ភ្នំពេញ៖ នាល្ងាចថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ ២០១៦កន្លងទៅ លោកខេស៊ី បាណេន អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជាបាន ឧត្ថម្ភដល់តំណាងប្រតិភូដឹកនាំកីឡាចំបាប់មកពីរាជធានី-ខេត្តដែលមកចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតកីឡាជាតិលើកទី១នេះម្នាក់ៗ ទទួលបានថវិកាចំនួន១៧៥ដុល្លារ ខណៈ ដែលថ្ងៃដដែលនោះប្រភេទកីឡាចំបាប់ក៏បានបំពាក់មេដាយដល់កីឡាករកីឡាការិនីទទួលបានជ័យលាភីជាបណ្តើៗហើយដែរ។
លោកធិន វិចិត្រ អគ្គលេខាធិការសហព័ន្ធកីឡាចំបាប់កម្ពុជាបានឲ្យដឹងថា ក្រោយពីធ្វើការប្រកួតអស់រយៈពេល២ថ្ងៃរួចមក កីឡាករកីឡាការិនីដែលដណ្តើមបាន មេដាយក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី១នេះ មានដូចជា ប្រភេទម្ងន់៥៥គីឡូក្រាម វិញ្ញាសាចំបាប់សម័យមេដាយមាសបានទៅលើកីឡាករ យន់ ប៊ុនណា មកពីខេត្ត កណ្តាល, មេដាយប្រាក់បានទៅកីឡាករ ម៉ុល រស្មី មកពីខេត្តពោធិ៍សាត់, មេដាយ សំរឹទ្ធិ និងសំរឹទ្ធិស្ទួនបានទៅកីឡា ចូ លាង មកពីខេត្តព្រៃវែង និងច្រា ប្រុស មកពីរាជ ធានីភ្នំពេញ។ ប្រភេទទម្ងន់៦០គីឡូក្រាម វិញ្ញាសាចំបាប់សម័យមេដាយមាសបានទៅកីឡាករ អេង ផានិត មកពីរាជធានី ភ្នំពេញ, មេដាយប្រាក់កីឡាករ រស់ ផល្លី មកពីខេត្តព្រៃវែងមេដាយសំរឹទ្ធិ និងសំរឹទ្ធិ ស្ទួនបានទៅលើកីឡាករ យ៉ិន យឿន មកពី ខេត្តកណ្តាល និងកីឡាករ សុខ រតនៈ មក ពីខេត្តកំពង់ឆ្នាំង។
ប្រភេទទម្ងន់៥៥គីឡូ ក្រាម វិញ្ញាសាចំបាប់បុរាណមេដាយមាសបានទៅកីឡាករធន ធី មកពីខេត្តពោធិ៍សាត់, មេដាយប្រាក់កីឡាករ យ៉ិន ភារ៉ាន់ មកពីខេត្តកំពង់ឆ្នាំងមេដាយសំរឹទ្ធិ និង សំរឹទ្ធិស្ទួនបានទៅលើកីឡាករ សឿន សុភាស មកពីរាជធានីភ្នំពេញនិងកីឡាករ ភឹម ភារ៉ូត មកពីខេត្តកណ្តាល។ ចំពោះ កីឡាចំបាប់ នឹងបន្តការប្រកួតទៀត នៅសៀលថ្ងៃទី៣និងគ្រោងបញ្ចប់នាថ្ងៃទី៤ខែវិច្ឆិកាឆ្នាំ២០១៦ដូចប្រភេទកីឡាដទៃទៀតដែរ ៕
ដោយ៖ សារីម