តាមរបាយការណ៍របស់អង្គការអបរំវិទ្យាសាស្ត្រនិងវប្បធម៌របស់អង្គការសហប្រជាជាតិ UNESCO បានប្រកាសកាលពីថ្ងៃទី២ ខែវិច្ឆិកាថា ក្នុងរយៈពេល៤ថ្ងៃមានអ្នកសារព័ត៌មាន១រូបរងការសម្លាប់នៅលើពិភពលោកក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ។
ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះគឺចាប់ពីឆ្នាំ២០០៦ដល់ឆ្នាំ២០១៥ មានអ្នក សារព័ត៌មានសរុប៨២៧នាក់ស្លាប់ពេលកំពុងបំពេញការងារនៅជុំវិញពិភពលោក។តំបន់ដែលគ្រោះថ្នាក់បំផុតសម្រាប់អ្នកសារព័ត៌មានរួមមានប្រទេសក្នុងតំបន់អារ៉ាប់ និងស៊ីរី,អុីរ៉ាក់,យេម៉ែន និងលីប៊ីជាដើម ។ ក្រៅពីនេះនៅមានប្រទេសតំបន់អាមេរិកឡាទីនផងដែរ។
សារព័ត៌មាន AFP បានផ្សាយថា ក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះមានអ្នកសារព័ត៌មានរហូតដល់ទៅ៥៩ភាគរយរងការសម្លាប់។ សរុបអ្នកសារព័ត៌មាន២១៣ នាក់ស្លាប់នៅពីរឆ្នាំចុងក្រោយ ដោយសារតែសង្គ្រាមស៊ីវិលនិងសង្គ្រាមវាយប្រហារភេរវកម្មកាន់តែកើនឡើង។ ក្នុងចំណោមអ្នកស្លាប់មាន៧៨នាក់ស្ថិតនៅតំបន់អារ៉ាប់ ពេលកំពុងបំពេញការងារ។
តំបន់ផ្សេងទៀតមានដូចជាអឺរ៉ុបខាងលិច និងអាមេរិកខាងជើងមិនមានអ្នកសារព័ត៌មានណាមួយស្លាប់ឡើយក្នុងរយៈពេលពីនាំ ២០០៦ ដល់ ឆ្នាំ២០១៤ ប៉ុន្តែនៅពីរឆ្នាំចុងក្រោយនេះបែរជាមានអ្នកសា្លប់រហូតដល់ទៅ១១ករណី។
តាមរបាយការណ៍របស់ UNESCO បានបង្ហាញឲ្យឃើញថា អ្នកសារព័ត៌មាន ៩០ភាគរយបានស្លាប់នៅក្នុងប្រទេសរបស់ខ្លួន ចំណែកនៅបរទេសវិញមាន១៧នាក់ ក្នុងឆ្នាំ២០១៤។
អ្នកសារព័ត៌មានបុរសប្រឈមនឹងការស្លាប់ច្រើនជាងអ្នកសារព័ត៌មានស្ត្រីមូលហេតុដោយសារតែអ្នកសារព័ត៌មានបុរសបំពេញការងារក្នុងតំបន់គ្រោះថ្នាក់ជាងស្ត្រី។ ក្នុងអំឡុងឆ្នាំ២០១៤-២០១៥មានអ្នកសារព័ត៌មាន២១៣នាក់ស្លាប់ក្នុងនោះមានបុរស ១៩៥នាក់៕
ប្រែសម្រួល៖ ម៉ែវ សាធី