ្សារ៕
ដោយ៖ វឌ្ឍនា