ភ្នំពេញ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ដឹកនាំដោយលោក សុខ ពេញវុធ អភិបាលរងខណ្ឌបានចុះសហការណ៍ជាមួយកម្លាំងមូលដ្ឋានចុះការងាររដ្ឋបាល នៅក្នុងមូលដ្ឋានសង្កាត់ផ្សារថ្មី៣ ស្ថិតក្នុងប្លុកតាន់ប៉ា តាមបណ្តោយផ្លូវលេខ៥១, ១៥៤, ៤៩, និង១៤៤ ភូមិ៦, ៧, ៨ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ កាលពីវេលាម៉ោង៩យប់ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៦ ដើម្បីបន្តបោសសំអាតក្រុមក្មេងញៀន ថ្នាំនិងជនអនាថានៅក្នុងមូលដ្ឋានកុំឲ្យប្រជាពលរដ្ឋមានការភ័យខ្លាចផងដែរ ។
លោកសុខ ពេញវុធ អភិបាលរងខណ្ឌដូនពេញបានឲ្យដឹងថា ដោយអនុវត្តតាមការណែនាំរបស់លោកអភិបាលខណ្ឌដូនពេញក្នុងការបន្តការបើកយុទ្ធការចុះធ្វើរដ្ឋបាលកន្លែងស្មុកស្មាញសម្បូរទៅការប្រើប្រាស់ថ្នាំញៀនក៏ដូចជាជនអនាមកពពាក់ពពូនបង្កភាពអនាធិបតេយ្យធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់នៅក្នុងមូលដ្ឋាននោះទើបនៅយប់ថ្ងៃទី៣ខែវិច្ឆិកានេះដែរ លោកបានដឹកនាំកម្លាំងសហការជាមួយកម្លាំងមូលដ្ឋានចុះប្រតិបត្តិការនៅប្លុកតាន់ប៉ានេះ ជាលទ្ធផលបានឃាត់ខ្លួន ជនអនាថា និងអ្នកប្រើប្រាស់ នូវសារធាតុញៀនចំនួន៨នាក់ បញ្ជូនទៅសាលាខណ្ឌដូនពេញដើម្បីចាត់ការបន្ត។
បន្ទាប់មកនៅវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃខែឆ្នាំដដែល កម្លាំងគណៈបញ្ជាការឯកភាពបានបន្តចុះរដ្ឋបាលនៅខាងមុខក្រុមប្រឹក្សាអភិវឌ្ឍន៍ជនបទ(EDC) និងមកប្លុកកាសាបន្តទៀត។
លទ្ធផលប្រមូលបានស្ត្រីរកសុីផ្លូវភេទចំនួន១០នាក់បន្ថែមទៀតបញ្ជូនមកសាលាខណ្ឌដូនពេញ សរុបទាំង៣គោលដៅ ឃាត់ខ្លួនបានចំនួន១៨នាក់ ស្រី៩នាក់ ដើម្បីបញ្ជូនទៅអប់រំនៅមន្ទីរសង្គមកិច្ច៕
ដោយ៖ ស តារា