ប្រធានាធិបតីកូរ៉េខាងត្បូងលោកស្រីផាក គឿនហេ បានធ្វើការកែទម្រង់គណៈរដ្ឋមន្ត្រី ដោយក្នុងនោះបានផ្លាស់ប្តូរតំណែងនាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រីទទួលបន្ទុកសេដ្ឋកិច្ចនិង រដ្ឋមន្ត្រីទទួលបន្ទុកសន្តិសុខសុវត្ថិភាពពលរដ្ឋ។
នៅថ្ងៃទី២ ខែវិច្ឆិកា ការិយាល័យវិមានប្រធានាធិបតីកូរ៉េខាងត្បូងបានប្រកាសឲ្យដឹងថាប្រធានាធិបតីផាក គឿនហេ បានធ្វើ ការរុះរើគណៈរដ្ឋមន្ត្រីដោយផ្លាស់ប្តូរតំណែងនាយករដ្ឋមន្ត្រីផងដែរ ។ ការកែទម្រង់លើកនេះកើតឡើងចំពេលដែលស្ថានភាពនយោបាយនៅក្នុងប្រទេសធ្លាក់ក្នុងសភាពច្របូកច្របល់ដោយសារតែមិត្តភក្តិយូរឆ្នាំរបស់លោកស្រីប្រធានាធិបតីគឺលោកស្រី Choi Soon Sil ។
នៅក្នុងការកែទម្រង់នោះលោក Kim Byong Joon ត្រូវបានជ្រើសរើសធ្វើជានាយករដ្ឋមន្ត្រីថ្មី។ លោកគីម ធ្លាប់ជាអគ្គលេខាធិការរបស់អតីតប្រធានាធិបតី Roh Moo Hyun ។ ក្រៅពីនេះលោក Yim Jong yong ប្រធានគណៈកម្មាធិការសេវាកម្មហិរញ្ញវត្ថុត្រូវបានតែងតាំងធ្វើជាឧបនាយករដ្ឋមន្ត្រីទទួលបន្ទុកហិរញ្ញវត្ថុ ។ ក្រៅ ពីនេះនៅមានការផ្លាស់ប្តូរតំណែងជាច្រើនផ្សេងទៀត។
ប្រធានាធិបតីផាក គឿនហេ កំពុងប្រឈមនឹងរឿងអាស្រូវពីសុន្ទរកថានិងឯកសារមួយចំនួនទៅឲ្យលោកស្រី Choi ដែល ជាមិត្តភក្តិជាង៤០ឆ្នាំត្រួតពិនិត្យ ។ លោក ស្រី Choi រងមន្ទិលសង្ស័យថា បានប្រើប្រាស់ទំនាក់ទំនងដ៏ល្អនោះជ្រៀតជ្រែកចូលកិច្ចការប្រទេសជាតិ ក្នុងនោះមានបញ្ហាហិរញ្ញវត្ថុដែលជាចំណុចរសើបបំផុត ។
លោកស្រី Choi ក៏ត្រូវបានឃាត់ខ្លួនសួរនាំលើបញ្ហាខាងលើផងដែរ។ ប្រធានា ធិបតីផាក គឿនហេ កំពុងតែកាន់តំណែងឆ្នាំទី៤ក្នុងមួយអាណត្តិ៥ឆ្នាំ។ វិបត្តិនយោបាយខាងលើបានគំរាមកំហែងដល់ការកែទម្រង់នយោបាយក្នុងរយៈពេលចុងក្រោយនេះ ។ គណបក្សកាន់អំណាចព្រមទាំងក្រុមប្រឆាំងបានស្នើឲ្យបង្កើតរដ្ឋាភិបាលចម្រុះ៕
ប្រែសម្រួល៖ ម៉ែវ សាធី