ភ្នំពេញ៖ នារីក្រមុំម្នាក់បានរត់ចេញពីបន្ទប់ផ្ទះជួលមួយកន្លែងស្រែកឲ្យគេជួយខណៈដែលមានយុវវ័យម្នាក់ប៉ុនប៉ងចាប់រំលោភ កាលពីវេលាម៉ោងជាង៩ព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅក្នុងភូមិត្រពាំង ពោធិ៍សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ជនសង្ស័យឈ្មោះគុណ កក្កដា អាយុ២២ឆ្នាំ ជាអ្នកឃ្វាលគោ និងច្រូតស្មៅ មានទីលំនៅក្នុងភូមិព្រៃព្រិច ឃុំវាលពន់ ខេត្តកំពង់ស្ពឺ ។ ចំណែកឯនារីរងគ្រោះ ភេន កញ្ញា អាយុ១៦ឆ្នាំ មានស្រុកកំណើតនៅភូមិត្រពាំងក្អែក ឃុំវាលពន់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។
តាមប្រភពព័ត៌មានពីនារីរងគ្រោះបានឲ្យដឹងថា កាលពីរសៀលថ្ងៃទី១ ខែវិច្ឆិកា ម្សិលមិញ នាងនិងឪពុកម្តាយរបស់បានទៅចូលរួមពិធីបុណ្យកឋិនមួយនៅវត្តឈូកស ស្ថិតក្នុងឃុំវាលពន់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ខណៈដែលនាងកំពុងនៅម្នាក់ឯង ស្រាប់តែមានបុរស៤នាក់ បានចូលមកចាប់អូសនាងដាក់លើម៉ូតូដឹកចេញទៅ តែនាងហាក់ដូចត្រូវថ្នាំសណ្តំអញ្ចឹង ឃើញឪពុកម្តាយចង់ស្រែកឱ្យជួយ តែស្រែកមិនរួចហើយពួកគេពីមុនមកពុំដែលស្គាល់គ្នានោះទេ ។ បន្ទាប់មកជនទាំងនោះបានដឹកនាងមកផ្ទះជួលខាងលើ ហើយ៣នាក់ទៀតបានទៅអស់ សល់តែម្នាក់ជាជនសង្ស័យនេះ ហើយជនសង្ស័យខាងលើបានទៅប្រាប់ម្តាយមីង និងបងដែលស្នាក់ក្នុងបន្ទប់ជួលនោះថា រូបនាងជាសង្សារ ។
ប្រភពខាងលើបន្តថា រហូតដល់នៅព្រឹកកើតហេតុ ពេលដែលបង និងម្តាយមីងជនសង្ស័យចេញទៅធ្វើការរោងចក្រអស់ ជននេះធ្វើសកម្មភាពចាប់នាងរំលោភ តែត្រូវនាងរើបំរះ និងរត់ចេញពីក្នុងបន្ទប់ជួលនោះស្រែកឱ្យគេជួយបង្កការភ្ញាក់ផ្អើលតែម្តង។
ទោះបីជាយ៉ាងណា ជនសង្ស័យរួមទាំងនារីរងគ្រោះ ត្រូវបាននគរបាលបញ្ជូនទៅប៉ុស្តិ៍ចោមចៅ ដើម្បីធ្វើការសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅអធិការខណ្ឌពោធិ៍សែនជ័យដើម្បីចាត់ការតាមផ្លូវច្បាប់៕
...
ដោយ៖ សុខាសែនជ័យ