តុលាការ​បញ្ជូន​រឿង​ក្តី​លោក​ សម​ រង្ស៊ី​ ទៅ​បើក​សវនាការ​ តាម​បណ្តឹង​សម្តេច​តេជោ​

ចែករំលែក៖

ភ្នំពេញ៖រឿងក្តីលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ត្រូវបានបញ្ជូនទៅបើកសវនាការជំនុំជម្រះ បន្ទាប់ពីតុលាការបានចោទប្រកាន់លោកសម រង្ស៊ី ជាផ្លូវការចំនួនពីរបទល្មើស តាមបណ្តឹងមេធាវីតំណាងដោយអាណត្តិរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ។
កន្លងទៅ លោក គី តិច មេធាវីតំណាងដោយអាណត្តិរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី បានប្តឹងលោក សម រង្ស៊ី ពាក់ព័ន្ធករណីដែលលោក សម រង្ស៊ី បានចោទប្រកាន់រដ្ឋអំណាច ដែលសំដៅលើរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចតេជោ ថា ជាអ្នកនៅពីក្រោយខ្នងនៃអំពើឃាតកម្មលើលោកបណ្ឌិតកែម ឡី ។

ពាក់ព័ន្ធករណីនេះ លោក លី សុផាណា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ដែលកាន់សំណុំរឿងនេះ បានបញ្ជាក់កាលពីព្រលប់ថ្ងៃទី៣ ខែវិច្ឆិកា តាមបណ្ដាញសង្គម Telegram ថា លោកបានសម្រេចចោទប្រកាន់លោក សម រង្ស៊ី ចំនួនពីរបទល្មើស គឺ បទបរិហារកេរ្តិ៍ជាសាធារណៈ និង បទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍បង្កភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមមាត្រា៣០៥ មាត្រា៤៩៤ និង មាត្រា៤៩៥នៃក្រមព្រហ្មទណ្ឌ ។

លោក លី សុផាណា បញ្ជាក់ថា បច្ចុប្បន្នសំណុំរឿងនេះត្រូវបានបញ្ជូនទៅបើកសវនាការជំនុំជម្រះ ។ ប៉ុន្តែថ្ងៃជាក់លាក់នៃសវនាការនេះ ពុំទាន់ដឹងនៅឡើយទេ ។

គួរបញ្ជាក់ថា រឿងក្តីនេះ មេធាវីតំណាងសម្តេចតេជោ មិនមែនប្តឹងតែលោកសម រង្ស៊ី នោះទេ ពោលគឺក៏បានប្តឹងអ្នកស្រី ថាក់ ឡានី សមាជិកព្រឹទ្ធសភាគណបក្សសម រង្ស៊ី ផងដែរ ។ សំណុំរឿងអ្នកស្រី ថាក់ ឡានី នឹងត្រូវសាលាដំបូងរាជធានីភ្នំពេញ ប្រកាសសាលក្រមនារសៀលថ្ងៃទី១៧ ខែវិច្ឆិកា ខាងមុខនេះ ៕

...

ដោយ:ចេស្តា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print