ខេត្តពោធិ៍សាត់៖ មនុស្សប្រុសស្រីញៀនល្បែងសុីសងអាប៉ោងចំនួន៤នាក់ រួមទាំងវត្ថុតាងនិងសម្ភារមួយចំនួនផងនោះ ត្រូវបានកម្លាំងនគរបាលជំនាញស្រុកក្រគរ សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលកំរ៉ែងធ្វើការបង្រ្កាប កាលពីវេលាម៉ោង៥និង៣០នាទីរសៀលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៦ ត្រង់ចំណុចផ្ទះទៀមគ្មានមនុស្សនៅ ស្ថិតក្នុងភូមិកំរ៉ែង ឃុំស្វាយស ស្រុកក្រគរ ខេត្តពោធិ៍សាត់។
លោកវេរសេនីយ៍ត្រី ម៉ោល សុទ្ធ អធិការរងនគរបាលស្រុកក្រគរដឹកនាំកម្លាំងនិងបញ្ជាផ្ទាល់បានឲ្យដឹងថា ក្នុងកិច្ចប្រតិបត្តិការខាងលើនេះ មានការសម្របសម្រួលឡើងដោយលោក តន់ សីហតេជ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ក្នុងនោះកម្លាំងអនុវត្តឃាត់ខ្លួនជនប្រុសស្រីចំនួន៤នាក់។
លោក អធិការរងបន្តថា អ្នកទាំង៤នាក់នោះទី១ឈ្មោះ ហ៊ុន សិលី ភេទស្រី អាយុ ៥០ឆ្នាំ ជនជាតិខ្មែរ ទី២ឈ្មោះ សេម តុលា ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ ទី៣ឈ្មោះ សុត ខុន ភេទស្រី អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ អ្នកទាំង៣នាក់បច្ចុប្បន្នរស់នៅភូមិកំរ៉ែង ឃុំស្វាយស ស្រុកក្រគរ ខេត្តពោធិ៍សាត់ និងទី៤ឈ្មោះ ហូយ សុគួន ភេទស្រី អាយុ ៣៧ឆ្នាំ ជនជាត់ខែ្មរ រស់នៅភូមិបឹងកំពក ឃុំចក្រី ស្រុកព្រះស្ដេច ខេត្តព្រៃវែង មកស្នាកនៅការដ្ឋានទី៦ក្រុមហ៊ុនដាំដំឡូងមី(អូរចាន់)។
លោកបន្តទៀតថា ក្នុងកិច្ចការបង្រ្កាបនេះដែរ កម្លាំងបានចាប់យកវត្ថុតាងសម្ភាររួមមាន៖ មេអាប៉ោង១ ចានបាញ់អាប៉ោង១ គំរបគ្របអាប៉ោង១ កំរាលក្រាលសម្រាប់លេង១ កន្ទេល១ លុយរៀលចំនួន ១២០០០,០០ កង់១គ្រឿង និងម៉ូតូម៉ាកវ៉េវអាល់ហ្វា១គ្រឿងផងដែរ។
លោកបញ្ជាក់បន្ថែមទៀតថា ចំពោះអ្នកញៀនល្បែងទាំង៤នាក់ត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកក្រគរ ដើម្បីធ្វើការអប់រំណែនាំ និងឲ្យបញ្ឈប់ការលេងល្បែងស៊ីងសងនេះបន្តទៀត៕
ដោយ៖ បឹុម ពិន