ត្រីកម្រគល់រាំង១ក្បាលធំទម្ងន់១៣០គីឡូក្រាម ត្រូវបានសង្គ្រោះ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ត្រីគល់រាំង១ក្បាលធំជាប្រភេទត្រីដ៏កម្រស្ទើរតែនឹងផុតពូជទៅហើយ ត្រូវបានប្រជានេសាទនិងមន្រ្តីជំនាញធ្វើការសង្រ្គោះទាន់ពេលបានមួយក្បាលទៀតហើយ បន្ទាប់ពីត្រីជាប់មងប្រជានេសាទនៅបឹងទន្លេសាប កាលពីព្រឹកថ្ងៃទី១ ខែវិច្ចិកា ឆ្នាំ២០១៦ នៅបឹងទន្លេសាប ត្រង់ចំណុចមុខកំពុងឃ្នាស ស្ថិតភូមិកំពង់លើ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់។

លោក ពិន វុទ្ធី នាយសង្កាត់រដ្ឋបាលជលផលក្រគរបានឲ្យដឹងថា ត្រី១ក្បាលធំនេះ ជាប្រភេទត្រីដ៏កម្រស្ទើរតែនឹងផុតពូជ(គល់រាំង) ត្រូវប្រជានេសាទប្រទះឃើញត្រង់ចំណុចខាងលើដែលបានជាប់មង ហើយក៏បានរាយការណ៍ប្រាប់មកសមត្ថកិច្ចជំនាញ ខណៈនោះយើងក៏បានសហការគ្នាទៅរំដោះដើម្បីសង្រ្កោះ ហើយបានលេងវាឲ្យមានសេរីភាពក្នុងទឹកបឹងទន្លេសាបវិញបើទោះជាវារៀងង៉លបន្តិចក្តី។

លោកនាយសង្កាត់បន្តថា ត្រីគល់រាំងជាភេទត្រីដ៏កម្រស្ទើរតែផុតពូជនេះ មានទម្ងន់ជាង១៣០គីឡូក្រាមឯណោះ។ លោកបន្តទៀតថា នេះជាលើកទី២ហើយដែលយើងបានសង្រ្គោះ ត្រីដ៏កម្រគល់រាំងដោយសារតែជាប់មងប្រជានេសាទ វាប្រកាច់ខំរើបម្រះអស់ច្រើនម៉ោងតែវាមិនងាប់នោះទេ។

លោករំលឹកថា កាលពីព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៦កន្លងមកនេះ នៅចំណុចក្បែរគ្នានេះដែរ ស្ថិតក្នុងភូមិ-ឃុំ-ស្រែកដដែលនេះ បានសង្រ្គោះត្រីកម្រគល់រាំងនេះ១ក្បាលដែរ ដែលមានទម្ងន់ប្រមាណជាង១១៥គីឡូក្រាម ហើយលោកបានបញ្ជាក់យ៉ាងច្បាស់ទៀតថា ត្រីនេះមិនមែនត្រីដែលបានសង្គ្រោះកាលពីលើកមុននោះទេ ព្រោះសម្បុលវាក៏ខុសគ្នាទម្រង់ដងខ្លួនវាក៏ខុសឆ្ងាយពីគ្នា(លើកមុនវារៀងតូចបន្តិចមូលវែង) ម្យ៉ាងទៀតទម្ងន់វាធ្ងន់ខុសគ្នាដែរ នេះបញ្ជាក់ឲ្យឃើញយ៉ាងច្បាស់ថាត្រីដ៏កម្រស្ទើរតែផុតពូជទៅហើយនោះ ឆ្នាំនេះប្រទះឃើញជាញឹកញាប់ដែរ ដូច្នេះហើយសូមប្រជានេសាទពលរដ្ឋទាំងជួយរក្សាគ្នាបន្តទៀតឲ្យខានតែបាន៕

pur6 pur4 pur3 pur5 pur1 pur2

...

ដោយ៖ បឹុម ពិន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print